(បាត់ដំបង)៖ នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ សាខាពន្ធដារខេត្តបាត់ដំបង បានបើកកិច្ចជុំពិភាក្សាកែសម្រួលពង្រាងតម្លៃពន្ធអចលនវត្ថុ ដើម្បីជាមូលដ្ឋានគិតលើពន្ធប្រថាប់ត្រា នៃការផ្ទេរកម្មសិទ្ធិអចលនវត្ថុ (ដីធ្លី) ក្នុងក្រុងបាត់ដំបង ក្រោមអធិបតីភាពលោក ងួន រតនៈ អភិបាលខេត្ត និងមានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត, ប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត, មន្រ្តីសាលាខេត្តពាក់ព័ន្ធ, អភិបាលក្រុង ស្រុកទាំងអស់ មេឃុំ ចៅសង្កាត់ និងមន្រ្តីជំនាញសាខាពន្ធដារខេត្តជាច្រើនរូបទៀត។
នៅក្នុងកិច្ចប្រជុំនោះដែរ លោក ហេង ជំនិត ប្រធានសាខាពន្ធដារខេត្ត បានជម្រាបជូនដល់អង្គពិធីដោយបានបញ្ជាក់ពីគោលបំណងនៃកិច្ចប្រជុំថា កន្លងមកការកំណត់តម្លៃបង់ពន្ធប្រថាប់ត្រា ត្រូវធ្វើឡើង៤ឆ្នាំម្តង ដោយគិតពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៨ និងបន្តអណត្តិថ្មីគិតចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២២ ដែលមានការកែប្រែតម្លៃថ្មី ក្នុងការបង់ពន្ធប្រថាបើត្រាផ្ទេរកម្មសិទ្ធិដីធ្លី ក្នុងដែនដីនៅតាមបណ្តាស្រុកនានា ពិសេសក្រុងបាត់ដំបង។
នៅក្នុងឱកាសនោះ មន្រ្តីជំនាញបានធ្វើបទបញ្ហាញតាមរយៈស្លាយ និងមានកំនត់ការយកពន្ធប្រថាប់ត្រាទៅតាមទីតាំងនានា មានតម្លៃខុសគ្នា ដោយកន្លែងខ្លះមានតម្លៃនៅដដែល កន្លែងខ្លះតម្លើងកែប្រែតម្លៃខ្ពស់ជាងមុនពី៥០ទៅ១០០ដុល្លារ។ កិច្ចពិភាក្សាថ្ងៃនេះ គឺទៅលើតែពន្ធប្រថាប់ត្រាក្នុងការទិញលក់កាត់ឈ្មោះប៉ុណ្ណោះ ដោយមិនមានការប៉ះពាល់លើការបង់ពន្ធ អចលនទ្រព្យប្រចាំឆ្នាំអ្វីឡើយ។
ក្នុងកិច្ចពិភាក្សាគ្នានេះ សមាជិកអង្គប្រជុំបានបញ្ចេញមតិ យោបល់ និងសំណូមពរមួយចំនួនដល់មន្រ្តីជំនាញថា កន្លែងខ្លះមិនគួរដាក់ទេ កន្លែងខ្លះគួបន្ថយតម្លៃបង់ពន្ធប្រថាប់ត្រានេះឱនៅទាប ឬឡើងតិចតួចបានហើយ ព្រោះវាធ្វើឱប៉ះពាល់ផលប្រយោជន៍ប្រជាពលរដ្ឋក្រីក្រមួយចំនួនផង។
លោក ងួន រតនៈ បានធ្វើការបូកសរុបកិច្ចប្រជុំពិភាក្សានេះថា ថ្នាក់ដឹកនាំស្ថាប័នរដ្ឋមកពីគ្រប់ជំនាញថា មុនធ្វើការសម្រេចចិត្តនិងមានការឯកភាពគ្នា ទៅតាមចំណុចនីមួយៗ ត្រូវពិចារណារឱបានច្បាស់លាស់ ព្រោះការប្រមូលពន្ធគឺជាការតព្វកិច្ចរបស់ស្ថាបប័នជំនាញ ហើយក៏ដូចជាការតព្វកិច្ចរបស់អ្នកបង់ពន្ធដែរដើម្បីប្រមូលថវិកាចូលរដ្ឋ តែក៏ត្រូវជៀសវាងករណីខ្លះ មិនត្រូវធ្វើឲ្យអាចទទួលយកបានផង កុំមានការតវ៉ាពីប្រជាពលរដ្ឋលើបញ្ហានេះនៅពេលចាប់ផ្តើមចុះអនុវត្ត។
លោក ងួន រតនៈ បានបញ្ជាក់ថា អាជ្ញាធរពាក់ព័ន្ធទាំងអស់ក្រោយពីមានការឯកភាពគ្នាហើយត្រូវយកទៅផ្សព្វផ្សាយជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួនឳ្យគាត់បានយល់ច្បាស់ កុំឳ្យមានការភ័នច្រឡំខុសពីខ្លឹមសារដែលយើងបានជម្រាបជូនពួកគាត់បានយល់ច្បាស់ស្របទៅតាមច្បាប់កំណត់ផងដែរ៕