(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គិតចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ មានប្រជាពលរដ្ឋចំនួន៣,១៥៩នាក់ បានធ្វើដំណើរតាមរថភ្លើងពីរាជធានីភ្នំពេញ ទៅតាមបណ្ដាខេត្ត និងពីបណ្ដាខេត្ត មករាជធានីភ្នំពេញវិញ ដោយឥតគិតថ្លៃក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែល Fresh News ទទួលបាននៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨នេះ បានឱ្យដឹងថា ចំនួនសរុបនៃអ្នកជិះរថភ្លើងឥតគិតថ្លៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ គិតចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ រួមមាន៖
*ទី១៖ ភ្នំពេញ-ខេត្តព្រះសីហនុ ៖ ២,២២១ នាក់
*ទី២៖ ភ្នំពេញ-ប៉ោយប៉ែត ៖ ៦១២ នាក់
*ទី៣៖ ភ្នំពេញ-អាកាសយានដ្ឋាន ៖ ៣២៦ នាក់
សូមជម្រាបថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានផ្ដល់កាដូរជូនប្រជាពលរដ្ឋជាបន្ដបន្ទាប់ ដើម្បីសម្រួលដល់ការចំណាយសម្រាប់ការធ្វើដំណើរ ក្នុងឱកាសបុណ្យភ្ជុំ ដោយអនុញ្ញាតឲ្យជិះរថភ្លើងដោយឥតគិតថ្លៃ និងជិះរថយន្ដក្រុងសាធារណៈដោយឥតគិតថ្លៃដូចគ្នាផងដែរ៕