(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម មេបញ្ជាការ បញ្ជាការដ្ឋានវិស្វកម្ម ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះជំហរដ៏ម៉ឹងម៉ាត់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការការពារអធិបតេយ្យ ឯករាជ្យ ព្រមទាំងសុខសន្តិភាពរបស់កម្ពុជា ដោយមិនឱនលំទោនចំពោះការគំរាមកំហែង ឬព្រមានពីបរទេសណាមួយនោះ។
ការចេញមកប្រកាសគាំទ្ររបស់នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម បានធ្វើឡើងក្រោយពេលសម្តេចតេជោ ហ៊ុន សែន ក្នុងជំនួបសំណេះសំណាលជាមួយនិស្សិត និងប្រជាពលរដ្ឋនៅក្នុងប្រទេសជប៉ុន កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៨កន្លងទៅ ក្នុងអំឡុងពេលសម្តេចតេជោ អញ្ជើញបំពេញទស្សនកិច្ចនៅក្នុងប្រទេសជប៉ុន បានប្រកាសរក្សាជំហរយ៉ាងម៉ឹងម៉ាត់បំផុតក្នុងការរក្សាអធិបតេយ្យ និងឯករាជ្យរបស់កម្ពុជា ដោយមិនអនុញ្ញាតឲ្យបរទេសណាមកជាន់ឈ្លី ជាថ្នូរនឹងជំនួយ ឬការព្រមានណាមួយនោះឡើយ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការឱនក្បាលចំពោះបរទេសមួយដង នឹងមានមានការឱនក្បាលជាបន្តបន្ទាប់មិនអាចងើបរួចនោះឡើយ ហើយការឱក្បាលចំពោះបរទេសជាថ្នូរសម្រាប់ជំនួយ ឬជាថ្នូរនឹងអ្វីមួយនោះ គឺជាការបំផ្លាញនូវអធិបតេយ្យ និងឯករាជ្យជាតិរបស់កម្ពុជាផងដែរ។ ក្នុងនាមជាអ្នកទទួលខុសត្រូវខ្ពស់ចំពោះជោគវាសនាប្រទេសជាតិតាំងពីក្រោយរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នោះ សម្តេចតេជោ បានអះអាងថា សម្តេចនឹងមិនធ្វើទង្វើឱនក្បាលចំពោះបរទេសជាថ្នូរនឹងអ្វីមួយនោះឡើយ។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់យ៉ាងដូច្នេះ «ខ្ញុំនិយាយហើយនិយាយទៀតកុំយកអធិបតេយ្យជាតិទៅដូរជាមួយជំនួយ កុំយកសន្តិភាពរបស់ប្រទេសទៅដូរជាមួយជំនួយ។ ឥឡូវចង់នរណាចាត់ការកម្ពុជាតាមវិធីណាចាត់ការចុះ ប៉ុន្តែកម្ពុជាត្រូវរឹងមាំចំពោះគោលការណ៍ការពារអធិបតេយ្យ ឯករាជ្យជាតិរបស់ខ្លួន។ បើកម្ពុជាអនុវត្តន៍ច្បាប់កម្ពុជាមិនបានផង ចាំបាច់ទៅធ្វើកម្ពុជាធ្វើអី ចាំបាច់ធ្វើប្រទេសមួយធ្វើអី»។
ក្នុងញត្តិគាំទ្ររបស់បញ្ជាការដ្ឋានវិស្វកម្ម ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨នេះ នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម បានលើកឡើងថា ការបង្ហាញជំហរដ៏ម៉ឹងម៉ាត់របស់សម្តេចតេជោ ហ៊ុន សែន គឺជាវីរភាពស្នេហាជាតិដ៏អង់អាចក្លាហានបំផុត និងមានលក្ខណៈជាប្រវត្តិសាស្ត្រ សម្រាប់ប្រជាជាតិខ្មែរទាំងមូល និងបានធ្វើឡើងយ៉ាងត្រឹមត្រូវបំផុត ស្របទៅតាមបទប្បញ្ញត្តិជាធរមាននៃរដ្ឋធម្មនុញ្ញរបស់កម្ពុជា។
តាមរយៈញត្តិគាំទ្រនេះ នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម បានប្រកាសប្តេជ្ញាអនុវត្តនូវអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន យ៉ាងម៉ឹងម៉ាត់ និងប្តេជ្ញាលះបង់គ្រប់បែបយ៉ាង ដើម្បីការពារដាច់ខាតនូវឯករាជ្យភាព សន្តិភាព អធិបតេយ្យ បូរណភាពទឹកដី និងផលប្រយោជន៍របស់ជាតិកម្ពុជា។
នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម និងកងទ័ពនៃបញ្ជាការដ្ឋានវិស្វកម្ម ក៏បានប្រកាសមិនគាំទ្រជាដាច់ខាត ចំពោះគោលជំហររបស់បុគ្គលមួយចំនួន មាននិន្នាការផ្ទុយ ដែលព្រមឱនក្បាលដាក់បរទេស ដើម្បីជាលេសលូកដៃកកូរកកាយជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជាដែលជារដ្ឋអធិបតេយ្យ៕