(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានប្ដេជ្ញាចិត្តរក្សានូវវប្បធម៌មួយឲ្យបាន ដោយមិនចុះហត្ថលេខាឲ្យរាល់កងកម្លាំង នគរបាលរូបណា ដែលបានស្នើសុំផ្ទេរចេញពីរដ្ឋបាលប៉ុស្ដិ៍ និងអធិការដ្ឋានខណ្ឌ ទៅបម្រើការងារនៅតាមក្រសួង ឬតាបណ្ដាស្ថាប័នផ្សេងៗឡើយ លុះត្រាតែមានករណីចាំបាច់កើតឡើង ដូចជាទីតាំងកន្លែងធ្វើការងារនៅក្បែរផ្ទះ ឬឪពុក-ម្ដាយក្រុមគ្រួសារមានជម្ងឺត្រូវមើលថែតែប៉ុណ្ណោះ។
លោកឧត្តមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានថ្លែងបញ្ជាក់ការប្ដជ្ញាចិត្តរបស់លោកយ៉ាងដូច្នេះ ដោយសារតែមួយរយៈកាលកន្លងមកនេះ សម្រាប់កងកម្លាំងរើសថ្មីមួយចំនួន ដែលបានមកបំពេញភារកិច្ចនៅតាមមណ្ឌលរដ្ឋបាលប៉ុស្ដិ៍ ឫអធិការដ្ឋានខណ្ឌ ក្នុងរាជធានីភ្នំពេញ មិនបានប៉ុន្មានផង ដោយអាងយកលុយទៅសូកអ្នកនេះ ឬសូកអ្នកនោះ ស្រាប់តែត្រូវបានផ្ទេរចេញទៅរកកន្លែងខ្លាញ់ៗអស់ទៅហើយ ឯកងកម្លាំងចាស់ៗ ដែលខិតខំបម្រើការងារយ៉ាងសកម្មបែរជាត្រូវនៅកន្លែងដដែលទៅវិញ។
លោកឧត្តមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ស ថេត បានលើកឡើងបែបនេះនៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨នេះ ក្នុងពិធីជួបសំណេះសំណាល ជាមួយកងកម្លាំង នៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ និងខណ្ឌព្រែកព្នៅ ដើម្បីណែនាំដល់កងកម្លាំងនគរបាលឲ្យបង្កើនការយកចិត្តទុកដាក់ ក្នុងការងារទប់ស្កាត់ បង្ការ និងបង្ក្រាបបទល្មើស ក៏ដូចជា ការផ្ដល់សេវាជូនប្រជាពលរដ្ឋ។
ក្នុងពិធីជួបសំណេះសំណាលខាងលើនេះ ក្រោយពីបានស្តាប់របាយការណ៍យ៉ាងលម្អិត ស្ដីពីការទប់ស្កាត់ បង្ក្រាបរាល់បទល្មើសផ្សេងៗជាហូរហែ ក្នុងការរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ របស់លោកវរសេនីយ៍ឯក គល់ យី អធិការនគរបាលខណ្ឌឬស្សីកែវរួចមក, លោកឧត្តមសេនីយ៍ឯក ស ថេត បានថ្លែងថា បញ្ហាប្រឈមដែលកងកម្លាំងត្រូវអនុវត្តឲ្យមានប្រសិទ្ធភាពទន់ភ្លន់ និងម៉ឺងម៉ាត់ នោះគឺចុះដល់កន្លែងទាន់ហេតុការណ៍ សំដៅឲ្យប្រជាពលរដ្ឋមានភាពកក់ក្ដៅ និងមានទំនុកចិត្តមកលើកងកម្លាំង ពិសេសបញ្ហាសតិអារម្មណ៍ជនរងគ្រោះ ដោយសង្កត់ធ្ងន់លើចំណាត់ការភ្លាមៗ រាល់ការទទួលពាក្យបណ្ដឹង និងការផ្តល់សេវាសាធារណៈជូនពលរដ្ឋឲ្យបានឆាប់រហ័ស ទាំងផ្ដល់អត្តសញ្ញាណប័ណ្ណ និងសៀវភៅគ្រួសារ។
លោកឧត្តមសេនីយ៍ឯក ស ថេត បានថ្លែងទៀតថា បញ្ហាប្រឈមខ្លាំងបំផុតនោះ គឺបញ្ហាគ្រឿងញៀនដែលត្រូវធ្វើការផ្សព្វផ្សាយ, អប់រំព្យាបាល និងការបង្ក្រាបបទល្មើសចោរកម្មគាស់ផ្ទះ លួច ឆក់ ប្លន់ ជាដើមដោយត្រួតពិនិត្យ កំណត់មុខសញ្ញាដូចជា៖ ទីតាំងសំណង់មិនរៀបរយ, ផ្ទះសំណាក់, ផ្ទះជួលដែលផ្ដើមចេញពីការសេពគ្រឿងញៀន, រក្សាទុកគ្រឿងញៀន និងជួញដូរគ្រឿងញៀន៕