(ភ្នំពេញ)៖ ប្រជាការពារម្នាក់ រងការបាញ់ប្រហារជាច្រើនគ្រាប់ពីបុរសម្នាក់ បណ្តាលឲ្យត្រូវជើងរងរបួសធ្ងន់ បង្កឲ្យមានការភ្ញាក់ផ្អើល នៅម៉ោង១២៖៥៥នាទីយប់ ឈានចូលថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ នៅក្នុងផ្លូវលំលេខ៣៤៥ ស្ថិតក្នុងសង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវរាជធានីភ្នំពេញ។
ជនរងគ្រោះដែលរងរបួសបានឲ្យដឹងថា នៅមុនពេលកើតហេតុខ្លួន កំពុងតែដេញជនសង្ស័យជិះម៉ូតូ២គ្រឿង ដែលបានបើកគេចពីកម្លាំងប្រជាការពារ និងកម្លាំងអន្តរាគមន៍ខណ្ឌឫស្សីកែវ រហូតដេញតាមមកដល់ផ្លូវលំលេខ៣៤៥ ស្រាប់តែឮសំឡេងកាំភ្លើង ទើបដឹងថាខ្លួនត្រូវបុរសម្នាក់តាមដេញបាញ់ពីក្រោយ ប្រមាណជា១០គ្រាប់ បណ្ដាលឲ្យចំជើងខាងស្ដាំរងរបួស។
លោក គល់ យី អធិការនគរបាលខណ្ឌឬស្សីកែវ បានបញ្ជាក់ថា ភ្លាមៗបន្ទាប់ពីផ្ទុះអាវុធ កម្លាំងនគរបាលខណ្ឌចុះប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យបាន។
ភ្លាមៗនោះ ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះបន្ទាន់ យកទៅសង្គ្រោះនៅឯមន្ទីរពេទ្យកាល់ម៉ែត។ ជនបង្កឈ្មោះ ឡាយ អ៊ីងឃីង អាយុ២៧ឆ្នាំ មុខរបរជា មន្ត្រីកងរាជអាវុធហត្ថផ្ទៃប្រទេស។ ចំណែកជនរងគ្រោះឈ្មោះ លី រតនៈ ភេទប្រុសអាយុ៣៩ឆ្នាំ មុខរបរជាប្រជាការពារ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនបង្កខាងលើ ដើម្បីយកទៅសួរនាំបន្ថែមទៀត នៅឯអធិការខណ្ឌឫស្សីកែវ៕