(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់មិត្តភាពអន្តរជាតិរដូវកាលឆ្នាំ២០១៨ ដែលនាំមកជូនដោយស្រាបៀរកម្ពុជា រវាងគូសងសឹកក្រុមគោព្រៃកម្ពុជា ទល់នឹងទីម័រខាងកើត នឹងកើតឡើងនៅថ្ងៃទី១២ ខែតុលា ខាងមុខនេះហើយ នៅពហុកីឡដ្ឋានជាតិអូឡាំពិក នៅម៉ោង៦ល្ងាច ។
នេះជាព័ត៌មានសម្រាប់អ្នកស្នេហាកីឡាបាល់ទាត់ ក៏ដូចជាសម្រាប់គូស្នេហ៍យុវវ័យ ដែលចង់បង្កើតអនុស្សាវរីយ៍ជាមួយគ្នាក្នុងវិស័យបាល់ទាត់ ដោយរួមគ្នាស្រែកហ៊ោរជាមួយពាក្យ «កម្ពុជា ឈ្នះ ឈ្នះ!» ដើម្បីផ្តល់កម្លាំងចិត្តឲ្យកីឡាករកម្ពុជា សូមចាប់ផ្តើមណាត់គ្នាឲ្យហើយ និងរកទិញសំបុត្រចូលរួមទស្សនាឲ្យបានមុនគេ សម្រាប់ការប្រកួតលើកនេះ។
លោក លាង ពៅ (ភីធើរ) អគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែរវើរីជីស បានថ្លែងថា «យើងសង្កេតឃើញថា ការគាំទ្រចូលរួមទស្សនាផ្ទាល់ ការប្រកួតបាល់ទាត់ បានក្លាយទៅជាព្រឹត្តការណ៍ដ៏ពេញនិយមមួយ ក្នុងចំនោមស្រទាប់យុវវ័យនាពេលបច្ចុប្បន្ន តួយ៉ាងការ ប្រកួតកន្លងទៅរវាង កម្ពុជា ទល់នឹង ម៉ាឡេស៊ីកាលពីខែមុន មានអ្នកចូលរួមទស្សនារហូតដល់ជាង ៣ម៉ឺននាក់ឯណោះទោះបីជាមានភ្លៀងធ្លាក់ខ្លាំងយ៉ាងណាក៏ដោយ ហើយរួមជាមួយសម្រែកហ៊ោរខ្លាំងខ្លាំងជាមួយពាក្យ «កម្ពុជា ឈ្នះឈ្នះ!» ថែមទៀត» ។
លោកអគ្គនាយករូបនេះ ក៏បានបន្ថែមទៀតថា ការណ៍នេះ សបញ្ជាក់ឲ្យឃើញថា យុវជន យុវវ័យកម្ពុជានាពេលបច្ចុប្បន្ន កាន់តែស្រឡាញ់វិស័យកីឡាបាល់ទាត់ កាន់តែខ្លាំងឡើង វាជាសញ្ញាដ៏ល្អសម្រាប់វិស័យបាល់ទាត់កម្ពុជា ។ដូច្នេះ ស្រាបៀរកម្ពុជា នឹងព្យាយាមបន្តនាំមកជូននូវការប្រកួតបែបនេះ រៀងរាល់ឆ្នាំផងដែរ។
ក្រុមហ៊ុន ក៏មានការផ្តល់ជូនសំបុត្រចូលទស្សនាផ្ទាល់ដោយឥតគិតថ្លៃចំនួន ១០០សំបុត្រ ទៅដល់អ្នកស្នេហាវិស័យបាល់ទាត់ ដែលចូលទៅ ស៊ែរ (Share) ផុសការផ្សព្វផ្សាយ ពីការប្រកួតលើកនេះ ក្នុងទំព័រហ្វេសប៊ុកស្រាបៀរកម្ពុជា ទៅលើប្រូវហា្វល់(Profile) របស់ពួកគេផងដែរ។
សូមបញ្ជាក់ផងដែរថា ក្រៅពីព្រឹត្តការណ៍ នៃការប្រកួតបាល់ទាត់នេះ នៅស្តង់ស្រាបៀរកម្ពជា ក៏នឹងផ្តល់ជូននូវកម្មវិធីល្បែងកម្សាន្តសប្បាយៗ និង រង្វាន់ផ្សេងៗដូចជាអាវយឺតគាំទ្រកម្ពុជា សំភារៈសម្រាប់ស្រែកហ៊ោរ និងភេសជ្ចៈដោយឥតគិតថ្លៃផងដែរ។ ដូច្នេះសូមកំភ្លេចទៅយកមុនពេលចូលទៅទស្សនាការប្រកួតផ្ទាល់។
ខ្មែរ ប៊ែវើរីជីស (Khmer Beverages) ជាក្រុមហ៊ុនវិនិយោគដោយកូនខ្មែរ ១០០% ហើយក៏ជាក្រុមហ៊ុនបុត្រសម្ព័ន្ធក្រុមហ៊ុន ជីប ម៉ុង ដោយផលិតស្រាបៀរកម្ពុជា ស្រាបៀរស្តោត (Barrley Black) ស្រាបៀរគូដូ (Kudo) ទឹកក្រូច អាយស៍ (IZE) ទឹកផ្លែឈើជូប (Joop) ភេសជ្ជៈប៉ូវកម្លាំងវើក (Wurkz) និងទឹកសុទ្ធកម្ពុជា (Cambodia Water)៕