(កោះកុង)៖ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨នេះ លោក ផៃធូន ផ្លាមកេសន អភិបាលរងខេត្តកោះកុង និងលោក គង់ រឿង ប្រធានមន្ទីរសង្គមកិច្ច អតីតយុវជន និងយុវនីតីសម្បទា ខេត្តកោះកុង បានរៀបចំប្រារព្ធទិវាខួបលើកទី២០ ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ០១ តុលា ២០១៨។
លោក ផៃធូន ផ្លាមកេសន បានថ្លែងថា មន្ត្រីរាជការទាំងអស់មានសេចក្តីសោមនស្សរីករាយ ដោយរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ចំពោះ មនុស្សចាស់ជរា និងអតីតយុវជនដែលចូលនិវវត្តន៍ ដែលពួកគាត់បានបន្សល់ទុកនូវបទពិសោធន៍ជាច្រើន សម្រាប់ឱ្យក្មេងជំនាន់ក្រោយ យកមករៀនសូត្រអនុវតន៍បន្ត។
ក្នុងនោះដែលលោក ផៃធូន ផ្លាមកេសន ក៏បានអានសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨ ជូនលោកយាយលោកតា អ៊ុ ពូ មា មីុង សណ្តាប់ដោយក្តីសោមនោស្សរីរាយ។
ក្នុងឱកាសទិវាខួបលើកទី២០ លោកអភិបាលរងខេត្ត បានមតិថា រាល់សកម្មភាពទាំងអស់នេះ ហើយដែលបង្ហាញឱ្យយើងឃើញ ថាមនុស្សចាស់ ជាធនធានដ៏មានសារៈប្រយោជន៍ និងមានសារៈសំខាន់ណាស់ ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ដែលចាំបាច់ត្រូវការ ការគាំទ្រសេវាសុខុមាលភាព ដើម្បីសុខភាពល្អមានភាពរឹងមាំអាយុវែងប្រកបដោយលំនឹងផ្លូវចិត្ត ជាក់ស្តែងឆ្នាំនេះ បានកំណត់ទិសដៅ ដោយផ្តោតសំខាន់លើការបង្កើតសមាគមន៍មនុស្សចាស់នៅតាមសហគមន៍ក្រោមប្រធានបទ «សមាគមន៍ជាយន្តការដ៍សំខាន់ ក្នុងការថែរក្សាវប្បធម៌នឹងសង្គមជាតិ» ក្នុងគោលបំណងគាំទ្រលើកទឹកចិត្តដល់ការពង្រឹង នឹងពង្រីកសមាគមន៍មនុស្សចាស់ ឱ្យមានការរីកចំរើនផ្តល់សេវាប្រកបដោយគុណភាព។
នៅក្នុងឱកាសនេះដែរលោក គង់ រឿង ក៏បានលើកឡើងថា ការប្រារព្ធទិវាមនុស្សចាស់ថ្ងៃនេះ អង្គការសហប្រជាជាតិ បានកំណត់យកថ្ងៃទី១ ខែតុលា ជារៀងរាល់ឆ្នាំ ដើម្បីធ្វើការប្រារព្ធទិវាមនុស្សចាស់ ទិវាអន្តរជាតិ សម្រាប់មនុស្សចាស់ជារៀងរាល់ឆ្នាំយ៉ាងទៀងទាត់នេះ ក្នុងគោលបំណងលើកកម្ពស់កិច្ចគាំពារដ៏មានប្រសិទ្ធិភាព សំដៅលើកស្ទួយសុខុមាលភាពរបស់មនុស្សចាស់ ម៉្យាងវិញទៀតទិវានេះ ក៏មានគោលបំណងចង់បង្ហាញឱ្យឃើញផងដែរថា មនុស្សចាស់ជាធនធានដ៏មានសារៈសំខាន់ណាស់ ដែលលោកបានផ្តល់នូវចំណេះដឹង និងបទពិសោធន៍ជាច្រើនឥតគណនាសម្រាប់មនុស្សជំនាន់ក្រោយៗ ទៀតយកទៅសិក្សាបន្ត។
លោក គង់រឿង បានបញ្ជាក់បន្ថែមថា ក្នុងន័យនេះហើយទើបរាជរដ្ឋាភិបាលរបស់យើងបានកំណត់មនុស្សចាស់ជាគតិបណ្ឌិត សម្បតិ្តវប្បធម៌ជាតិ និងជាមរតកជាតិដែលមិនអាចកាត់ថ្លៃបានទៀតផង ហើយរាជរដ្ឋាភិបាលចាត់ទុកទិវាមនុស្សចាស់ ជាទិវាបុណ្យ រំឭកគុណណូបក្ការៈ របស់ជនចាស់ជរា ដែលបានបន្សល់ទុកមរតកដ៏ថ្លៃថ្លា សម្រាប់មនុស្សជំនាន់ក្រោយៗ។
ក្នុងឱកាសទិវាខួបលើកទី២០ ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ០១ តុលា ២០១៨នេះ រដ្ឋបាលខេត្តកោះកុង និងមន្ទីរសង្គមកិច្ចខេត្ត ក៏បានរៀបចំអំណោយជូនលោកយាយ លោកតា និងអតីតយុវជនក្នុងនោះរួមមាន៖ អង្ក១បាវ ទម្ងន់២៥គីឡូក្រាម គ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនផងដែរ៕