(ភ្នំពេញ)៖ សាលាអន្តរជាតិ លើននីង ចាំងហ្គល នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨នេះ បានប្រមូលវិភាគទានសប្បុរសធម៌ ជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា។ នេះជាលើកទីបួនហើយ ដែលសាលាអន្ដរជាតិនេះ បានបន្ដជួយសង្គ្រោះជីវិតកុមារកម្ពុជា ។
សាលាអន្តរជាតិ លើននីង ចាំងហ្គល ជាសាលាអន្តរជាតិមួយ ដែលទទួលបានសិទ្ធិហ្វ្រេនឆាយ មកពីប្រទេសកាណាដាតែមួយគត់នៅកម្ពុជា ដើម្បីផ្តល់ជូននូវការអប់រំកំរិតស្តង់ដារខ្ពស់បំផុត និងត្រូវបានទទួលស្គាល់ដោយសាលាលើននីង ចាំងហ្គល ប្រទេសកាណាដា និងក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា ហើយសាលា បានរៀបចំកម្មវិធី ប្រមូលមូលនិធិ ជូនមន្ទីពេទ្យគន្ធបុប្ផានេះ ដើម្បីជួយជំរុញលើកទឹកចិត្តសិស្ស ឲ្យមានស្មារតីចេះជួយគ្នា និងមានសាមគ្គីភាពគ្នា។
ដើម្បីចូលរួមចំណែកជួយសង្គ្រោះជីវិតកុមារ ដែលត្រូវការការព្យាបាលជាចាំបាច់ លោក លី វីរៈ ប្រធានក្រុមប្រឹក្សាភិបាល របស់សាលាអន្តរជាតិ លើននីង ចាំងហ្គលបាន ផ្តួចផ្តើមនូវគំនិតរៀបចំកម្មវិធី រៃអង្គាសថវិកាសប្បុរសធម៌ ជាលើកទី៤ ជួយដល់មន្ទីរពេទ្យគន្ធបុប្ជា តាមរយៈការលក់សំបុត្រ ចូលរួមកម្មវិធីចែកសញ្ញាបត្រ និងការសម្តែងសិល្បៈ របស់សិស្សានុសិស្ស នៅសណ្ឋាគារ Sofitel កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ កន្លងទៅនេះ។
ថវិកាដែលប្រមូលបានពីការលក់សំបុត្រទាំងអស់ ពីមាតាបិតានិងអាណាព្យាបាលរបស់សិស្ស ព្រមទាំង គណៈគ្រប់គ្រងសាលាសរុបចំនួន ៨,០០០.០០ដុល្លារ (ប្រាំបីពាន់ដុល្លាអាមេរិក) ហើយថវិកានេះ ត្រូវបានប្រគល់ជូនទៅមូលនិធិគន្ធបុប្ផា នៅថ្ងៃទី១១ ខែតុលានេះ ។មកទល់នឹងពេលនេះ សាលាអន្តរជាតិ លើននីង ចាំងហ្គល បានធ្វើការបរិច្ចាគថវិកាសរុបជាង ២៥,០០០.០០ដុល្លារ (ពីរម៉ឺនប្រាំពាន់ដុល្លារអាមេរិក) ជូនដល់មន្ទីរពេទ្យគន្ធបុប្ផារួចមកហើយ។
លោក លី វីរៈ ក៏បានសូមអំពាវនាវដល់សាធារណៈជន ឱ្យបន្តជួយដល់មន្ទីរពេទ្យគន្ធបុប្ជា និងកុមារកម្ពុជា ដែលខ្វះខាត ឱ្យទទួលបាននូវការព្យាបាល ដោយមិនគិតថ្លៃ ព្រោះកុមារ ដែលមានសុខមាលភាពល្អ គឺជាទំពាំងស្នងឫស្សី របស់ប្រទេសជាតិយើង នៅពេលអនាគត។
ទន្ទឹមនឹងនោះ ប្រធានមន្ទីរពេទ្យគន្ធបុប្ផា លោក គី សាន់ទី បានថ្លែងអំណរគុណដល់សាលាអន្តរជាតិ លើននីង ចាំងហ្គល ដែលបានបន្ដជួយឧបត្ថម្ភ ដល់មន្ទីរពេទ្យរហូតមក ។
សម្រាប់ក្រុមការងាររបស់មន្ទីរពេទ្យ នឹងបន្ដប្ដេជ្ញាចិត្ដរួមគ្នាខ្ពស់ ក្នុងការរក្សាស្ដង់ដារគុណភាព នៃសេវាសុខាភិបាលកាន់តែមានប្រសិទ្ធភាព ជូនដល់កុមារកម្ពុជា ។
លោកបញ្ជាក់ថា «ជារៀងរាល់ថ្ងៃ កុមារយ៉ាងហោចប្រមាណ ២ពាន់នាក់ ដែលមកទទួលសេវាព្យាបាលជំងឺ នៅមន្ទីរពេទ្យគន្ធបុប្ផា» ។
ស្នាមញញឹម របស់កុមារ គឺជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា!
សម្រាប់ព័ត៌មានបន្ថែម របស់សាលាអន្តរជាតិ លើននីង ចាំងហ្គល សូមទំនាក់ទំនងមកលេខ៖ ០៩៥ ២២២ ៥៥៧, ០៩៥ ២២២ ៥៥៨ ៕