(ភ្នំពេញ)៖ ដើម្បីចូលរួមលើកស្ទួយសេដ្ឋកិច្ចជាតិ ក៏ដូចជាជីវភាពប្រជានជនកម្ពុជា តាមរយៈការលើកកម្ពស់ការយល់ដឹងលើផ្នែកហិរញ្ញវត្ថុ និងការវិនិយោគ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា CSX បានរៀបចំជាវគ្គបណ្តុះបណ្តាលជាច្រើន ដើម្បីជាជំនួយដល់សាធារណជន ក៏ដូចជាវិនិយោគិនមានការយល់ដឹង កាន់តែទូលំទូលាយទៅលើគន្លឹះនៃការវិនិយោគ។
ជាក់ស្ដែង CSX បានបញ្ជ្រាបការយល់ដឹងលើការរៀបចំផែនការហិរញ្ញវត្ថុរួមមាន៖ វិធីសាស្ត្រក្នុងការគ្រប់គ្រងចំណូល, ចំណាយ, សន្សំ, ក៏ដូចជាការវិនិយោគ ដែលសមស្របជាមួយនឹងតម្រូវការ, ការរំពឹងទុក, កម្រិតទទួលយកហានិភ័យ, ចំណេះដឹង, បទពិសោធន៍, ព្រមទាំងរយៈពេលវិនិយោគ ដើម្បីជាជំនួយក្នុងការរៀបចំ និងសម្រេចនូវផែនការអនាគត។
លើសពីនេះទៅទៀត CSX បានអញ្ជើញវាគ្មិនល្បីៗ ដែលទទួលបានជោគជ័យក្នុងមុខជំនួញ ដើម្បីចែករំលែកពីយុទ្ធសាស្រ្តនានា ក្នុងការវិនិយោគ និងពង្រីកអាជីវកម្មបានជោគជ័យ។ ក្រៅពីការរៀបចំសិក្ខាសាលានានា CSX ក៏បានរៀបចំព្រឹត្តិការណ៍ អប់រំនានាដូចជា៖ ពិព័រណ៍ My First Stock កម្មវិធីប្រកួតប្រជែងជួញដូរភាគហ៊ុនជាដើម។
សូមបញ្ជាក់ថា CSX បានរៀបចំសកម្មភាព និងព្រឹត្តិការណ៍ផ្ដល់ចំណេះដឹងផ្សេងៗ ដល់សាធារណជនរួមមាន៖
១៖ ក្នុងឆ្នាំ២០១៥ CSX បានរៀបចំវគ្គបណ្តុះបណ្តាលនៅរាជធានីភ្នំពេញប្រមាណ១០លើក និងតាមបណ្តាខេត្តចំនួន២លើក។
២៖ នៅឆ្នាំ២០១៦ CSX បានរៀបចំវគ្គបណ្តុះបណ្តាលនៅរាជធានីភ្នំពេញប្រមាណ៣០លើក និងតាមបណ្តាខេត្តចំនួន៣លើក។
៣៖ នៅឆ្នាំ២០១៧ CSX បានរៀបចំវគ្គបណ្តុះបណ្តាលនៅរាជធានីភ្នំពេញប្រមាណ៣៥លើក និងតាមបណ្តាខេត្តចំនួន៧លើក។
៤៖ គិតត្រឹមត្រីមាសទី៣ នៃឆ្នាំ២០១៨ CSX បានរៀបចំវគ្គបណ្តុះបណ្តាល ក្នុងរាជធានីភ្នំពេញប្រមាណ២០លើក និងតាមបណ្តាខេត្តចំនួន២លើក។
បន្ថែមពីសកម្មភាពខាងលើ CSX ក៏បានចូលរួមធ្វើសិក្ខាសាលា ជាមួយគណៈកម្មការមូលបត្រកម្ពុជា និងស្ថាប័នផ្សេងទៀតដូចជា ក្រុមហ៊ុនមូលបត្រ និងធនាគារស៊ីអាយអិមប៊ី ស្តីពីទីផ្សារមូលបត្រ និងបានលើកឧទាហរណ៍ពីអាជីវកម្ម និងការវិនិយោគប្រភេទថ្មីមួយចំនួន ដែលមិនស្របច្បាប់ និងឈានទៅដល់ការបោកប្រាស់ ដើម្បីឱ្យសាធារណជនមានការយល់ដឹង និងប្រុងប្រយ័ត្នជាដើម៕