(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅវេលាម៉ោង១ និង១៥នាទី រសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨នេះ បានដឹកនាំគណៈប្រតិភូត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយ បន្ទាប់ពីបានបញ្ចប់បេសកកម្មការងាររយៈពេល៧ថ្ងៃ ប្រកបដោយជោគជ័យលើកទឹកដីនៃប្រទេសជប៉ុន និងឥណ្ឌូនេស៊ី។
សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូចេញទៅកាន់ប្រទេសជប៉ុនកាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៨កន្លងទៅនេះ ដោយហោះត្រង់ទៅកាន់ទីក្រុងតូក្យូ ប្រទេសជប៉ុន ដើម្បីបំពេញទស្សនកិច្ចផង និងចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុនលើកទី១០ផង តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីន ហ៊្សូអាបេ។
បន្ទាប់ពីបញ្ចប់ពីបញ្ចប់បេសកកម្មការងាររយៈពេល៥ថ្ងៃនៅប្រទេសជប៉ុន សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ ក៏បានដឹកនាំគណៈប្រតិភូហោះត្រង់មកកាន់កោះបាលី ប្រទេសឥណ្ឌូនេស៊ីតែម្តង ដើម្បីចូលរួមកិច្ចប្រជុំពេញអង្គប្រចាំឆ្នាំរបស់ក្រុមប្រឹក្សាអភិបាលនៃមូលនិធិរូបវត្ថុអន្តរជាតិ និងធនាគារពិភពលោក ក្រោមមូលបទ «ការសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាព និងការកាត់បន្ថយគម្លាតនៃការអភិវឌ្ឍ តាមរយៈសកម្មភាពកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងសកល»។
ក្នុងដំណើរទស្សនកិច្ចនៅប្រទេសជប៉ុន សម្តេចតេជោ ហ៊ុន សែន បានជួបពិភាក្សាទ្វេភាគីជាមួយលោក ស៊ីនហ្សូ អាបេ។ នាយករដ្ឋមន្រ្តីទាំងពីរ បានធ្វើការកត់សម្គាល់ដោយពេញចិត្តយ៉ាងខ្លាំងនូវវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ជាពិសេស បន្ទាប់ពីប្រទេសទាំងពីរបានលើកកម្ពស់កិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរទៅដល់កម្រិតភាពជាដៃគូយុទ្ធសាស្រ្តនៅឆ្នាំ២០១៣។
សម្តេចតេជោនាយករដ្ឋមន្រ្តី បានអញ្ជើញលោក ស៊ីនហ្សូ អាបេ មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។ ជាការឆ្លើយតប លោកនាយករដ្ឋមន្រ្តី ស៊ីនហ្សូ អាបេ បានទទួលយកការអញ្ជើញនេះដោយក្តីរីករាយ និងជម្រាបជូនថា លោកនឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជាតាមពេលវេលាសមស្រប។
ក្នុងអំឡុងពេលស្នាក់នៅប្រទេសជប៉ុន សម្តេចតេជោនាយករដ្ឋមន្រ្តី បានអញ្ជើញទៅធ្វើទស្សនកិច្ច នៅកំពង់ផែកុងតឺណឺរ និងមជ្ឈមណ្ឌលសំអាតទឹកអារីយ៉ាកេ ទីក្រុងយូកូហាម៉ា ដែលក្នុងឱកាសនោះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានកោតសរសើរពីសារៈសំខាន់ជាយុទ្ធសាស្រ្ត ក្នុងការជួយធ្វើទំនើបកម្មសេដ្ឋកិច្ចជប៉ុន។ សម្តេចតេជោ ក៏បានជម្រុញឲ្យស្ថាប័នទាំងពីរនេះបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដែលមានជាអាទិ៍ខេត្តព្រះសីហនុ ។
