(ហាណូយ-វៀតណាម)៖ ដោយមានការឯកភាពជាគោលការណ៍ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានោះ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ដឹកនាំគណៈប្រតិភូចូលរួមទិវាបុណ្យជាតិអារ៉ាប៊ីសាអូឌីត លើកទី៨៨ នៅស្ថានទូតអារ៉ាប៊ីសាអូឌីត ទីក្រុងហាណូយ ប្រទេសវៀតណាម ដែលបានធ្វើឡើងនៅល្ងាចថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ នៅសណ្ឋាគា Intercontinental ទីក្រុងហាណូយ ប្រទេសវៀតណាម។
គណៈប្រតិភូកម្ពុជា ត្រូវបានទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់ ម្ចាស់ផ្ទះ លោក Mohammed F. N. Alshaklan ភារធារីស្ថានទូតអារ៉ាប៊ីសាអូឌីតប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ ប្រទេសវៀតណាម ជាមួយបណ្តាអង្គទូត ភារធារី ប្រទេសនានាជាច្រើនទៀត ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ។
ក្នុងឱកាសនោះ បណ្តាអង្គទូត និងភារធារីនានាជាច្រើន បានអបអរសាទរដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលទទួលបានជោគជ័យដ៏ធំធេង ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ដែលបានធ្វើឡើងកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។
លោកទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ បានកោតសរសើរ ដល់រាជរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត ដែលជារៀងរាល់ឆ្នាំតែងតែបានសម្រួលកិច្ចការ ប្រារព្ធពិធីបុណ្យធម្មយាត្រាហាជ្ជ រៀងរាល់ឆ្នាំដល់ប្រជាពលរដ្ឋខ្មែរ និងបានអនុគ្រោះកូតា មិនកំណត់ចំនួនអ្នកទៅបំពេញធម្មយាត្រាហាជ្ជ ពីព្រះរាជាណាចក្រកម្ពុជា។ លោកក៏បានថ្លែងអំណរគុណផងដែរ ចំពោះការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ជារៀងរាល់ឆ្នាំ និងការផ្តល់ជំនួយផ្សេងៗ ចូលរួមអភិវឌ្ឍន៍ធនធានមនុស្ស និងការកាត់បន្ថយភាពក្រីក្រ ជាមួយរាជរដ្ឋាភិបាលកម្ពុជា។
ក្នុងឱកាសនេះ ភារធារី និងអង្គទូតបណ្តាប្រទេសអារ៉ាប់ បានថ្លែងការអបអរសាទរ ដល់លោកទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ដែលត្រូវបានអង្គការ សម្ព័ន្ធឥស្លាមពិភពលោក ជាអង្គការធំបំផុតរបស់ឥស្លាម ដែលជាសមាជិករបស់អង្គការសហប្រជាជាតិ ហើយក៏ជាសមាជិកសង្កេតការណ៍របស់អង្គការ OIC ដែលមានសមាជិកជាប្រទេសឥស្លាម ៥៧ប្រទេស បានជ្រើសតាំងជាសមាជិកឧត្តមក្រុមប្រឹក្សាសម្រាប់រយៈពេល៥ឆ្នាំ ហើយនឹងត្រូវអញ្ជើញទៅចូលរួមកិច្ចប្រជុំ ឧត្តមក្រុមប្រឹក្សា របស់អង្គការសម្ព័ន្ធឥស្លាមពិភពលោកលើកទី៤៣ នៅទីក្រុងម៉ាកាស់ ប្រទេសអារ៉ាប៊ីសាអូឌីត ដែលនឹងធ្វើឡើងនាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ខាងមុខនេះ៕