(ភ្នំពេញ)៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងរវាងរថយន្ដ Highlander បើកបរដោយនារីមួយក្រុម ទៅបុកជាមួយរថយន្ដ Range Rover សេរ៊ីទំនើបបណ្ដាលឲ្យក្រឡាប់៣ជុំ ផ្ងារជើងមួយចំហៀង ចំណែកឯរថយន្ត Highlander រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ តែសំណាងល្អក្នុងហេតុការណ៍នេះ មិនបណ្ដាលឲ្យមនុស្សរងរបួសធ្ងន់ធ្ងរឡើយ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១២៖៤៥នាទីយប់រំលងអធ្រា្រត ឈានចូលថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ នៅត្រង់ចំណុចស្តុប ណានជីង តាមបណ្ដោយផ្លូវលេខ១៦៩ កែងនឹងផ្លូវកម្ពុជាក្រោម ស្ថិតក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលនៅក្បែរកន្លែងកើតហេតុបានប្រាប់ឲ្យភ្នាក់ងារ Fresh News ឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្ដស៊េរីទំនើបមួយគ្រឿងម៉ាក Range Rover ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AY-3663 បើកបរដោយបុរសម្នាក់ និងនារីម្នាក់រួមដំណើរជាមួយ បានធ្វើដំណើរតាមបណ្ដោយផ្លូវ១៦៩ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿន។ ខណៈពេលជិះមកដល់ចំណុចកើតហេតុខាងលើ ក៏បានបើកឆ្លងស្តុបមិនបន្ថយល្បឿន និងខ្វះការប្រុងប្រយ័ត្ន ក៏ត្រូវរថយន្តមួយគ្រឿងទៀតម៉ាក Highlander ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AC-6117 បើកបរដោយនារីមួយក្រុមមានគ្នា៣នាក់ បានធ្វើដំណើរតាមបណ្ដោយផ្លូវកម្ពុជាក្រោម ទិសដៅពីកើតមកលិច ក្នុងល្បឿនយ៉ាងលឿនដូចគ្នា ហើយក៏បុកជាមួយរថយន្តម៉ាក Range Rover ពីចំហៀងខាងក្រោយពេញទំហឹង បណ្ដាលឲ្យរថយន្ត Range Rover ក្រឡាប់៣ត្រឡប់ផ្ងារជើងរងការខូចខាតយ៉ាងដំណំ។
ចំណែកឯម្ចាស់រថយន្តរកកន្លែងចេញមកមិនរួច ត្រូវបានប្រជាពលរដ្ឋជួយវាយបំបែកកញ្ចក់មុខ គាស់ឲ្យចេញមកក្រៅ រួចឡើងរថយន្តមួយគ្រឿងទៀត បើកចេញពីកន្លែងកើតហេតុបាត់ទៅ។ រីឯរថយន្ត Highlander វិញបានរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំផងដែរ និងផ្ទុះពោងសុវត្ថិភាពទាំង២ ហើយថែមទាំងហូរហៀរប្រេងពេញផ្លូវ។ ក្រោយពីឃើញអ្នកបើករថយន្ត Range Rover ឡើងរថយន្តទៅបាត់ នារីទាំង៣នាក់នោះ ក៏បាននាំគ្នាប្រមូល សម្ភារមានតម្លៃទុក ហើយក៏ចេញពីកន្លែងកើតហេតុបាត់ទៅ។
នេះពិតជាសំណាងហើយ ដែលក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសនោះឡើយ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែង រួចស្ទូចយករថយន្តទាំង ២គ្រឿងទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