សម្តេចតេជោនាយករដ្ឋមន្រ្តី បានទទួលជំនួបសម្តែងការគួរសមដាច់ដោយឡែកពីគ្នា ដោយលោក ម៉ាសាហ៊ីរុ អ៊ីម៉ាមូរ៉ា (Masahiro Imamura) ប្រធានសមាគមមិត្តភាពសភាជប៉ុន-កម្ពុជា លោក ហ៊ីរ៉ូយូគី អ៊ីស៊ីហ្គេ (Hiroyuki Ishige) ប្រធាន និងជានាយកប្រតិបត្តិJETRO លោក ណូប៊ូអាគី គីតាម៉ូរី (Nobuaki Kitamori) តំណាងក្រុមហ៊ុនមីស៊ុអ៊ី (Mitsui Co., Ltd) និងលោក ហ្វ៊ូមីអាគី តាកាហាស៊ី (Fumiaki Takahashi) អតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងជាប្រធានសមាគមជប៉ុន-កម្ពជា។ កិច្ចពិភាក្សាទាំងអស់ផ្តោតជាសំខាន់ទៅលើការជម្រុញកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងវប្បធម៌ រួមទាំងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរផងដែរ។
សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានឆ្លៀតឱកាសជួបសំណេះសំណាលជាមួយសហគមន៍ និងនិស្សិតកម្ពុជាដែលកំពុងរស់នៅនិងសិក្សានៅក្នុងប្រទេសជប៉ុន ដោយបានជម្រាបជូនអំពីវឌ្ឍនភាពថ្មីៗ នៃសភាពការណ៍កម្ពុជាបច្ចុប្បន្ន ស្ថិតក្នុងបរិយាកាសស្និទ្ធស្នាល និងកក់ក្តៅ។ ជាពិសេសក្នុងកិច្ចសំណេះសំណាលនោះ ប្រសាសន៍ដ៏មានអត្ថន័យ និងធ្វើឲ្យមានការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋខ្មែរ គឺការបង្ហាញជំហរដ៏ម៉ឹងម៉ាត់របស់សម្តេចក្នុងការការពារអធិបតេយ្យរបស់ជាតិ ដោយមិនចុះញមចំពោះការគំរាម ឬយកអធិបតេយ្យជាតិទៅដូរនឹងជំនួយរបស់បរទេសនោះឡើយ។
ខាងក្រោមនេះ គឺជាព័ត៌មានសំខាន់ៗរបស់សម្តេចតេជោ ពេលបំពេញទស្សនកិច្ចនៅជប៉ុន និងឥណ្ឌូនេស៊ី៖
- សម្តេចតេជោ ហ៊ុន សែន និងមេដឹកនាំអាស៊ាន ចាប់ផ្តើមជំនួបរបស់ខ្លួន នៅកោះបាលី សាធារណរដ្ឋឥណ្ឌូនេស៊ី
- សម្តេចតេជោ ហ៊ុន សែន ប្រាប់ធុរកិច្ចជនជប៉ុនថា កម្ពុជាស្វាគមន៍រាល់ការវិនិយោគរបស់ជប៉ុន
- សម្តេចតេជោ ហ៊ុន សែន ប្រាប់ធុរកិច្ចជនជប៉ុនថា ប្រទេសមេគង្គមានសក្តានុពលវិនិយោគខ្ពស់
- សម្តេចតេជោ ហ៊ុន សែន និងមេដឹកនាំមេគង្គ-ជប៉ុន ចាប់ផ្តើមបើកកិច្ចប្រជុំកំពូលលើកទី១០
- នាយករដ្ឋមន្រ្តីជប៉ុន រៀបចំពិធីលៀងសាយភោជន៍ ជូនបណ្តាមេដឹកនាំនៃប្រទេសមេគង្គ
- ប្រធានអង្គការពាណិជ្ជកម្មក្រៅប្រទេសរបស់ជប៉ុន កោតសរសើរកម្ពុជាថា ជាប្រទេសដែលមានបរិយាកាសវិនិយោគល្អ
- សម្តេចតេជោ ហ៊ុន សែន អញ្ជើញទស្សនាមជ្ឈមណ្ឌលសំអាតទឹកលូ ក្នុងទីក្រុងតូក្យូ