(សៀមរាប)៖ មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន នៃយោធភូមិភាគទី៤ ទាំងអស់ បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះជំហរដ៏ម៉ឹងម៉ាត់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការការពារអធិបតេយ្យ ឯករាជ្យ ព្រមទាំងសុខសន្តិភាពរបស់កម្ពុជា ដោយមិនឱនលំទោនចំពោះការគំរាមកំហែង ឬព្រមានពីបរទេសណាមួយនោះ។
ការប្រកាសរបស់ នាយទាហាន នាយទាហានរង និងពលទាហាន នៃយោធភូមិភាគទី៤ បានធ្វើឡើងក្រោយពេល សម្តេចតេជោ ហ៊ុន សែន ក្នុងជំនួបសំណេះសំណាលជាមួយនិស្សិត និងប្រជាពលរដ្ឋនៅក្នុងប្រទេសជប៉ុន កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៨ បានប្រកាសរក្សាជំហរយ៉ាងម៉ឹងម៉ាត់បំផុតក្នុងការរក្សាអធិបតេយ្យ និងឯករាជ្យរបស់កម្ពុជា ដោយមិនអនុញ្ញាតឲ្យបរទេសណាមកជាន់ឈ្លី ជាថ្នូរនឹងជំនួយ ឬការព្រមានណាមួយនោះឡើយ។
នាយទាហាន នាយទាហានរង និងពលទាហាន នៃយោធភូមិភាគទី៤ បានចាត់ទុកថា ការបង្ហាញជំហរដ៏ម៉ឹងម៉ាត់របស់សម្តេចតេជោ ហ៊ុន សែន គឺជាវីរភាពស្នេហាជាតិដ៏អង់អាចក្លាហានបំផុត និងមានលក្ខណៈជាប្រវត្តិសាស្ត្រសម្រាប់ប្រជាជាតិខ្មែរទាំងមូល និងបានធ្វើឡើងយ៉ាងត្រឹមត្រូវបំផុត ស្របទៅតាមបទប្បញ្ញត្តិជាធរមាននៃរដ្ឋធម្មនុញ្ញរបស់កម្ពុជា។
នាយទាហាន នាយទាហានរង និងពលទាហាន នៃយោធភូមិភាគទី៤ បានប្រកាសប្តេជ្ញាអនុវត្តនូវអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន យ៉ាងម៉ឹងម៉ាត់ និងប្តេជ្ញាលះបង់គ្រប់បែបយ៉ាង ដើម្បីការពារដាច់ខាតនូវឯករាជ្យភាព សន្តិភាព អធិបតេយ្យ បូរណភាពទឹកដី និងផលប្រយោជន៍របស់ជាតិកម្ពុជា។
នាយទាហាន នាយទាហានរង និងពលទាហាន នៃយោធភូមិភាគទី៤ ក៏បានប្រកាសមិនគាំទ្រជាដាច់ខាតចំពោះគោលជំហររបស់បុគ្គលមួយចំនួនមាននិន្នាការផ្ទុយ ដែលព្រមឱនក្បាលដាក់បរទេស ដើម្បីជាលេសលូកដៃកកូរកកាយជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជាដែលជារដ្ឋអធិបតេយ្យ៕