(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ត្រឡប់មកដល់មាតុភូមិវិញ នៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨នេះ ក្រោយពីចូលរួមកិច្ចប្រជុំកំពូលនៅជប៉ុន និងឥណ្ឌូណេស៊ី អស់រយៈពេលជាង១សប្តាហ៍។
សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុនលើកទី១០ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់១០ ខែតុលា ឆ្នាំ២០១៨។ កិច្ចប្រជុំនេះ ពិភាក្សា និងអនុម័តយុទ្ធសាស្រ្តទីក្រុងតូក្យូថ្មី សំដៅធ្វើឲ្យប្រសើរឡើងនូវការតភ្ជាប់ លើកកម្ពស់សុខមាលភាពប្រជាជន និងការពារបរិស្ថាន។ យុទ្ធសាស្ត្រនេះផ្តោតសារៈសំខាន់ លើការអភិវឌ្ឍប្រកបដោយចីរភាព និងការកាត់បន្ថយគម្លាតអភិវឌ្ឍន៍រវាងប្រទេសមេគង្គ និងប្រទេសសមាជិកអាស៊ានផ្សេងទៀត។
បន្ទាប់ពីនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានបន្តដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមជំនួបមេដឹកនាំអាស៊ាន នាកិច្ចប្រជុំប្រចាំឆ្នាំ២០១៨ នៃមូលនិធិរូបិយវត្ថុអន្តរជាតិ IMF និងធនាគារពិភពលោក WB រយៈពេល៣ថ្ងៃទៀត ពីថ្ងៃទី១០-១២ ខែតុលា ឆ្នាំ២០១៨ នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី។
បើតាមការបញ្ជាក់នៅលើទំព័រ Facebook របស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងកិច្ចប្រជុំនៅកោះបាលីនេះ គឺភាគីទាំងអស់ទទួលបានលទ្ធផលល្អប្រសើរ ដោយក្នុងនោះថ្នាក់ដឹកនាំមេគង្គ-ជប៉ុន និងថ្នាក់ដឹកនាំអាស៊ានបានពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់សំដៅធ្វើឲ្យប្រសើរនូវកិច្ចសហប្រតិបត្តិការ ជំរុញផែនការយុទ្ធសាស្ត្រថ្មីៗ បង្កើននូវការតភ្ជាប់ លើកកម្ពស់សុខមាលភាពប្រជាជន ធ្វើយ៉ាងណាដើម្បីភាពរីកចម្រើនប្រទេសក្នុងតំបន់ និងពិភពលោក។
តាមការគ្រោងទុក សម្តេចតេជោ ហ៊ុន សែន នឹងមកដល់ប្រទេសកម្ពុជានៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨នេះ៕