(សៀមរាប)៖ ឆ្លងកាត់ជីវិតសិក្សា ក៏ដូចជាបទពិសោធន៍ការងារផ្នែកបុរាណវិទ្យា និងការស្រាវជ្រាវជាមួយស្ថាប័នជាតិ-អន្តរជាតិជាង២០ឆ្នាំមកនោះ លោក អ៊ា ដារិទ្ធ ដែលបច្ចុប្បន្នមានតួនាទីជាអនុប្រធានមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ នៃអាជ្ញាធរជាតិអប្សរា ត្រូវបានសាកលវិទ្យាល័យ CORNELL នៃសហរដ្ឋអាមេរិក អញ្ជើញឱ្យទៅសហការបង្រៀនជាមួយសាស្ត្រាចារ្យ Kaja McGowan រយៈពេល១ឆមាស ចាប់ពីថ្ងៃទី១ សីហា ដល់២៤ ធ្នូ ឆ្នាំ២០១៨។
មុខវិជ្ជាដែលបង្រៀននៅទីនោះ គឺពាក់ព័ន្ធអំពី «ទឹក៖ សិល្បៈ និងនយោបាយនៅតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍»។ ខ្លឹមសារសំខាន់នៃមេរៀននោះ គឺបង្ហាញអំពីនយោបាយគ្រប់គ្រងទឹក នៃអរិយធម៌អង្គរ និងសារសំខាន់នៃទឹកក្នុងជំនឿសាសនា ពិសេសទឹកអម្រឹតនៅក្នុងទេវកថា «កូរសមុទ្រទឹកដោះ»។
លោកក៏បានបង្រៀនប្រវត្តិសាស្ត្រខ្មែរសង្ខេប តាំងពីសម័យនគរភ្នំរហូតដល់សម័យបច្ចុប្បន្ន កុលាលភាជន៍ខ្មែរ ការចុះបញ្ជីបេតិកភណ្ឌពិភពលោកអង្គរ និងការគ្រប់គ្រងបេតិកភណ្ឌអង្គរដោយអាជ្ញាធរជាតិអប្សរា។ លើសពីនេះ លោកក៏បានចូលរួមផ្សព្វផ្សាយអំពីការរៀនភាសាខ្មែរ និងអំពាវនាវឱ្យនិស្សិតអន្តរជាតិចាប់អារម្មណ៍ពីប្រទេសខ្មែរ ទាំងផ្នែកបុរាណដ្ឋាន និងប្រវត្តិសាស្រ្តផងដែរ។
ក្រៅពីការបង្រៀន លោក អ៊ា ដារិទ្ធ ក៏បានសិក្សាអំពីរបៀបចុះបញ្ជីវត្ថុបុរាណ ការតាំងពិព័រណ៍វត្ថុសិល្បៈ ការស្តាប់ និងការបង្ហាញផ្សេងៗ ស្រាវជ្រាវឯកសារផ្សេងៗនៅបណ្ណាល័យ និងធ្វើបទបង្ហាញសាធារណៈនៅសាកលវិទ្យាល័យ Wisconsin, Northern Illinois University, និង Yale University។
អស់រយៈពេលជិត២០ឆ្នាំ ក្នុងនាមជាមន្ត្រីអាជ្ញាធរជាតិអប្សរា លោក អ៊ា ដារិទ្ធ បានលើកឡើងថា នេះជាលើកទី១ហើយដែលអាជ្ញាធរជាតិអប្សរា បានបញ្ជូនមន្ត្រីជំនាញឱ្យចេញទៅបង្រៀននិស្សិតអន្តរជាតិនៅបរទេសរយៈពេលវែង។
លោកបានបន្តថា នេះជាមោទកភាពណាស់សម្រាប់រូបលោក ក៏ដូចជាស្ថាប័នអាជ្ញាធរជាតិអប្សរា ដែលបានចែករំលែកបទពិសោធន៍ការងារគ្រប់គ្រងបេតិកភណ្ឌអង្គរ រយៈពេល២៥ឆ្នាំ ដល់និស្សិតអន្តរជាតិនៅសហរដ្ឋអាមេរិក ជាពិសេសលោកមានភាពសប្បាយរីករាយ ដែលបានផ្សព្វផ្សាយវប្បធម៌អរិយធម៌ខ្មែរដល់និស្សិតនៅសាកលវិទ្យាល័យ CORNELL ហើយសង្ឃឹមថានឹងមានមន្ត្រីអាជ្ញាធរជាតិអប្សរាផ្សេងៗទៀត ទៅចែករំលែកចំណេះដឹងដល់និស្សិតអន្តរជាតិកាន់តែច្រើននាអនាគត។
ទាក់ទងនឹងការសិក្សា លោក អ៊ា ដារិទ្ធ បានបញ្ចប់ថ្នាក់បរិញ្ញាបត្របុរាណវិទ្យា នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ នាឆ្នាំ១៩៩៥ ថ្នាក់អនុបណ្ឌិតនៅសាកលវិទ្យាល័យ Kyoto នៅឆ្នាំ២០០០ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Osaka Ohtani នៃប្រទេសជប៉ុន នាឆ្នាំ២០១០។
លោកបានបំពេញការងារនៅស្ថាប័នអាជ្ញាធរជាតិអប្សរា ចាប់ពីឆ្នាំ២០០០មក ហើយជាសាស្ត្រាចារ្យនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ មហាវិទ្យាល័យបុរាណវិទ្យាលើមុខវិជ្ជាប្រវត្តិកុលាលភាជន៍ខ្មែរ។ បន្ថែមពីនោះ លោកក៏ជាសាស្ត្រាចារ្យបង្រៀនពីប្រវត្តិសាស្ត្រខ្មែរ និងអរិយធម៌ពិភពលោកនៅសាកលវិទ្យាល័យបញ្ញាស្ត្រក្នុងខេត្តសៀមរាប។
នៅឆ្នាំ២០០៤ លោកបានទទួលអាហារូបករណ៍ពី Asian Cultural Council, USA ដើម្បីសិក្សាអំពីរបៀបគ្រប់គ្រងវត្ថុបុរាណ ដែលបានពីកំណាយរហូតដល់អភិរក្សនៅ Arizona State University, Freer/Sackler Galleries (Smithsonian) និង University of Pennsylvania Museum of Archaeology and Anthropology។
ក្នុងនាមជាអ្នកជំនាញលើផ្នែកស្រាវជ្រាវកុលាលភាជន៍ខ្មែរសម័យអង្គរ លោក ដារិទ្ធ ក៏ធ្លាប់បានវិទ្យាស្ថាន Nalanda Sriwijaya នៃប្រទេសសិង្ហបុរី អញ្ជើញឱ្យទៅស្រាវជ្រាវ និងសរសេរសៀវភៅអំពីប្រាសាទអង្គរវត្ត កាលពីឆ្នាំ២០១៤ និង២០១៥។ មិនតែប៉ុណ្ណោះ លោកក៏ជាសហប្រធាននៃគម្រោងស្រាវជ្រាវ Field school សហការជាមួយសិង្ហបុរីនៅកោះកេរ និងនៅតំបន់អង្គរជាច្រើនលើកផងដែរ៕