(ហាណូយ)៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨នេះ បានដឹកនាំគណៈប្រតិភូ អញ្ជើញចូលរួមកិច្ចប្រជុំលើកទី៤០ នៃរដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើអាស៊ាន ជាមួយរដ្ឋមន្រ្តីទាំង១០ នៃប្រទេសអាស៊ាន ដែលរៀបចំធ្វើឡើងនៅឯទីក្រុងហាណូយ ប្រទេសវៀតណាម។

ប្រធានបទ នៃកិច្ចប្រជុំលើកទី៤០ នៃរដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើអាស៊ាន ដែលបានលើកយកមកបង្ហាញ និងពិភាក្សារួមមាន៖

១៖ លទ្ធផលនៃមហាសន្និបាតលើកទី៣១ និង៣២ និងកិច្ចប្រជុំលើកទី៥០ នៃរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន
២៖ វឌ្ឍនៈភាពនៃការអនុវត្តក្របខណ្ឌគោលនយោបាយ ដែលពាក់ព័ន្ធទៅនឹងកិច្ចសហប្រតិបត្តិការស្បៀង កសិកម្ម និងព្រៃឈើអាស៊ាន
៣៖ ការរៀបចំសម្រាប់កិច្ចប្រជុំលើកទី១៨ នៃរដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើអាស៊ានបូកបី
៤៖ ការរៀបចំសម្រាប់កិច្ចប្រជុំលើកទី៦ រវាងរដ្ឋមន្រ្តីអាស៊ាន និងចិន

ជាលទ្ធផល នៃកិច្ចប្រជុំលើកទី៣៩ នៃរដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើអាស៊ាន នៃការអនុវត្តក្របខណ្ឌគោលនយោបាយ កិច្ចសហប្រតិបត្តិការស្បៀង កសិកម្ម និងព្រៃឈើអាស៊ាន ២០១៧-២០១៨ សម្រេចបានចំណុចសំខាន់ៗ ចំនួន៦រួមមាន៖

១៖ ឯកសារណែនាំ សម្រាប់ជំរុញឲ្យមានការទទួលខុសត្រូវ សម្រាប់ការវិនិយោគលើស្បៀង កសិកម្ម និងព្រៃឈើ
២៖​ ការបញ្រ្ចាបសមភាពយេនឌ័រ នៅក្នុងកម្មវិធីស្បៀង កសិកម្ម និងព្រៃឈើ
៣៖ កម្រិតសំណល់ថ្នាំកសិកម្មអតិបរមារបស់អាស៊ាន (ASEAN MRL) និង ប្រភេទស្តង់ដារផលិតផល កសិផលរបស់អាស៊ាន (ASEAN Standards)
៤៖ គោលនយោបាយដែលជំរុញកិច្ចសហប្រតិបត្តិការ អន្តរវិស័យរវាងព្រៃឈើ និងវិស័យផ្សេងៗ
៥៖ ការអនុវត្តការចិញ្ចឹមសត្វល្អ (GAHP)
៦៖ ត្រីវិស័យរបស់អាស៊ាន ក្នុងការពង្រឹងតួនាទីរបស់សហគមកសិកម្ម នៅក្នុងខ្សែចង្វាក់ផលិតកម្ម កសិកម្មសកលពីឆ្នាំទី២០១៨ ដល់២០២៥។

អង្គប្រជុំក៏បានជំរុញឲ្យសមាជិកអាស៊ានទាំងអស់ បន្តពង្រឹងសន្តិសុខស្បៀង កសិធុរកិច្ច និងសុវត្ថិភាពចំណីអាហារ។ ដោយឡែកពាក់ព័ន្ធ ទៅនឹងអនុវិស័យសត្វ អង្គប្រជុំបានសម្រេចបង្កើតនូវស្តង់ដារក្នុងការ ចាក់វ៉ាក់សាំង សត្វ និងការអនុវត្តការចិញ្ចឹមសត្វល្អ ជាពិសេសកសិដ្ឋានចិញ្ចឹមជ្រូក។ ក្រៅពីនេះ អង្គប្រជុំ ក៏បានឯកភាពក្នុងការបង្កើត ក្រុមការងារបច្ចេកទេសលើការកំណត់បទដ្ឋានណែនាំ សម្រាប់ការអនុវត្តវារិវប្បកម្មល្អ និងការអនុវត្ត ការចិញ្ចឹមបង្គាល្អ។

ចំពោះអនុវិស័យព្រៃឈើ អង្គប្រជុំបានគាំទ្រឲ្យមានការរៀបចំ នូវបទដ្ឋានណែនាំ ពីការអភិវឌ្ឍន៍កសិ-រុក្ខាកម្ម និងយន្តការគ្រប់គ្រងធនធានព្រៃឈើ ប្រកបដោយនិរន្តភាព ដើម្បីពង្រឹងភាពប្រកួតប្រជែង ក្នុងការធ្វើពាណិជ្ជកម្មព្រៃឈើ នៅលើឆាកអន្តរជាតិ ដោយគោរព ទៅតាមលក្ខខណ្ឌតម្រូវរបស់ពិភពលោក៕