(ភ្នំពេញ)៖ នៅចំពោះមុខនៃដំណើរការនីតិវិធីដកការប្រព័ន្ធអនុគ្រោះពន្ធ របស់សហភាពអឺរ៉ុបចំពោះទំនិញកម្ពុជា ជាចំណាត់ការដែលស្ថាប័ននេះធ្វើឡើង ដោយចោទកម្ពុជាថា មិនបានគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនោះ រាជរដ្ឋាភិបាលកម្ពុជាបានប្រតិកម្មតបដោយគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ ថា រាជរដ្ឋាភិបាលកម្ពុជាចាត់ទុកការសម្រេចចិត្តនេះជាភាពអយុត្តិធម៌បំផុត ព្រោះនេះបង្ហាញឲ្យឃើញថា សហភាពអ៊ឺរ៉ុបបានបដិសេធដោយចំហអំពីវឌ្ឍនភាពគួរឲ្យកត់សម្គាល់ ដែលប្រទេសកម្ពុជាសម្រេចបាន ទោះបីរងគ្រោះដោយសោកនាដកម្មកន្លងមកថ្មីៗនេះយ៉ាងណាក៏ដោយ ក្នុងការអនុវត្តអនុសញ្ញាអន្តរជាតិជាច្រើន ដែលត្រូវបានផ្សារភ្ជាប់នឹងកម្មវិធីនេះ ជាពិសេសនៅក្នុងវិស័យសិទ្ធិការងារ និងសិទ្ធិដីធ្លី។
រាជរដ្ឋាភិបាលសោកស្តាយយ៉ាងខ្លាំង ចំពោះការចោទប្រកាន់យ៉ាងធ្ងន់ធ្ងរប្រឆាំងនឹងរាជរដ្ឋាភិបាល ដោយឈរលើមូលដ្ឋាននៃរបាយការណ៍បេសកកម្មរបស់សហភាពអឺរ៉ុប កាលពីខែកក្កដាកន្លងទៅ។ រាជរដ្ឋាភិបាលមានការខកចិត្តចំពោះកង្វះតម្លាភាពរបស់សហភាពអឺរ៉ុប ដែលមិនបានបង្ហាញនូវខ្លឹមសារនៃរបាយការណ៍នោះ ដែលសហភាពអឺរ៉ុបបានយកធ្វើជាមូលដ្ឋាននៃសេចក្តីសម្រេចចិត្តលំអៀងរបស់ខ្លួន។ វិធានការ នេះគឺជាការសឹងសឹករបស់ចៅហ្វាយបរទេសរបស់ខ្មោចគណបក្សគណបក្សសង្គ្រោះជាតិ និងអ្នកនយោបាយរត់ចោលស្រុកមួយបំផ្លាញកម្ពុជា ប្រឆាំងនឹងផលប្រយោជន៍ប្រជាជនគ្រប់ពេលវេលា។
ហេតុអ្វីបានជាបរទេសខ្លះគាំទ្រក្រុមប្រឆាំងក្បត់ជាតិ? តាំងពីដើមរៀងមក ក្រុមប្រឆាំងដែលដឹកនាំ ដោយ សម រង្ស៊ី និង កឹម សុខា និងក្រុមរបស់ពួកគេពិតជាមានមោទនភាព ក្នុងការបម្រើនិងធ្វើជាកញ្ជះរបស់បរទេស។ ពួកគេបានឱនក្បាល ដោយគ្មានភាពអៀនខ្មាសចំពោះមុខបរទេស និងបានយកអធិបតេយ្យជាតិ បូរណភាពទឹកដីកម្ពុជាដាក់ក្រោម បាតជើងបរទេស ឱ្យជនបរទេសមើលងាយកម្ពុជាសព្វបែបយ៉ាង ហើយមិនតែប៉ុណ្ណោះ ពួកគេបានធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីប្រឆាំងនឹងផលប្រយោជន៍របស់ប្រជាពលរដ្ឋខ្មែរ។ ពួកគេ បានដើរអង្វរបរទេសឱ្យបំផ្លាញកម្ពុជាតាមរយៈការនិយាយតាមរបាយការណ៍ប្រឌិតខុសពីការពិតនៅកម្ពុជា មួលបង្កាច់ បង្កាច់បង្ខូចរាជរដ្ឋាភិបាលកម្ពុជា និងខ្លាំងជាងនេះទៅទៀត ក្រុមអ្នកនយោបាយប្រឆាំងដឹកនាំ ដោយ សម រង្ស៊ី និងកូនស្រី កឹម សុខា នៅចុងក្រោយនេះ ដើរសម្អុយកេរ្តិ៍ឈ្មោះកម្ពុជា និងអំពាវនាវឱ្យបរទេសកាត់ជំនួយ ឈប់វិនិយោគនៅកម្ពុជា និងឈប់ទិញទំនិញពីកម្ពុជា។ ឥឡូវនេះ អ្វីដែលពួកគេបានដើរបំផ្លាញកម្ពុជា ពិតជាបានទទួលផលសមដូចបំណងរបស់ពួកគេហើយ!
