(ភ្នំពេញ)៖ របាយការណ៍ក្រសួងទេសចរណ៍ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ បានបង្ហាញថា រយៈពេល៣ថ្ងៃនៃការ ឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ (៨-១០ តុលា) អ្នកទេសចរជាង ១.២លាននាក់ បានចេញទៅលេងកម្សាន្តនៅតំបន់ទេសចរណ៍ និងរមណីយដ្ឋាននានានៅទូទាំងប្រទេស។ ចំនួននេះ មានការកើនឡើងជាង ២០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានេះនៅក្នុងឆ្នាំ២០១៧។
របាយការណ៍បានបង្ហាញថា ភ្ញៀវទេសចរជាតិ មានចំនួន ១,២១៣,៦៨៧នាក់ កើនឡើង ២០.២៩ភាគរយ។ ភ្ញៀវអន្តរជាតិ មានចំនួន ៤៨,០០៤នាក់ កើនឡើង ២៣.៩៣ភាគរយ។
យោងតាមរបាយការណ៍ដដែលបង្ហាញថា ខេត្តសៀមរាបតំបន់ទេសចរណ៍ប្រាង្គប្រាសាទនៅតែជាខេត្តទទួលបានភ្ញៀវទេសចរច្រើនជាងគេដដែល នៅក្នុងអំឡុងបុណ្យភ្ជុំបិណ្ឌនេះ ដោយទទួលបានភ្ញៀវទេសចរសរុប ២៥២,៤២២នាក់ កើនឡើង ៤៧.០៥ភាគរយ។ ក្នុងនោះភ្ញៀវជាតិមានចំនួន ២៣០,០០០នាក់ កើនឡើង ៥៣.៣៣ភាគរយ, ភ្ញៀវអន្តរជាតិមានចំនួន ២២,៤២២នាក់ កើនឡើង ៣.៥៨ភាគរយ។
របាយការណ៍ក៏បានបង្ហាញថា ស្ថិតិនៃភ្ញៀវទេសចរទៅកាន់ខេត្តតំបន់ឆ្នេរមានការធ្លាក់ចុះ ដោយសារតែស្ថានភាពផ្លូវមិនសូវអំណោយផល (រងការខូចខាតខ្លាំងដោយសារ ជំនន់ទឹកភ្លៀង) និងមួយវិញទៀតក្នុងរយៈពេលបីថ្ងៃនេះ មានភ្លៀងធ្លាក់នៅតំបន់មួយចំនួន។ ប៉ុន្តែភ្ញៀវទៅលេងខេត្តកំពតកើនឡើងខ្លាំង ជាពិសេសនៅរមណីយដ្ឋានបូកគោ និងទឹកឈូ។
ក្នុងរបាយការណ៍ បានបង្ហាញពីការកត់សម្គាល់របស់មន្ទីរទេសចរណ៍តាមបណ្តាខេត្តនីមួយៗផងដែរ ការរៀបចំរមណីយដ្ឋាន និងគោលដៅទេសចរណ៍មានការរីកចម្រើន កាន់តែប្រសើរ។ ភាពល្អប្រសើរនោះមានដូចជា៖ អាចទប់ស្កាត់ការដំឡើងថ្លៃហួសហេតុលើម្ហូបអាហារ និងសេវាកម្មទេសចរណ៍ ដោយមានការបិតតម្លៃជម្រាបជូនភ្ញៀវ ជាមុនបានត្រឹមត្រូវបញ្ហាបរិស្ថានអនាម័យល្អប្រសើរជាងមុន ដោយភ្ញៀវទេសចរ និងប្រជាពលរដ្ឋមានការយល់ដឹង និងភ្ញាក់រលឹក និងដោយមានការចុះអប់រំណែនាំ ពីមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ជាពិសេសមន្ទីរទេសចរណ៍បានចាត់តាំងក្រុមការងារចុះអប់រំផ្ទាល់ដល់រមណីយដ្ឋាន បើទោះបីជាការទុកដាក់សំរាមនៅតែជាបញ្ហា ដែលត្រូវយកចិត្តទុកដាក់បន្ថែម។
សម្រាប់បញ្ហាសន្តិសុខសុវត្ថិភាពក៏មានភាពល្អប្រសើរ ដោយមន្ទីរទេសចរណ៍បានសហការយ៉ាងជិតស្និទ្ធជាមួយកម្លាំងមានសមត្ថកិច្ច ចាប់តាំងពីក្រុមការងារប្រចាំការ នៅតាមគោលដៅ ទេសចរណ៍សំខាន់ៗ និងមានការលើកស្លាកសញ្ញាគ្រោះថ្នាក់នៅតាមតំបន់ដែលងាយរងគ្រោះ៕
រមណីយដ្ឋានអង្គរ ផាប់ស្ទ្រីត និងកំពង់ភ្លុក ខេត្តសៀមរាប
រមណីយដ្ឋានប្រាសាទព្រះវិហារ ខេត្តព្រះវិហារ
រមណីយដ្ឋានបឹងយក្សឡោម ខេត្តរតនគិរី
រមណីយដ្ឋានសមុទ្រឈើ និងប៊ូស្រា ខេត្តមណ្ឌលគិរី
រមណីយដ្ឋានទឹកធ្លាក់អូតាវ៉ៃ ខេត្តប៉ៃលិន
រមណីយដ្ឋានបូកគោ ខេត្តកំពត
សហគមន៍ទេសចរណ៍កោះទ្រង់ ខេត្តក្រចេះ
រមណីយដ្ឋានទឹកធ្លាក់ដាចំប៉ី ខេត្តឧត្តរមានជ័យ
រមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង ខេត្តពោធិ៍សាត់
រមណីយដ្ឋានសួនស្នេហ៍ជនបទ ខេត្តបន្ទាយមានជ័យ
រមណីយដ្ឋានទេសចរណ៍ក្នុងខេត្តស្ទឹងត្រែង
រមណីយដ្ឋានទឹកធ្លាក់ហោង ខេត្តត្បូងឃ្មុំ
រមណីយដ្ឋានជ្រោះផ្អោក ខេត្តតាកែវ
រមណីយដ្ឋានទេសចរណ៍ ខេត្តកំពង់ធំ រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក
រមណីយដ្ឋានទេសចរណ៍ ខេត្តកែប
រមណីយដ្ឋានឡូរីបាណន់ ខេត្តបាត់ដំបង