(ភ្នំពេញ)៖ បញ្ហាក្តីបារម្ភនៃដកប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុបសម្រាប់ទំនិញពីកម្ពុជា បានក្លាយជាប្រធានបទក្តៅ ដោយក្រុមប្រឆាំងព្យាយាមបំប៉ោងព័ត៌មានឲ្យមានលក្ខណៈធំ បង្កើតឲ្យមានការព្រួយបារម្ភ ខណៈដែលរាជរដ្ឋាភិបាល ចាត់ទុកគម្រោងការរៀបចំស៊ើបអង្កេតលើកម្ពុជារបស់គណៈកម្មការអឺរ៉ុប គឺជារឿងអយុត្តិធម៌បំផុត និងមានហេតុផលនយោបាយនៅពីក្រោយខ្នង។
ពាក់ព័ន្ធបញ្ហាដកប្រព័ន្ធអនុគ្រោះពន្ធ EBA នេះសម្រាប់អ្នកជំនាញក្នុងវិស័យកាត់ដេរ ដែលជាវិស័យពឹងផ្អែកយ៉ាងខ្លាំងក្នុងការនាំចេញសម្លៀកបំពាក់ទៅអឺរ៉ុបវិញ ហាក់មើលឃើញស្ថានភាពមិនធ្ងន់ធ្ងរ ដូចក្រុមប្រឆាំងលើកឡើយ។
លោក កាំង ម៉ូនីកា អគ្គលេខាធិការរង សមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) បានសរសេរលើក Facebook ផ្ទាល់ខ្លួនរបស់លោកថា «ការសំរេចចិត្តជាផ្លូវការ របស់គណៈកម្មាធិការសហភាពអឺរ៉ុប ក្នុងការបើកការស៊ើបអង្កេត និងត្រួតពិនិត្យមកលើប្រទេសកម្ពុជា [ពិនិត្យលើ EBA] ពុំទាន់បានធ្វើនៅឡើយទេ គឺគ្រាន់តែត្រៀមរៀបចំ ដើម្បីធ្វើការសំរេចចិត្តដែលនឹងអាចកើតឡើងនាចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ។ វាគ្រាន់តែជាការត្រៀមរៀបចំនូវដំណើរការមួយ ដែលមានរយៈពេលយូរគួរសម។ ហើយខណៈពេលនេះ គ្មាននរណាម្នាក់អាចដឹងច្បាស់ អំពីលទ្ធផលថា តើវានឹងទៅជាយ៉ាងណានោះទេ ហើយថាតើវានឹងនាំទៅដល់ការភ្យួរទាំងស្រុង ឬព្យួរផ្នែកខ្លះ ឬក៏គ្មានការព្យួរនោះទេ។ ការយល់ឃើញទាំងឡាយអំពីលទ្ធផលនៃដំណើរការនេះគឺជាការប៉ាន់ស្មានសុទ្ធសាទ»។
លោក កាំង ម៉ូនីកា បង្ហាញនូវក្តីបារម្ភទៅវិញ ចំពោះការបកស្រាយបែបប៉ាន់ស្មានអំពីស្ថានការណ៍ ដែលនាំឲ្យមានការបាត់ទំនុកចិត្តពីសំណាក់អ្នកបញ្ជាទិញ និងអ្នកវិនិយោគទៅវិញ។ លោកជឿថា សម្រាប់វិស័យកាត់ដេរ និងស្បែកជើងរបស់កម្ពុជា មានភាគរយខ្ពស់ ក្នុងការជៀសផុត ពីការដកការអនុគ្រោះពន្ធនេះ។
លោកអគ្គលេខាធិការរងលើកឡើងថា «ចំពោះមុខនេះ យើងមានការបារម្ភ ចំពោះការផ្សាយព័ត៌មានបែបប៉ាន់ស្មាន ដែលនាំទៅដល់ការថយចុះ នូវទំនុកចិត្តពីសំណាក់ អ្នកបញ្ជារទិញ និងអ្នកវិនិយោគទូទៅ ខណៈដែលស្ថានភាពជាក់ស្តែង អាចមានលក្ខណៈធូរស្រាលជាង។ យើងមានពេលវេលាជាងមួយឆ្នាំ ហើយឱកាសនៅតែមាន សំរាប់ភាគីទាំងពីរ ដើម្បីបើកកិច្ចសន្ទនាគ្នាប្រកបដោយអត្ថន័យ និងផ្លែផ្កា និងដោយការគោរពគ្នាទៅវិញទៅមក ដែលនឹងឈានទៅដល់ដំណោះស្រាយដ៏ប្រសើរមួយ»។
លោក កាំង ម៉ូនីកា បានលើកឡើងទៀតថា «ចំពោះវិស័យកាត់ដេរនិងស្បែកជើង ខ្ញុំជាការគិតផ្ទាល់ខ្លួនគិតថា នឹងអាចមានភាគរយខ្ពស់ ក្នុងការជៀតផុតពីការដក ភាពអនុគ្រោះផ្នែកពាណិជ្ជកម្ម ដោយការពិតថា យើងធ្វើបានល្អចំពោះការកែលំអលើកកំពស់លក្ខខណ្ឌការងារ និងការគោរពសិទ្ធិកម្មករ និងសហជីព ដោយអនុលោមទៅតាមច្បាប់ជាតិ បទដ្ឋានការងារ និងអនុសញ្ញាស្នូលរបស់អន្តរជាតិ។ យើងបានជួយស្ត្រីក្រីក្ររាប់សែនលាននាក់ និងគ្រួសាររបស់គេឲ្យងើបផុតពីភាពក្រីក្រ ហើយយើងគិតថា សហភាពអឺរ៉ុបមិនចង់ឲ្យពួកគេត្រឡប់ ទៅកាន់ភាពក្រីក្រដូចអតីតកាលនោះទេ»។
ក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា នៅឆមាសទី០១ ឆ្នាំ២០១៨ កម្ពុជាបាននាំចេញសម្លៀកបំពាក់បានចំនួន៤,១៤៣លានដុល្លារ កើនឡើង១១ភាគរយ៕