(ហាណូយ)៖ លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមដំណើរដោយមន្រ្តីជាន់ខ្ពស់ក្រសួង នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨នេះ បានអញ្ជើញចូលរួមពិធី បើកកិច្ចប្រជុំលើកទី៤០ នៃរដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើអាស៊ាន ក្រោមអធិបតីភាព លោក ត្រិញ ឌិញហ្សូង (Trinh Dinh Dung) ឧបនាយករដ្ឋមន្រ្តីនៃវៀតណាម នៅឯទីក្រុងហាណូយ ប្រទេសវៀតណាម។
កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណង ពិនិត្យមើលរួមគ្នានូវវឌ្ឍនៈភាព និងសមិទ្ធិផល នៃការអនុវត្តក្របខណ្ឌគោលនយោបាយ ដែលពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការស្បៀង កសិកម្ម និងព្រៃឈើអាស៊ាន ដើម្បសម្រេច បាននូវចក្ខុវិស័យកសិកម្មអាស៊ានក្នុងឆ្នាំ២០៣០ ជាកសិកម្មទំនើប មានលក្ខណៈប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងនិរន្តភាព ដែលនាំដល់ការកើនឡើងប្រាក់ចំណូលគ្រួសារកសិករ វិបុលភាព និងសុខុមាលភាពប្រជាពលរដ្ឋតំបន់។ បន្ទាប់មកគណៈប្រតិភូ បានអញ្ជើញទស្សនា ការដាក់តាំងពិពរណ៌ផលិតផលកសិកម្មរបស់អាស៊ាន៕