កាលដែលសហភាពអឺរ៉ុបដកប្រព័ន្ធអនុគ្រោះពន្ធលើការនាំចូលទំនិញកម្ពុជាទៅក្នុងទឹកដីអឺរ៉ុប គឺជាសមិទ្ធផលមិនអាចប្រកែកបានរបស់ក្រុមអ្នកនយោបាយប្រឆាំងដឹកនាំដោយក្រុមសម រង្ស៊ី និងក្រុម កឹម សុខា។ ជនក្បត់ជាតិទាំងនេះ និងអ្នកគាំទ្ររបស់ ពួកគេមួយចំនួនបានទះដៃអបអរសាទរចំពោះចំណាត់ការដ៏អយត្តិធម៌ និងបែបលម្អៀងប្រឆាំងនឹងប្រជាជាតិ ខ្មែរដែលបានខិតខំប្រឹងប្រែងកសាងប្រទេសពីប្រទេសមានសង្គ្រាមមកសន្តិភាព ពីប្រទេសដែលខ្ទេចខ្ទាំមក ជាប្រទេសដែលមានការអភិវឌ្ឍរីកចម្រើន ជាប្រទេសក្រីក្រតោកយ៉ាកមកជា ប្រទេសមានចំណូលមធ្យមក ម្រិតទាប និងឈានដល់ប្រទេសមានចំណូកមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសដែលចំណូលខ្ពស់នៅឆ្នាំ២០៥០។
ជនក្បត់ជាតិដែលកំពុងតែត្រេកអរនឹងអ្វីដែលបរទេសបានធ្វើមកលើកម្ពុជានៅពេលនេះគឺពិតជាបង្ហាញពីចរិតកញ្ជះបរទេស និងជាជនបំផ្លាញជាតិ និងបំផ្លាញប្រជាជនយ៉ាងពិតប្រាកដ។ ពួកគេបានបំផ្លាញកម្ពុជា ក្រោមលេសសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។ ពួកគេប្រព្រឹត្តល្មើសច្បាប់ និងប្រើប្រាស់បដិវត្តន៍ពណ៌ដើម្បីផ្លាស់ប្តូរ របបតាមបែបមិនប្រជាធិបតេយ្យ ប៉ុន្តែពួកគេថា ជាការផ្លាស់ប្តូរតាមបែបលទ្ធិប្រជាធិបតេយ្យទៅវិញ និងទទួលបាននូវការគាំទ្រពីបរទេសថែមទៀត។ មេរៀនប្រវត្តិសាស្ត្របែបនេះ កម្ពុជាធ្លាប់បានឆ្លងកាត់ឆ្អែតឆ្អន់រួចមកហើយ។ ជនបរទេសបានប្រើសក្រុមអ្នកនយោបាយប្រឆាំង ដើម្បីបម្រើមហិច្ឆតាភូមិសាស្ត្រនយោបាយរបស់ខ្លួន និងបានប្រើល្បិចកលសព្វបែបយ៉ាង ដើម្បីបំផ្លាញកម្ពុជា។
ខណៈក្រុមអ្នកនយោបាយប្រឆាំង ពោរពេញដោយជំងឺតួឯក និងអំនួរនិយម នោះគឺជាឱកាសមាសសម្រាប់បរទេសក្នុងការប្រើប្រាស់ដើម្បីបំផ្លាញជាតិខ្លួនឯង។ ហេតុដូច្នេះហើយ បានជាចៅហ្វាយបរទេសទាំងនេះមិនសុខចិត្តនៅស្ងៀម ទុកឱ្យកញ្ជះដាច់ថ្លៃរបស់ខ្លួន ត្រូវបានគេចាប់មកអនុវត្តច្បាប់ និងមិនអង្គុយមើលឃើញផែនការរបស់ខ្លួន បរាជ័យម្តងហើយម្តងទៀតឡើយ។ ដោយសារតែក្រុមប្រឆាំងសុខចិត្តធ្វើជាអាយ៉ង បរទេស ឱ្យបរទេសធ្វើអ្វីស្រេចតែចិត្ត និងអំពាវនាវឱ្យបរទេសមកច្របាច់កខ្មែរ ទើបបានជាបរទេសទាំងនោះខិតខំការពារពួកគេទាំងទទឹងទិសដូច្នេះ។
