(សេអ៊ូល, កូរ៉េ)៖ នៅថ្ងៃបុណ្យភ្ជុំធំកន្លងទៅនេះ ស្ថានឯកអគ្គរាជទូតកម្ពុជា បានរៀបចំកម្មវិធីសំណេះសំណាល និងពិសារអាហារសាមគ្គី ជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅ ធ្វើការងារ និងសិក្សា នៅសាធារណរដ្ឋកូរ៉េជាង២០០នាក់ ក្រោមអធិបតីភាព លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅមជ្ឍមណ្ឌលគាំពារពលករបរទេស។
ក្នុងវេទិការសំណេះសំណាល លោក មាជ ចាន់ដារ៉ារ័ត្ន តំណាងពលករមកពីទីក្រុងឆាំងវ៉ុន បានស្នើសុំទៅកាន់រដ្ឋមន្រ្តីក្រសួងបរិស្ថាន សូមឱ្យជួយពាំនាំសំណូមពររបស់ខ្លួន ដើម្បីស្នើសុំសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីមកបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូង តាមពេលវេលាសមស្របណាមួយ ដើម្បីបានជួបសួរសុខទុក្ខ សំណេះសំណាល និងផ្ដល់ភាពកក់ក្ដៅដល់ប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅ ធ្វើការងារ និងសិក្សាក្នុងជីវភាពល្អប្រសើរនៅសាធារណរដ្ឋកូរ៉េ ដែលមានជិត៦ម៉ឺននាក់។
ឆ្លើយតបនឹងសំណូមពរនេះ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក សាយ សំអាល់ សន្យានឹងនាំយកសំណូមពរនេះទៅជម្រាបជូនសម្ដេចតេជោ។
បន្ថែមពីលើនេះលោករដ្ឋមន្រ្តីបានផ្ដាំផ្ញើដល់អ្នកចូលរួមទាំងអស់ សូមបន្ដយកចិត្តទុកដាក់លើកិច្ចការងារ ប្រឹងប្រែងអភិវឌ្ឍន៍ជំនាញវិជ្ជាជីវៈ និងរៀនបន្ថែមនូវភាសារបរទេស ដោយហេតុតែកម្ពុជាបច្ចុប្បន្នកំពុងមានតម្រូវការ លើធនធានមនុស្សផ្នែកបច្ចេកទេសជាច្រើនក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេស៕