(ភ្នំពេញ)៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) បានបង្ហាញទស្សនៈនៅលើទំព័រ Facebook របស់លោកចង់ឲ្យទិញគ្រឿងចក្រសម្រាប់សំអាតឆ្នេរ យកមកប្រើប្រាស់ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការសំអាតឆ្នេរ ក៏ដូចជាជួយរក្សាសម្រស់ឆ្នេរសមុទ្រផង។
ការបង្ហាញទស្សនៈរបស់លោក ហេង រតនា បានធ្វើឡើងក្រោយពេលមានការរិះគន់ច្រើនជុំវិញបញ្ហាសំរាមដែលបោកបក់មកទើលើឆ្នេរសមុទ្ររបស់ខ្មែរក្នុងខេត្តព្រះសីហនុកនៅប៉ុន្មានថ្ងៃចុងក្រោយនេះ។ សម្រាប់លោក ហេង រតនា បានចាត់ទុកសំរាមដែលបោកបក់មកទើលើឆ្នេរនេះ ជាបាតុភូតកើតចេញពីបម្រែបម្រួលទឹកសមុទ្រ និងកំណើនរបស់មនុស្ស។
លោក រតនា បានលើកឡើងទៀតថា ភាពកខ្វក់នៃឆ្នេរខ្សាច់របស់ខ្មែរ ត្រូវតែគ្រប់គ្រងឲ្យបានជាដាច់ខាតក្នុងអំឡុងពេលនៃការប្រែប្រួលនេះ។ លោក ហេង រតនា ក៏បានផ្តល់ទស្សនទានឲ្យទិញត្រាក់ទ័រ និងឧបករណ៍សំអាតឆ្នេរខ្សាច់ ដែលមានបច្ចេកវិទ្យាខ្ពស់យកមកប្រើប្រាស់សម្រាប់ការថែទាំ និងសំអាតឆ្នេរនេះ។
លោក បានគូសបញ្ជាក់លើទំព័រ Facebook នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨យ៉ាងដូច្នេះ «សូមក្រឡេកមើលបច្ចេកវិទ្យាសំអាតឆ្នេរខ្សាច់ទំនើបៗដែលមានប្រសិទ្ធភាពខ្ពស់ ប្រើមនុស្សតិច និងធ្វើឲ្យនេរស្រស់ស្អាតជានិច្ច ចង់បានឆ្នេរខ្សាច់ពណ៌ស សបានតើ ចង់ពណ៌មាស ធ្វើពណ៌មាសបានតើ។ ជាវិធានការប្រកបដោយវិជ្ជាជីវ:និងនិរន្តភាព ហេតុអីពិបាកឮតែសម្រែកធុញថប់សំរាមតាមឆ្នេរដូចសព្វថ្ងៃនេះ»។
លោក ហេង រតនា បានបង្ហាញជំនឿចិត្តទៀតថា ត្រាក់ទ័រសំអាតឆ្នេរទាំងនេះ គឺកម្ពុជាមានលទ្ធភាពទិញយកមកប្រើប្រាស់៕