(វៀតណាម)៖ ក្នុងជំនួបពិភាក្សាការងារទ្វេភាគី រវាងរដ្ឋមន្រ្តីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃប្រទេសជប៉ុន លោក អូហ្សាតូ និងលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទកម្ពុជា បន្ទាប់ពីបានចូលរួមកិច្ចប្រជុំលើកទី៤០ នៃរដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើអាស៊ាន រួចមកនៅវេលាម៉ោង៥៖០០នាទីរសៀល ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨នេះ ភាគីជប៉ុនក៏បានស្នើដល់កម្ពុជា គាំទ្រដល់ការជ្រើសរើស ទីក្រុងអូសាកា ជាទីតាំងសម្រាប់ពិពរណ៌ពិភពលោក ឆ្នាំ២០២៥ តាមរយៈការបោះឆ្នោត នៅក្នុងខែវិច្ចិកាខាងមុខនេះ។
ក្រៅពីនេះ លោក អូហ្សាតូ ក៏បានស្នើដល់កម្ពុជា គាំទ្រដល់គណៈកម្មការបាឡែនអន្តរជាតិ (IWC) ដែលពាក់ព័ន្ធដល់ការធ្វើនេសាទបាឡែន ប្រកបដោយចីរភាពផងដែរ។ នេះបើតាមការបញ្ជាក់របស់ លោក វេង សាខុន តាមរយៈ Facebook ផ្លូវការរបស់លោក។
ក្នុងឱកាសនោះ លោករដ្ឋមន្រ្តី វេង សាខុន បានថ្លែងអំណរគុណដល់រដ្ឋាភិបាលជប៉ុន ដែលបានគាំទ្រ និងផ្តល់ហិរញ្ញប្បទានដល់កម្ពុជាក្នុងការអភិវឌ្ឍន៏សេដ្ឋកិច្ច និងសង្គមនាពេលកន្លង។
លោករដ្ឋមន្រ្តី វេង សាខុន ក៏បានស្នើឲ្យរដ្ឋាភិបាលជប៉ុន បន្តការគាំទ្រដល់កម្ពុជា ជាពិសេសលើវិស័យកសិកម្ម ព្រោះអត្រាកសិករធៀបនឹងចំនួន ប្រជាជនសរុបនៅមានកម្រិតខ្ពស់ ទន្ទឹមនឹងស្ថានភាពសេដ្ឋកិច្ចកំពុងមានការស្ទុះឡើងថេរប្រមាណ ៧ភាគរយប្រចាំឆ្នាំ ក្នុងទស្សវត្សចុងក្រោយនេះ ដែលជាកង្វល់សម្រាប់វិស័យកសិកម្ម ជាពិសេសកសិករដែលមានផ្ទៃដីដាំដុះតូច។ ដូចនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា ទាមទារឲ្យមានការគិតគូរល្អិតល្អន់ ក្នុងការជំរុញពិពិធកម្មកសិកម្ម និងជំរុញដល់កសិករខ្នាតតូចនិងមធ្យម កែប្រែពីការដាំដុះជាសួនដំណាំទៅជាការដាំដុះជាលក្ខណៈឧស្សាហកម្ម មានការឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ធន់នឹងការប្រែប្រួលអាកាសធាតុនិងជំងឺ ផ្តល់តម្លៃខ្ពស់ និងសមស្របទៅនឹងស្ថានភាពភូមិសាស្រ្ត។
លោករដ្ឋមន្រ្តី វេង សាខុន បានស្នើដល់រដ្ឋាភិបាលជប៉ុន ផ្តល់ការគាំទ្រនូវអ្នកជំនាញបច្ចេកទេស ក្នុងការសិក្សាអំពីស្ថានភាពភូមិ សាស្រ្តនៅភាគខាងត្បូងទន្លេសាប ជាពិសេសផ្នែកខ្ពង់រាប ពាក់ព័ន្ធទៅនឹងប្រភេទគុណភាពដី លទ្ធភាពបរិមាណទឹកសម្រាប់ស្រោចស្រព និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រមួយចំនួន ដើម្បីឲ្យក្រសួងមានមូលដ្ឋានគ្រប់គ្រាន់ ក្នុងការបែងចែកប្រភេទដំណាំ ដែលមានភាពសមស្របទៅតាមតំបន់នីមួយៗ។
ជាការឆ្លើយតបទៅនឹងការលើកឡើង ក៏ដូចជាសំណើរបស់ភាគីកម្ពុជា លោក អូហ្សាតូ រដ្ឋមន្រ្តីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជប៉ុន នឹងពិនិត្យមើលនូវលទ្ធភាពក្នុងការអនុវត្តគម្រោង 2KR ជំហានថ្មី ដោយឡែកចំពោះសំណើសិក្សា ពីការធ្វើពិពិធកម្មកសិកម្មនៅភាគខាងត្បូងទន្លេសាប ភាគីជប៉ុនសង្ឃឹមថា នឹងមានលទ្ធភាពក្នុងការគាំទ្រដល់ដំណើរការនេះ៕