(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ជា សារ៉ន មេបញ្ជាការរង និងជានាយសេនាធិការកងទ័ពជើងគោក ព្រមទាំងនាយទាហាន នាយទាហាន និងពលទាហាននៃកងទ័ពជើងគោកទាំងអស់ នៅថ្ងៃទី១១ ខែតុលានេះ បានប្រកាសគាំទ្រពេញទំហឹង ចំពោះជំហរម៉ឺងម៉ាត់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការការពារអធិបតេយ្យជាតិ ឯករាជ្យជាតិ និងសន្តិភាព ដោយមិនចុះញមជាមួយបរទេសព្រោះតែជំនួយ ឬការគំរាមសម្លុតណាមួយនោះ។
តាមរយៈអង្គភាពព័ត៌មាន Fresh News លោកឧត្តមសេនីយ៍ឯក ជា សារ៉ន មេបញ្ជាការរង និងជានាយសេនាធិការកងទ័ពជើងគោក ព្រមទាំងនាយទាហាន នាយទាហាន និងពលទាហាន នៃកងទ័ពជើងគោកទាំងអស់ ក៏បានប្រកាសច្រានចោលចំពោះគោលជំហររបស់បុគ្គលមួយចំនួន ដែលមាននិន្នាការផ្ទុយ ដែលព្រមឱនក្បាលរណបជាមួយបរទេស ដើម្បីជំនួយជាលេសលូកដៃកកូរកកាយ ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា ដែលជារដ្ឋអធិបតេយ្យផងដែរ។
លោកឧត្តមសេនីយ៍ឯក ជា សារ៉ន និងនាយទាហាន នាយទាហាន ពលទាហាននៃកងទ័ពជើងគោកទាំងអស់ សូមទទួលយកនូវឧបសគ្គ និងរាល់ការលំបាក តែដាច់ខាតមិនឲ្យបាត់បង់ឯករាជ្យ បូរណភាព អធិបតេយ្យជាតិ និងសន្ដិភាព ដោយសារតែជំនួយនោះឡើយ និងត្រៀមខ្លួនធ្វើពលីកម្មគ្រប់បែបយ៉ាង អនុវត្តដាច់ខាតនូវបទបញ្ជា របស់ប្រមុខរាជរដ្ឋាភិបាលគ្រប់កាលៈទេសៈ៕