(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសថា ការប្រលងជ្រើសរើសមន្ត្រីរាជការចូលបម្រើការងារនៅក្រសួងសាធារណការ និងដឹកជញ្ជូនសម្រាប់ឆ្នាំ២០១៨នេះ នឹងធ្វើឡើងនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨ខាងមុខនេះហើយ។ ការប្រលងនេះ នឹងធ្វើឡើងនៅវិទ្យាល័យព្រះស៊ីសុវត្ថិ។
ក្នុងសេចក្តីជូនដំណឹងដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨នេះ ក្រសួងបានគូសបញ្ជាក់ថា បេក្ខជនទាំងអស់ត្រូវទៅឲ្យដល់មណ្ឌលប្រលងវេលាម៉ោង ៦៖៣០នាទីព្រឹក។
សូមបញ្ជាក់ថា ក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវការជ្រើសរើសមន្ត្រីរាជការចំនួន ៥០កន្លែងឲ្យចូលបម្រើតួនាទីផ្សេងៗនៅក្នុងក្រសួងសាធារណការ និងដឹកជញ្ជូននៅក្នុងឆ្នាំ២០១៨នេះ។ បើតាមមន្ត្រី បានអះអាងថា មានបេក្ខជនប្រមាណ ១,០២៦នាក់ បានដាក់ពាក្យប្រលងយកការងារនៅក្រសួង។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់បានគូសបញ្ជាក់ថា ការជ្រើសរើសមន្ត្រីមកបម្រើការងារ គឺត្រូវការអ្នកមានសមត្ថភាព ដើម្បីប្រសិទ្ធភាពការងារក្នុងការបម្រើជាតិ និងប្រជាជន។ ដូច្នេះការប្រលងនេះប្រព្រឹត្តទៅឈរលើគោលការយុត្តិធម៌ និងតម្លាភាព ពោលមិនមានការស៊ីសំណូកសូកប៉ាន់ មិនមានបក្ខពួកអ្វីនោះឡើយ សម្រាប់អ្នកមានសមត្ថភាព ប្រាកដជាជាប់៕