(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បាន ឲ្យដឹងនៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨នេះថា មន្ដ្រីនគរបាលចរាចរណ៍ម្នាក់ ដែលទារលុយពីជនជាតិចិន ចំនួន១០០ដុល្លារ ហើយតថ្លៃចុះត្រឹម៥០ដុល្លារ ជាថ្នូរនឹងការបើកបរខុសច្បាប់ចរាចរណ៍ នៅខេត្តព្រះសីហនុ ប្រឈមនឹងការទទួល ពិន័យរដ្ឋបាល និងច្បាប់របស់កងកម្លាំងនគរបាលជាតិ។
លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News យ៉ាងដូច្នេះថា «ចំពោះមន្ដ្រីនគរបាលចរាចរណ៍នោះ អាច ប្រឈមនឹងការដាក់ពិន័យរដ្ឋបាល ឬដកអាចស័ក្ដិ ឬអាចឈានដល់ការដកចេញពីក្របខ័ណ្ឌ ទៅតាមច្បាប់របស់កងកម្លាំងនគរបាលជាតិ លេខ០០៦»។
លោកឧត្តមសេនីយ៍ប្រធាននាយកដ្ឋាន បានបញ្ជាក់ថា មន្ដ្រីនគរបាលដែលទារលុយពីជនជាតិចិន នៅខេត្តព្រះសីហនុនោះ ឈ្មោះ សំ ពិសិដ្ឋ ឋានន្តរសក្ដិ ថ្នាក់ អនុសេនីយ៍ ត្រី ឋានៈ មន្ត្រី នៅ ផ្នែក អន្តរាគមន៍ នៃ ការិយាល័យ នគរបាល ចរាចរណ៍ ផ្លូវ គោក របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។
សូមជម្រាបថា ប៉ុន្មានថ្ងៃនេះ មានករណី គណនី Facebook ជាច្រើន បាន បង្ហោះ ផ្សព្វផ្សាយ ចែកចាយបន្ដគ្នា អំពី នគរបាល ចរាចរណ៍ ផ្លូវ គោកម្នាក់ បានឃាត់ រថយន្តមួយគ្រឿង បើកបរ ដោយ ជនជាតិ ចិន ទារលុយ ចំនួន ១០០ដុល្លារ ក្រោយ មក តថ្លៃ សល់ ៥០ដុល្លារ ជាថ្នូរនឹងការមិនអនុវត្តច្បាប់ចរាចរណ៍។ ក្រោយទទួលបានព័ត៌មាននេះ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាឲ្យស្រាវជ្រាវ និងហៅមន្ដ្រីនគរបាលរូបនោះ មកសួរនាំផងដែរ រួចអនុវត្តទៅតាមច្បាប់របស់កងកម្លាំងនគរបាលជាតិ៕