(ព្រះសីហនុ)៖ លោកឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរង កងទ័ពជើងទឹក និងជា មេបញ្ជាការ មូលដ្ឋានសមុទ្រ ព្រមទាំង នាយនាវី នាយនាវីរង និង ពលនាវិក ទូទាំងមូលដ្ឋានសមុទ្រ នាថ្ងៃទី១០ ខែតុលានេះ បានប្រកាសគាំទ្រពេញទំហឹង ចំពោះជំហរម៉ឺងម៉ាត់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការការពារអធិបតេយ្យជាតិ ឯករាជ្យជាតិ និងសន្តិភាព ដោយមិនចុះញមជាមួយបរទេសព្រោះតែជំនួយ ឬការគំរាមសម្លុតណាមួយនោះ។
តាមរយៈអង្គភាពព័ត៌មាន Fresh News លោកឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរង កងទ័ពជើងទឹក និងជា មេបញ្ជាការ មូលដ្ឋានសមុទ្រ ព្រមទាំង នាយនាវី នាយនាវីរង និង ពលនាវិក ទូទាំងមូលដ្ឋានសមុទ្រ ក៏បានប្រកាសច្រានចោលចំពោះគោលជំហររបស់បុគ្គលមួយចំនួន ដែលមាននិន្នាការផ្ទុយ ដែលព្រមឱនក្បាលរណបជាមួយបរទេស ដើម្បីជំនួយជាលេសលូកដៃកកូរកកាយ ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា ដែលជារដ្ឋអធិបតេយ្យផងដែរ។
នាយនាវី នាយនាវីរង និង ពលនាវិក ទូទាំងមូលដ្ឋាន សូមទទួលយកនូវឧបសគ្គ និងរាល់ការលំបាក តែដាច់ខាតមិនឲ្យបាត់បង់ឯករាជ្យ បូរណភាព អធិបតេយ្យជាតិ និងសន្ដិភាព ដោយសារតែជំនួយនោះឡើយ និងត្រៀមខ្លួនធ្វើពលីកម្មគ្រប់បែបយ៉ាង អនុវត្តដាច់ខាតនូវបទបញ្ជា របស់ប្រមុខរាជរដ្ឋាភិបាលគ្រប់កាលៈទេសៈ៕