(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨នេះ បានចុះជួបសំណេះសំណាល ជាមួយកងកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ និងខណ្ឌពោធិ៍សែនជ័យ ដើម្បីណែនាំដល់កងកម្លាំងនគរបាល បង្កើនការយកចិត្តទុកដាក់ ក្នុងការងារទប់ស្កាត់ បង្ការ និងបង្ក្រាបបទល្មើស ក៏ដូចជាការផ្ដល់សេវាជូនប្រជាពលរដ្ឋ។
ក្រោយពីបានស្តាប់របាយការណ៍ពីលោកអធិការខណ្ឌរួចមក ដោយបានបញ្ជាក់ថា បទល្មើសក្នុងខែចុងក្រោយនេះ មានការថយចុះ ព្រមទាំងបានបង្ក្រាបបានជាហូហែរ ដោយមិនបណ្ដែតបណ្ដោយនោះឡើយ។
ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក ស ថេត បានដាក់ផែនការសំខាន់ៗ ចំនួនបីចំណុចដល់កងកម្លាំងនគរបាលឲ្យអនុវត្ត រួមមាន ទី១៖ បញ្ហាគ្រឿងញៀន ត្រូវធ្វើការផ្សព្វផ្សាយ, អប់រំព្យាបាល និងការបង្ក្រាបដោយអនុវត្តច្បាប់, ទី២៖ បញ្ហាគាស់ផ្ទះ ឆក់ ប្លន់ ត្រូវបង្ការបទល្មើសដោយត្រួតពិនិត្យ កំណត់មុខសញ្ញា, ចុះដល់កន្លែងទាន់ហេតុការណ៍, ផ្តល់ភាពកក់ក្តៅដល់ជនរងគ្រោះពិសេសបញ្ហាសតិអារម្មណ៍ និងទី៣៖ផ្តល់សេវាសាធារណៈជូនពលរដ្ឋ ឲ្យបានឆាប់រហ័ស ដោយត្រូវផ្ដល់អត្តសញ្ញាណប័ណ្ណ និងសៀវភៅគ្រួសារ។
បន្ថែមពីនេះ លោកឧត្តមសេនីយ៍ស្នងការ ក៏បានសង្កត់ធ្ងន់លើបញ្ហាមួយចំនួនទៀត រួមមាន ចំណាត់ការភ្លាមៗលើការទទួលបណ្តឹង តាមទូរស័ព្ទ តាមពាក្យបណ្តឹង ហើយត្រូវរាយការណ៍ជូនថ្នាក់អំពីសភាពការណ៍ប្រចាំថ្ងៃក្នុងមូលដ្ឋាន និងត្រៀមកម្លាំងអន្តរាគមន៍ជាប្រចាំ ហើយការអនុវត្តការងាររបស់កងកម្លាំងត្រូវធ្វើឡើងជាប្រចាំ ឲ្យដូចខ្យល់បក់ ហើយត្រូវបំពេញបេសកម្មបម្រើប្រជាពលរដ្ឋដោយ រាបសារ ទន់ភ្លន់ និងម៉ឺងម៉ាត់៕