កម្ពុជាមិនព្រមឱនក្បាលចំពោះបរទេស មិនយកអធិបតេយ្យភាព និងសុខសន្តិភាពរបស់ប្រទេសជាតិទៅដោះដូរជំនួយជាមួយបរទេសឡើយ! នេះជាការបញ្ជាក់គោលជំហរប្រកប ដោយវីរភាព និងស្នេហា ជាតិមាតុភូមិ និងពលរដ្ឋខ្មែររបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន នៅចំពោះមុខការគំ រាមកំហែងសព្វបែបយ៉ាងពីក្រុមបស្ចឹមប្រទេស សហភាពអឺរ៉ុបដែលតែងតែប្រើប្រាស់ជំនួយដោយភ្ជាប់នូវ លក្ខខណ្ឌដើម្បីងាយស្រួល ក្នុងការជ្រៀតជ្រែក លូកដៃកកូរកាយកិច្ចការផ្ទៃក្នុង និងអធិបតេយ្យភាពជាតិរបស់ ព្រះរាជាណាចក្រកម្ពុជា។ កម្ពុជាគឺជារដ្ឋឯករាជ្យ និងអធិបតេយ្យមួយ និងមានទំនាក់ទំនងស្មើភាព និង ស្មើសិទ្ធិជាមួយប្រទេសនានានៅលើពិភពលោក មិនមែនស្ថិតនៅក្រោមអាណានិគមបែបថ្មីរបស់បរទេស ណាមួយឡើយ។ ចំពោះមុខបងប្អូនប្រជាពលរដ្ឋខ្មែរជាច្រើនរយនាក់នៅទីក្រុងតូក្យូ ប្រទេសជប៉ុនកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ ២០១៨ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់គោលជំហរដ៏រឹងមាំរបស់ព្រះរាជាណាចក្រកម្ពុជា«កុំយកអធិបតេយ្យជាតិទៅដូរជាមួយជំនួយ កុំយកសន្តិភាពរបស់ប្រទេសទៅដូរជាមួយជំនួយ។
ឥឡូវចង់នរណាចាត់ការកម្ពុជាតាមវិធីណាចាត់ចុះ តែកម្ពុជាត្រូវរឹងមាំចំពោះគោលការណ៍ការពារឯករាជ្យ អធិបតេយ្យជាតិរបស់ខ្លួន។ បើកម្ពុជាអនុវត្តច្បាប់កម្ពុជា មិនបានផង ចាំបាច់ទៅធ្វើកម្ពុជាធ្វើអី ចាំបាច់ធ្វើប្រទេសមួយធ្វើអី។ នៅចំពោះមុខអង្គការសហប្រជាជាតិ ខ្ញុំបាននិយាយថាប្រធានបទសិទ្ធិមនុស្ស និងប្រជាធិបតេយ្យគឺពេញនិយម ហើយសម្រាប់ការជ្រៀតជ្រែករបស់ប្រទេសធំ ប្រទេសមានលុយទៅលើប្រទេសក្រីក្រ អាងឡើងសិទ្ធិមនុស្ស ប្រជាធិបតេយ្យ។ ប៉ុន្តែឥឡូវសិទ្ធិមនុស្ស ប្រជាធិបតេយ្យនៅស៊ីរី អ៊ីរ៉ាក់ យ៉េមែនវាយ៉ាងម៉េចទៅហើយ? កាលពីកម្ពុជាស្លាប់រាប់លាននាក់ អ្នកឯងមានបានគិតទេអាហ្នឹង? ឥឡូវចង់ធ្វើអី ធ្វើទៅ ចង់ឱ្យបង់ពន្ធ បង់ពន្ធ។ សូមផ្តាំ ឱនក្បាលម្តងជំពាក់ ឱនក្បាល ២ដងជំពាក់ ឱនក្បាល ៣ដង ឱនមួយជីវិត ខ្មែរអត់ឯករាជ្យបានទេ។ ប្រឹងរស់ ងើបឈរឡើងដើម្បីការពារឯករាជ្យ អធិបតេយ្យរបស់ប្រទេសដើម្បីការពារសន្តិភាពរបស់ប្រទេស»។
ប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ ពិតជាមានមោទនភាព និងពេញចិត្តចំពោះគោលជំហរដ៏ច្បាស់លាស់នេះ ហើយពលរដ្ឋខ្មែរដែលស្រឡាញ់សន្តិភាព និងការអភិវឌ្ឍបានគាំទ្រពេញទំហឹង និងបញ្ជាក់ថា នេះគឺជាអ្វីដែលប្រជាពលរដ្ឋខ្មែរចង់បាន។ នេះគឺជាគោលជំហរខ្មែរសម័យតេជោសែន!
កាលដែលរដ្ឋាភិបាលកម្ពុជា សុខចិត្តបង់ពន្ធ ប្រសិនបើសហភាពអឺរ៉ុបតម្រូវ ដោយមិនឱនក្បាលចំពោះការគំរាមកំហែងនេះ ក៏ព្រោះតែដើម្បីការពារឯករាជ្យ និងអធិបតេយ្យជាតិ ហើយបើក្រុមប្រឆាំង មានឧត្តមគតិជាតិ និងស្រឡាញ់ប្រជាជនខ្មែរ មិនគួរណាទៅក្រាបឱនក្បាលសុំឱ្យបរទេសសំពងក្បាលជាតិ និងប្រជាជនឯងនោះទេ! ពួកគេមិនអាណិតជាតិខ្មែរ និងមិនអាសូរពលរដ្ឋខ្មែរឡើយ ក្រុមប្រឆាំងរត់ចោល ស្រុកដូច សម រង្ស៊ី កឹម មនោវិទ្យា មូរ សុខហួរ អេង ឆៃអ៊ាង និងក្រុមហែរហមមួយដំបរស្វាទៀតពិតជាសត្រូវរបស់ប្រជាជនកម្ពុជា នាំបរទេសមកធ្វើបានពលរដ្ឋខ្មែរនិងមិនស័ក្តិសមធ្វើជាមេដឹកនាំនៃប្រទេសកម្ពុជាទេ។
សំណាងសម្រាប់កម្ពុជាដែលផែនការបដិវត្តន៍ពណ៌ដែលក្រុមប្រឆាំងបានរៀបចំឡើងក្រោមការជួយជ្រោមជ្រែងគាំទ្រទាំងបច្ចេកទេស និងហិរញ្ញវត្ថុពីបរទេសត្រូវបានកម្ទេច អង្គការចាត់តាំងនយោបាយត្រូវបាន រំលាយ ហើយជនក្បត់ជាតិត្រូវបានហាមឃាត់មិនឱ្យធ្វើនយោបាយ និងចាប់ខ្លួនកាត់ទោស ម៉្លេះសម កម្ពុជានៅពេលនេះមិនដឹងជាមានវាសនាទៅជាយ៉ាងណាឡើយ!
ដោយ៖ ចៅចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