(ឥណ្ឌូនេស៊ី)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា រួមទាំងបណ្តាមេដឹកនាំនៃប្រទេសអាស៊ានផ្សេងទៀត នៅរាត្រី ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨នេះ បានអញ្ជើញចូលរួម ពិធីលៀងសាយភោជន៍ ដែលរៀបចំដោយ លោក យ៉ូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ី និងភរិយារបស់លោក នៅលើកោះបាលី សាធារណរដ្ឋឥណ្ឌូនេស៊ី។
ពិធីនេះ ក៏មានការអញ្ជើញចូលរួមដោយ អគ្គលេខាធិការអង្គការសហប្រជាជាតិ អគ្គលេខាធិការអាស៊ាន ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ និងធនាគារពិភពលោក ដែលបានអញ្ជើញចូលរួមវេទិកានៃជំនួបថ្នាក់ដឹកនាំគំពូលអាស៊ាន និងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារពិភពលោក (World Bank) ឆ្នាំ២០១៨។
ថ្លែងសុន្ទរកថា នៅក្នុងពិធីលៀងសាយភោជន៍ ជាមហាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតនោះ ប្រធានាធិបតីឥណ្ឌូនេស៊ី យ៉ូកូ វីដូដូ បានសម្តែងនូវការវាយតម្លៃខ្ពស់ជូនចំពោះបណ្តាមេដឹកនាំនៃប្រទេសអាស៊ាន អគ្គលេខាធិការអង្គការសហប្រជាជាតិ អគ្គលេខាធិការអាស៊ាន ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ និងធនាគារពិភពលោក ដែលបានចំណាយនូវពេលវេលាដ៏មានតម្លៃបំផុត ឆ្លើយតបតាមអញ្ជើញរបស់លោកអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលដ៏មានសារសំខាន់បំផុត នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី។
លោកប្រធានាធិបតី បានបន្តថា លោកពិតជាមានការរីករាយ ចំពោះកិច្ចប្រជុំរបស់អាស៊ានក្នុងឆ្នាំ២០១៨នេះ ដែលវិវត្តន៍ទៅស្របពេលដែលពិភពលោក កំពុងមានធ្វើការដោះស្រាយនូវបញ្ហាមួយចំនួន ដែលយើងនិងរួមគ្នាពិភាក្សាដោះស្រាយ ក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំ របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារពិភពលោក (World Bank) ឆ្នាំ២០១៨ នៅថ្ងៃស្អែក៕