(ភ្នំពេញ)៖ នៅឆ្នាំ២០១៨នេះ រាជរដ្ឋាភិបាលនៃកម្ពុជា រួមជាមួយព្រះរាជវង្សានុវង្ស ថ្នាក់ដឹកនាំ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ គ្រប់ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន រាជធានី ខេត្ត និង ប្រជារាស្រ្តទូទាំងប្រទេសនឹងប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប៦ឆ្នាំ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ នាពេលខាងមុខ។
ដើម្បីតបស្នងព្រះមហាករុណាទិគុណ និងព្រហ្មវិហារធម៌ដ៏ថ្លៃថ្លា ឧត្តុង្គឧត្តម វិសេសវិសាលរបស់ព្រះអង្គបានលះបង់ព្រះកាយពល ព្រះបញ្ញាញាណ ក្នុងព្រះរាជសកម្មភាព ដើម្បីបុព្វហេតុឯករាជ្យជាតិ បូរណភាព ទឹកដី ផ្សះផ្សាជាតិ បង្រួបបង្រួមជាតិ និងអភិវឌ្ឍន៍គ្រប់វិស័យ។
បើយោងតាមគណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិអន្តរជាតិ ដែលចុះហត្ថលេខាដោយ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល កាលពីពេលថ្មីៗកន្លងទៅនេះ បានដាក់ចេញនូវផែនការណែនាំមួយចំនួនដូចខាងក្រោម៖
១៖ ក្រសួងព្រះបរមរាជវាំង ចាត់តាំងរៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា «ព្រះបរមរតនកោដ្ឋ» តាមប្រពៃណីសាសនា ប្រពៃណីជាតិ និងតាមការសព្វព្រះរាជហឫទ័យរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
២៖ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ត្រូវរៀបចំកម្មវិធីជូនគ្រប់ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន និងរដ្ឋបាលរាជធានីភ្នំពេញ អញ្ជើញទៅគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា «ព្រះបរមរតនកោដ្ឋ» នាមណ្ឌបសួនច្បារខាងកើតវិមានឯករាជ្យ នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨។
៣៖ គ្រប់ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន និងរដ្ឋបាលរាជធានីភ្នំពេញ ត្រូវចាត់តាំងគណៈប្រតិភូ ថ្វាយកម្រងផ្កា គោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា «ព្រះបរមរតនកោដ្ឋ» នាមណ្ឌបសួនច្បារខាងកើតវិមានឯករាជ្យ នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង៧:៣០នាទីព្រឹកតទៅ ។
ត្រូវដាក់តាំងព្រះបរមឆាយាល័ក្ខណ៍ ព្រះករុណា «ព្រះបរមរតនកោដ្ឋ» ដោយប្រើព្រះបរមឆាយាល័ក្ខណ៍ថ្មីមិនស្លក់ពណ៌ បំភ្លឺភ្លើងពណ៌ និងតុបតែងលម្អទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ ទង់ក្អែប បដា ពាក្យស្លោក ឱ្យបានសមរម្យ និងចាត់តាំងរៀបចំ ពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប៦ឆ្នាំនៅ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ នៅតាមក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន និង រដ្ឋបាលរាជធានីភ្នំពេញរបស់ខ្លួនដោយមានវត្តមានថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្រ្តីរាជការ បុគ្គលិកក្រោមឱវាទចូលរួមឱ្យបានស័ក្តិសមទៅនឹងព្រះរាជគុណូបការៈដ៏ធំធេងរបស់ព្រះអង្គ ចំពោះជាតិ សាសនា និងប្រជារាស្រ្ត។
៤៖ រដ្ឋបាលរាជធានី ខេត្ត ត្រូវដាក់តាំងព្រះបរមឆាយាល័ក្ខណ៍ ព្រះករុណា «ព្រះបរមរតនកោដ្ឋ» ដោយប្រើព្រះបរមឆាយាល័ក្ខណ៍ថ្មីមិនស្លក់ពណ៌ បំភ្លឺភ្លើងពណ៌ និងតុបតែងលម្អទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ ទង់ក្អែប បដា ពាក្យស្លោក តាមបណ្តាមន្ទីរ អង្គភាព ក្រុមហ៊ុន រោងចក្រ សហគ្រាស គ្រឹះស្ថានសាធារណៈ សាលារៀន និងបំផុសប្រជារាស្រ្តឱ្យចងទង់ជាតិគ្រប់គេហដ្ឋានឱ្យបានគ្រប់ៗ។ ត្រូវចាត់តាំងរៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ៦ឆ្នាំនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ ដោយមានវត្តមានព្រះសង្ឃ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្រ្តីរាជការក្រោមឱវាទចូលរួមឱ្យបានកុះករ។
៥៖ ក្រសួងធម្មការ និងសាសនា ណែនាំគ្រប់វត្តអារាម មណ្ឌលវិបស្សនា និងអាស្រម ព្រះពុទ្ធសាសនា និងពាហិរសាសនា រៀបចំពិធីគោរព និងឧទ្ទិសថ្វាយព្រះរាជកុសលដល់ព្រះវិញ្ញាណក្ខន្ធ ព្រះករុណា «ព្រះបរមរតនកោដ្ឋ» ទៅតាមប្រពៃណីសាសនា នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ ដោយមានវត្តមានព្រះសង្ឃ បព្វជិត សីលវន្ត សីលវតី ឧបាសក ឧបាសិកា ប្រជារាស្រ្ត ចូលរួមឱ្យបានច្រើន និងដាក់តាំងព្រះបរមឆាយាល័ក្ខណ៍ព្រះករុណា «ព្រះបរមរតនកោដ្ឋ» ដោយប្រើព្រះបរមឆាយាល័ក្ខណ៍ថ្មីមិនស្លក់ពណ៌ តុបតែងលម្អទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ និងបដា ពាក្យស្លោក។
៦៖ ក្រសួងព័ត៌មាន ចាត់តាំងរៀបចំកម្មវិធីផ្សព្វផ្សាយឱ្យបានទូលំទូលាយតាម វិទ្យុ ទូរទស្សន៍ជាតិ ឯកជនអំពី ព្រះរាជជីវប្រវត្តិ ព្រះរាជសកម្មភាព និងស្នាព្រះហស្តរបស់ព្រះករុណា «ព្រះបរមរតនកោដ្ឋ» ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចំពោះជាតិ សាសនា និងប្រជារាស្រ្ត។
៧៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ណែនាំគ្រប់ស្ថាន អគ្គរាជទូត និង ស្ថានកុងស៊ុល នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅក្រៅប្រទេសឱ្យប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប៦ឆ្នាំ ឱ្យបានសមរម្យ។
៨៖ ទីស្តីការគណៈរដ្ឋមន្រ្តី និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវត្រៀមលក្ខណៈដោះស្រាយថវិកា សម្រាប់បម្រើការរៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា «ព្រះបរមរតនកោដ្ឋ» ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតឱ្យបានទាន់ពេលវេលា។
គួររម្លឹកថា ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះអង្គប្រសូតនៅថ្ងៃអង្គារ ១១កើត ខែកត្តិក ឆ្នាំច ចត្វាស័ក ព.ស ២៤៦៥ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩២២។ ព្រះអង្គបានយាងចូលព្រះទិវង្គត នៅថ្ងៃចន្ទ ១៥រោច ខែភទ្របទ ឆ្នាំរោង ចត្វាស័ក ព.ស ២៥៥៦ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ក្នុងព្រះជន្មាយុ ៩០ព្រះវស្សា ដោយទទួលព្រះបរមបច្ឆាមរណនាម « ព្រះបរមរតនកោដ្ឋ» ៕ ដកស្រង់ AKP