(ភ្នំពេញ)៖ សភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) បានចេញញត្តិគាំទ្រមួយពេញទំហឹង ចំពោះជំហរម៉ឺងម៉ាត់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការការពារអធិបតេយ្យជាតិ ឯករាជ្យជាតិ និងសន្តិភាព ដោយមិនចុះញមជាមួយបរទេសព្រោះតែជំនួយ ឬការគំរាមសម្លុតណាមួយនោះ។
លិខិតរបស់សភាសម្ព័ន្ធសហជីពជាតិកម្ពុជា ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ សមាជិក សមាជិកា សភាសម្ព័ន្ធសហជីពជាតិកម្ពុជា ជាង៤៥ម៉ឺននាក់ នៅទូទាំងប្រទេស សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានថ្លែងនៅក្នុងឱកាស ជួបសំណេះសំណាលជាមួយ សហគមន៍និស្សិត និងកម្មសិក្សាការីខ្មែរ នៅប្រទេសជប៉ុន កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៨ អំពីការមិនដោះដូរអធិបតេយ្យជាតិជាមួយបរទេស និងមិនយកសុខសន្តិភាព របស់ប្រទេស ទៅដោះដូរជាមួយជំនួយ។ មិនតែប៉ុណ្ណោះប្រមុខរាជរដ្ឋាភិបាលក៏បានបញ្ជាក់ជំហររឹងមាំ យ៉ាងច្បាស់ថា កម្ពុជាត្រូវការរស់ងើបឈរឡើងដើម្បីការពារ ឯករាជ្យ អធិបតេយ្យ និងសន្តិភពរបស់ប្រទេស ។
នៅក្នុងញ្ញាតិគាំទ្ររបស់សភាសម្ព័ន្ធសហជីពជាតិកម្ពុជា បានបញ្ជាក់ទៀតថា យើងខ្ញុំទាំងអស់គ្នាសូមប្រកាស ប្រឆាំងដាច់ខាត ចំពោះគោលជំហររបស់បុគ្គលមួយចំនួនដែលមាននិន្នាការផ្ទុយដែល ព្រមអោនក្បាល ដាក់បរទេស ដើម្បីជំនួយណាមួយ ហើយជាលេសលូកដៃកកូរកកាយ ជ្រៀតជ្រៀកមកក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជាដែលជារដ្ឋអធិបតេយ្យ និងឯករាជ្យ៕