(ភ្នំពេញ)៖ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ដ្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងថ្នាក់ដឹកនាំ ព្រមទាំងមន្ដ្រីរាជការស៊ីវិលទាំងអស់ នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨នេះ បានប្រកាសគាំទ្រពេញទំហឹង ចំពោះជំហរម៉ឺងម៉ាត់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការការពារអធិបតេយ្យជាតិ ឯករាជ្យជាតិ និងសន្តិភាព ដោយមិនចុះញមជាមួយបរទេសព្រោះតែជំនួយ ឬការគំរាមសម្លុតណាមួយនោះ។
តាមរយៈអង្គភាពព័ត៌មាន Fresh News លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ ក៏បានប្រកាសច្រានចោលចំពោះគោលជំហររបស់បុគ្គលមួយចំនួន ដែលមាននិន្នាការផ្ទុយ ដែលព្រមឱនក្បាលរណបជាមួយបរទេស ដើម្បីជំនួយជាលេសលូកដៃកកូរកកាយ ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា ដែលជារដ្ឋអធិបតេយ្យផងដែរ៕