(ភ្នំពេញ)៖ លោក វេង សាខុន ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ និងគណៈប្រតិភូ នារសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨នេះ បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគី ជាមួយ លោក ម៉ា អៃហ្គូ (H.E Ma Aiguo) អនុរដ្ឋមន្រ្តីកសិកម្ម និងកិច្ចការជនបទ នៃសាធារណរដ្ឋប្រជាមានិតចិន។
ក្នុងជំនួបនោះ លោករដ្ឋមន្រ្តី វេង សាខុន បានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ដែលតែងតែផ្តល់ការគាំទ្រ និងជាដៃគូមួយដ៏ល្អ ក្នុងការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចកម្ពុជា។ ជាក់ស្តែងហេដ្ឋរចនាសម្ព័ន្ធដឹកជញ្ជូន វារីអគ្គិសនី និងប្រព័ន្ធស្រោចស្រពជាដើម ដែលមិត្តចិនបានផ្តល់ការគាំទ្រ។
ជាមួយគ្នានេះ មិត្តចិត្ត ក៏បានចូលរួមចំណែក ក្នុងគាំទ្រដល់ដំណើរការ នៃការអភិវឌ្ឍន៍វិស័យកសិកម្ម នៅកម្ពុជាផងដែរ ក្នុងនោះវិស័យឯកជនមួយចំនួន ក៏បាននិងកំពុងបោះទុនវិនិយោគលើការដាំដុះ ក៏ដូចជាការកែច្នៃ ផលិតផលកសិកម្មនៅកម្ពុជាផងដែរ។
លោករដ្ឋមន្រ្តី បានលើកឡើង នូវសំណើមួយចំនួនដល់ភាគីចិន ក្នុងការជួយគាំទ្រ ដល់ការផលិតពូជស្រូវហាយប្រីដ ដើម្បីបង្កើនផលិតភាពផលិតកម្មស្រូវ នៅកម្ពុជា ព្រមទាំងស្នើឲ្យភាគី ពិនិត្យពិចារណា ក្នុងការគាំទ្រ ដល់ហេដ្ឋារចនាសម្ព័ន្ធ និងនីតិវិធីក្នុងការដាំដុះ ដែលលក្ខណៈឆ្លើយតប ទៅនឹងលក្ខខណ្ឌតម្រូវរបស់ភាគីចិន ដើម្បីកម្ពុជាអាចធ្វើការនាំចេញដំណាំហូបផ្លែមួយចំនួន ទៅកាន់ទីផ្សារចិន ដូចជា៖ ស្វាយ និងស្រកានាគជាដើម។
ជាមួយគ្នានោះ លោករដ្ឋមន្រ្តី វេង សាខុន ក៏បានស្នើឲ្យភាគីចិន គាំទ្រដល់អនុវិស័យជលផលនៅកម្ពុជា ជាពិសេសការធ្វើវារីវប្បកម្មទឹកសាប ដែលមានលក្ខណៈទំនើប សម្រាប់ជំរុញការនាំចេញផលិតផលជលផល ទៅកាន់ទីផ្សារអន្តរជាតិ។
លើសពីនេះ លោករដ្ឋមន្រ្តី បានស្នើដល់ភាគីចិន ផ្តល់ការគាំទ្រនូវឧបករណ៍វិភាគគុណភាពសាច់សត្វ និងសុខភាពសត្វដល់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីកម្ពុជាអាចមានលទ្ធផល ក្នុងការពង្រឹង ផ្នែកសុវត្ថិភាពចំណីអាហារ។
បន្ថែមពីនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា បាននឹងកំពុងដំណើរសិក្សាផែនការ ទំនើបកម្មកសិកម្មនៅកម្ពុជា ជាមួយក្រសួងកសិកម្ម និងកិច្ចការជនបទចិន ហើយសង្ឃឹមថា តាមរយៈជំនួបនេះ លោក ម៉ា អៃហ្គូ នឹងជួយជំរុញ ការអនុវត្តគម្រោងនេះ បន្តដំណើរការបានឆាប់រហ័ស។
ជាការឆ្លើយតប លោក ម៉ា អៃហ្គូ បានថ្លែងថា ក្រសួងកសិកម្ម និងកិច្ចការជនបទចិន នឹងសហការជាមួយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន័កសិកម្មចិន ក្នុងការគាំទ្រដល់ការផលិតពូជប្រភេទហាយប្រីដ ដល់កម្ពុជា ព្រោះបច្ចុប្បន្នវិទ្យាស្ថាន បានផលិតនូវប្រភេទពូជហាយប្រីដ ជាច្រើនដែលមានភាពសមស្រប ក្នុងការដាំដុះនៅកម្ពុជា។
លោក ម៉ា អៃហ្គូ ក៏បានគាំទ្រដល់ការចែករំលែក នូវបទពិសោធន៍ដល់កម្ពុជា ពាក់ព័ន្ធការគ្រប់គ្រងសុខភាពសត្វ និងអនាម័យសត្វ តាមរយៈការគាំទ្រផ្នែកបណ្តុះបណ្តាលសមត្ថភាពមន្រ្តី។ លោក ក៏បានសន្យាថា នឹងជំរុញដល់អ្នកវិនិយោគទុនចិន ឲ្យមកធ្វើការបោះទុនវិនិយោគ លើវិស័យកសិកម្មនៅកម្ពុជាបន្ថែមទៀត ហើយភាគីចិន ក៏សូមស្វាគមន៍នូវផលិតផលកសិកម្មកម្ពុជា ដែលមានបំណង នាំមកប្រទេសចិនផងដែរ។
លោកបានបញ្ជាក់ទៀតថា ចំពោះដំណើរការ នៃការរៀបចំផែនការ ទំនើបកម្មកសិកម្មនៅកម្ពុជា លោកនឹងជួយជំរុញឲ្យនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ បន្តពន្លឿននៃការអនុវត្ត និងតាមដានជាប្រចាំនូវវឌ្ឍនៈភាព នៃការអនុវត្តគម្រោងនេះ៕