(កំពង់ចាម)៖ ឧត្តមសេនីយ៍ទោ ហ៊ូ ពៅ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ចាម ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាន បានប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះជំហរដ៏ម៉ឹងម៉ាត់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការការពារអធិបតេយ្យ ឯករាជ្យ ព្រមទាំងសុខសន្តិភាពរបស់កម្ពុជា ដោយមិនឱនលំទោនចំពោះការគំរាមកំហែង ឬព្រមានពីបរទេសណាមួយនោះ។
ការចេញមកប្រកាសគាំទ្ររបស់ឧត្តមសេនីយ៍ទោ ហ៊ូ ពៅ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ចាម បានធ្វើឡើងក្រោយពេលសម្តេចតេជោ ហ៊ុន សែន ក្នុងជំនួបសំណេះសំណាលជាមួយនិស្សិត និងប្រជាពលរដ្ឋនៅក្នុងប្រទេសជប៉ុន កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៨កន្លងទៅ ក្នុងអំឡុងពេលសម្តេចតេជោ អញ្ជើញបំពេញទស្សនកិច្ចនៅក្នុងប្រទេសជប៉ុន បានប្រកាសរក្សាជំហរយ៉ាងម៉ឹងម៉ាត់បំផុតក្នុងការរក្សាអធិបតេយ្យ និងឯករាជ្យរបស់កម្ពុជា ដោយមិនអនុញ្ញាតឲ្យបរទេសណាមកជាន់ឈ្លី ជាថ្នូរនឹងជំនួយ ឬការព្រមានណាមួយនោះឡើយ។
សម្តេចតេជោ បានលើកឡើងថា ការឱនក្បាលចំពោះបរទេសមួយដង នឹងមានមានការឱនក្បាលជាបន្តបន្ទាប់មិនអាចងើបរួចនោះឡើយ ហើយការឱក្បាលចំពោះបរទេសជាថ្នូរសម្រាប់ជំនួយ ឬជាថ្នូរនឹងអ្វីមួយនោះ គឺជាការបំផ្លាញនូវអធិបតេយ្យ និងឯករាជ្យជាតិរបស់កម្ពុជាផងដែរ។ ក្នុងនាមជាអ្នកទទួលខុសត្រូវខ្ពស់ចំពោះជោគវាសនាប្រទេសជាតិតាំងពីក្រោយរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នោះ សម្តេចតេជោ បានអះអាងថា សម្តេចនឹងមិនធ្វើទង្វើឱនក្បាលចំពោះបរទេសជាថ្នូរនឹងអ្វីមួយនោះឡើយ។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់យ៉ាងដូច្នេះ «ខ្ញុំនិយាយហើយនិយាយទៀតកុំយកអធិបតេយ្យជាតិទៅដូរជាមួយជំនួយ កុំយកសន្តិភាពរបស់ប្រទេសទៅដូរជាមួយជំនួយ។ ឥឡូវចង់នរណាចាត់ការកម្ពុជាតាមវិធីណាចាត់ការចុះ ប៉ុន្តែកម្ពុជាត្រូវរឹងមាំចំពោះគោលការណ៍ការពារអធិបតេយ្យ ឯករាជ្យជាតិរបស់ខ្លួន។ បើកម្ពុជាអនុវត្តន៍ច្បាប់កម្ពុជាមិនបានផង ចាំបាច់ទៅធ្វើកម្ពុជាធ្វើអី ចាំបាច់ធ្វើប្រទេសមួយធ្វើអី»។
ក្នុងញត្តិគាំទ្ររបស់ឧត្តមសេនីយ៍ទោ ហ៊ូ ពៅ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ចាម ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨នេះ មេបញ្ជាការតំបន់ប្រតិបត្តិការសឹកកំពង់ចាម បានលើកឡើងថា ការបង្ហាញជំហរដ៏ម៉ឹងម៉ាត់របស់សម្តេចតេជោ ហ៊ុន សែន គឺជាវីរភាពស្នេហាជាតិដ៏អង់អាចក្លាហានបំផុត និងមានលក្ខណៈជាប្រវត្តិសាស្ត្រសម្រាប់ប្រជាជាតិខ្មែរទាំងមូល និងបានធ្វើឡើងយ៉ាងត្រឹមត្រូវបំផុត ស្របទៅតាមបទប្បញ្ញត្តិជាធរមាននៃរដ្ឋធម្មនុញ្ញរបស់កម្ពុជា។
តាមរយៈញត្តិគាំទ្រនេះ ឧត្តមសេនីយ៍ទោ ហ៊ូ ពៅ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ចាម ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាន បានប្រកាសប្តេជ្ញាអនុវត្តនូវអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន យ៉ាងម៉ឹងម៉ាត់ និងប្តេជ្ញាលះបង់គ្រប់បែបយ៉ាង ដើម្បីការពារដាច់ខាតនូវឯករាជ្យភាព សន្តិភាព អធិបតេយ្យ បូរណភាពទឹកដី និងផលប្រយោជន៍របស់ជាតិកម្ពុជា។
ឧត្តមសេនីយ៍ទោ ហ៊ូ ពៅ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ចាម ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាន ក៏បានប្រកាសមិនគាំទ្រជាដាច់ខាតចំពោះគោលជំហររបស់បុគ្គលមួយចំនួនមាននិន្នាការផ្ទុយ ដែលព្រមឱនក្បាលដាក់បរទេស ដើម្បីជាលេសលូកដៃកកូរកកាយជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ដែលជារដ្ឋអធិបតេយ្យ៕