(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ បានចុះពិនិត្យបរិវេណជុំវិញវិមានឈ្នះឈ្នះ ស្ថិតនៅតំបន់អភិវឌ្ឍន៍លីយ៉ុងផាត់ ក្នុងខណ្ឌជ្រោយចង្វារ ដើម្បីធ្វើការឈូសឆាយព្រៃត្រែង កាយទឹកបង្ហូដាក់លូ ដើម្បីត្រៀមរៀបចំសន្តិសុខសណ្តាប់ធ្នាប់ សម្រាប់ថ្ងៃសម្ពោធវិមានឈ្នះឈ្នះ ដែលសម្តេចតេជោ ហ៊ុន សែន ជាអធិបតី។
នៅក្នុងដំណើរចុះពិនិត្យបិវេណជុំវិញវិមាន និងមហាវិថីឈ្នះឈ្នះខាងលើ នៅរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ លោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ឲ្យដឹងថា «ព្រៃត្រែងដែលនៅជុំវិញវិមានឈ្នះឈ្នះ នឹងត្រូវធ្វើការឈូសឆាយឲ្យអស់។ ចំពោះទឹកដែលដក់នៅក្រោយវិមានឈ្នះឈ្នះ និងនៅខាងលិចវិមាន ក៏ត្រូវធ្វើការរំដោះទឹកចេញផងដែរ ដោយកាយដាក់លូបង្ហូឲ្យចូលទៅក្នុងទន្លេសាប»។
លោកបញ្ជាក់ថា រៀបចំដូច្នេះ គឺដើម្បីជាសោភ័ណភាព និងមានភាពងាយស្រួល ក្នុងការរៀបចំសន្តិសុខសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ថ្នាក់ដឹកនាំជាន់ខ្ពស់ ក៏ដូចជាសន្តិសុខសុវត្ថិភាព ដល់សម្តេចតេជោផងដែរ។
លោកអភិបាលរាជធានីភ្នំពេញ ឃួង ស្រេង បញ្ជាក់ឲ្យដឹងថា កម្មវិធីសម្ពោធវិមានឈ្នះឈ្នះ នឹងប្រារព្ធឡើងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ សម្តេចតេជោ ហ៊ុន សែន ជាអធិបតី នៃកម្មវិធីនេះ។ ក្រៅពីកម្មវិធីសម្ពោធ គណៈកម្មការបានរៀបចំពិព័រណ៌ចំនួនបីថ្ងៃផងដែរ ដែលមានមកពីគ្រប់ស្ថាបនរដ្ឋទាំងអស់ចូលរួម ជាពិសេសខាងវិស័យការពារនៃប្រទេសកម្ពុជា។
លោកបញ្ជាក់ថា ក្រៅពីការងាររៀបចំសណ្តាប់ធ្នាប់សាធារណៈ សាលារាជធានី នឹងរៀបចំតុបតែងតាំងភ្លើងអគ្គិសនី បំភ្លឺនៅតាមដងផ្លូវ ពីគល់ស្ពានព្រែកព្នៅ រហូតដល់ផ្លូវជាតិលេខ៦ នឹងបើកឲ្យប្រជាពលរដ្ឋ និងភ្ញៀវអន្តរជាតិចូលរួមទស្សនា នូវសមត្ថលទ្ធផលនានា ដែលបានទទួលបានជោគជ័យ និងស្វែងរកសន្តិភាពជូនប្រទេសកម្ពុជា និងមានការរីចំរើនលើគ្រប់វិស័យរហូតមកដល់សព្វថ្ងៃនេះ។
ជាមួយគ្នានេះ លោកអភិបាលក៏បានដាក់រថយន្តសង្គ្រោះ២០គ្រឿង និងស្តង់សង្គ្រោះបន្ទាន់ ចំនួន២កន្លែង ផងដែរ ។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញឲ្យដឹងថា ខាងមន្ទីរនឹងរៀបចំដាក់ភ្លើងអគ្គិសនីបំភ្លឺ តាមដើមច័ន្ទគីរី ទាំងអស់នៅតាមបណ្តោយផ្លូវ រៀបចំដាក់ប្រព័ន្ធលូចំងាយជិត៥០០ម៉ែត្រ និងឆ្លាក់អក្សរលើផ្ទាំងសិលាចារឹក «ជាមហាវិថីឈ្នះឈ្នះ» ដាក់នៅដើមផ្លូវ។ លោកបន្តថា ចំពោះការងារនេះ គឺខាងមន្ទីរសាធារណៈការណ៍បានធ្វើរួចរាល់ខ្លះមកហើយ ដូចជាការដាក់លូជាដើម។
លោកនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេសនៃក្រសួងការពារជាតិ និងជាប្រជាប្រធានក្រុមការងារសាងសង់វិមានឈ្នះឈ្នះ បានបញ្ជាក់ថា «នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ គឺជាថ្ងៃបញ្ចប់សង្រ្គាមស៊ីវិល និងទទួលបានសន្តិភាពពេញលេញនៅកម្ពុជា តាមរយៈនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ហៅកាត់ថា ទិវានយោបាយឈ្នះឈ្នះ។ តាមរយៈសន្តិភាពរកបានដោយលំបាកនៃនយោបាយឈ្នះឈ្នះនោះហើយ ដែលបង្កើតឱកាសមាស ឱកាសពេជ្រ សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមនៅកម្ពុជា»។
លោកបន្ថែមថា វិមានឈ្នះឈ្នះនេះ គឺបានរៀបចំចម្លាក់ ស្តីពីចម្លាក់ទិវាចងចាំឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ និងចម្លាក់់ដំណើរជាតិកម្ពុជានាទសវត្សឆ្នាំ៨០ និងដើមឆ្នាំ៩០ ដាក់តាំងបង្ហាញនៅជាន់ផ្ទាល់ដីផ្នែកខាងក្រៅវិមាន។
គួរបញ្ជាក់ដែរថា វិមានឈ្នះឈ្នះចាប់ផ្តើមសាងសង់នៅក្នុងខែកុម្ភៈ ឆ្នាំ២០១៦ ដែលសង់នៅផ្ទៃដីចំនួន១៥ហិកតា ដែលមានកំពស់វិមានចំនួន៥៤ម៉ែត្រ ស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍លីយ៉ុងផាត់ ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ៕