(ភ្នំពេញ)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ព្រមទាំងមន្រ្តីបម្រើការងារនៅក្នុងក្រសួងមួយនេះ បានប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះជំហរដ៏ម៉ឹងម៉ាត់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការការពារអធិបតេយ្យ ឯករាជ្យ ព្រមទាំងសុខសន្តិភាពរបស់កម្ពុជា ដោយមិនឱនលំទោនចំពោះការគំរាមកំហែង ឬព្រមានពីបរទេសណាមួយនោះ។
ការចេញមកប្រកាសគាំទ្ររបស់រដ្ឋមន្ត្រី និងមន្រ្តីក្រសួងព័ត៌មាន បានធ្វើឡើងក្រោយពេលសម្តេចតេជោ ហ៊ុន សែន ក្នុងជំនួបសំណេះសំណាលជាមួយនិស្សិត និងប្រជាពលរដ្ឋនៅក្នុងប្រទេសជប៉ុន កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៨កន្លងទៅ ក្នុងអំឡុងពេលសម្តេចតេជោ អញ្ជើញបំពេញទស្សនកិច្ចនៅក្នុងប្រទេសជប៉ុន បានប្រកាសរក្សាជំហរយ៉ាងម៉ឹងម៉ាត់បំផុតក្នុងការរក្សាអធិបតេយ្យ និងឯករាជ្យរបស់កម្ពុជា ដោយមិនអនុញ្ញាតឲ្យបរទេសណាមកជាន់ឈ្លី ជាថ្នូរនឹងជំនួយ ឬការព្រមានណាមួយនោះឡើយ។
សម្តេចតេជោ បានលើកឡើងថា ការឱនក្បាលចំពោះបរទេសមួយដង នឹងមានមានការឱនក្បាលជាបន្តបន្ទាប់មិនអាចងើបរួចនោះឡើយ ហើយការឱក្បាលចំពោះបរទេសជាថ្នូរសម្រាប់ជំនួយ ឬជាថ្នូរនឹងអ្វីមួយនោះ គឺជាការបំផ្លាញនូវអធិបតេយ្យ និងឯករាជ្យជាតិរបស់កម្ពុជាផងដែរ។ ក្នុងនាមជាអ្នកទទួលខុសត្រូវខ្ពស់ចំពោះជោគវាសនាប្រទេសជាតិតាំងពីក្រោយរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នោះ សម្តេចតេជោ បានអះអាងថា សម្តេចនឹងមិនធ្វើទង្វើឱនក្បាលចំពោះបរទេសជាថ្នូរនឹងអ្វីមួយនោះឡើយ។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់យ៉ាងដូច្នេះ «ខ្ញុំនិយាយហើយនិយាយទៀតកុំយកអធិបតេយ្យជាតិទៅដូរជាមួយជំនួយ កុំយកសន្តិភាពរបស់ប្រទេសទៅដូរជាមួយជំនួយ។ ឥឡូវចង់នរណាចាត់ការកម្ពុជាតាមវិធីណាចាត់ការចុះ ប៉ុន្តែកម្ពុជាត្រូវរឹងមាំចំពោះគោលការណ៍ការពារអធិបតេយ្យ ឯករាជ្យជាតិរបស់ខ្លួន។ បើកម្ពុជាអនុវត្តន៍ច្បាប់កម្ពុជាមិនបានផង ចាំបាច់ទៅធ្វើកម្ពុជាធ្វើអី ចាំបាច់ធ្វើប្រទេសមួយធ្វើអី»។
ក្នុងញត្តិគាំទ្ររបស់ក្រសួងព័ត៌មាន ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨នេះ លោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានលើកឡើងថា ការបង្ហាញជំហរដ៏ម៉ឹងម៉ាត់របស់សម្តេចតេជោ ហ៊ុន សែន គឺជាវីរភាពស្នេហាជាតិមាតុភូមិ និងគោរពយ៉ាងខ្ជាប់ខ្ជួននូវរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាក្នុងមាត្រា៥២។
តាមរយៈញត្តិគាំទ្រនេះ លោក ខៀវ កាញារីទ្ធ រួមនឹងមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់យ៉ាងដូច្នេះ «យើងខ្ញុំសូមប្រកាសគាំទ្រយ៉ាងឱឡារឹកបំផុត និងប្តេជ្ញាអនុវត្តយ៉ាងពេញទំហឹងនូវប្រសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាខាងលើនេះ ដែលបង្ហាញឲ្យឃើញពីចរិត និងស្មារតីជាគោលការណ៍រឹងដូចដែកថែបដោយមិនយកអធិបតេយ្យ ឯកភាពជាតិ និងសន្តិភាពដូរជាមួយជំនួយ និងកម្ពុជាត្រូវមានសិទ្ធិអនុវត្តអធិបតេយ្យភាពរបស់កម្ពុជា»។
រដ្ឋមន្ត្រី និងមន្រ្តីក្រសួងព័ត៌មាន ក៏បានប្រកាសមិនគាំទ្រជាដាច់ខាតចំពោះគោលជំហររបស់បុគ្គលមួយចំនួនមាននិន្នាការផ្ទុយ ដែលព្រមឱនក្បាលដាក់បរទេស ដើម្បីជាលេសលូកដៃកកូរកកាយជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជាដែលជារដ្ឋអធិបតេយ្យ៕