(ចិន)៖ មហាវិថី និងស្ពានរថភ្លើងឆ្លងកាត់ទន្លេលឿង ក្នុងទីក្រុងសានមឹនសៀរ ប្រទេសចិន បានប្រើប្រាស់វិធានការជាច្រើន ដើម្បីការពារប្រព័ន្ធបរិស្ថាន អេកូឡូស៊ីដ៏សំបូរបែបនៅក្នុងតំបន់នោះ។
ស្ពានដែលតភ្ជាប់ខេត្តហឺណាន ភាគកណ្ដាលប្រទេសចិន និង ខេត្តសានស៊ី ភាគខាងជើងប្រទេសចិន គឺជាស្ពានពីរជាន់ដែលមានស្រទាប់ខាងលើ គឺជាមហាវិថីល្បឿនលឿន និងស្រទាប់ខាងក្រោម ជាផ្លូវរថភ្លើង។
លោក លីន ចាយជឺ វិស្វករក្រុមទី៤ របស់ក្រុមហ៊ុនវិស្វកម្មសំណង់ស្ពានផ្លូវដែកចិន បាននិយាយថា «ឥឡូវនេះ កម្ពស់បាតស្ពានដែក គឺខ្ពស់ជាងកម្ពស់ដែលយើងបានគ្រោង ប្រហែល ២ ម៉ែត្រឯណោះ។ យើងគួរតែបន្ថយកម្ពស់របស់បាតស្ពាន ដោយប្រើជើងទ្រស្ពាន និង ខ្សែយោងស្ពាន ដើម្បីធ្វើឱ្យបាតស្ពាន ត្រលប់មកស្ថិតក្នុងកម្ពស់ដែលយើងបានគ្រោងវិញ»។
ស្ពាននេះ នឹងបើកឱ្យធ្វើចរាចរនៅខែតុលាឆ្នាំ២០១៩ ហើយក្រោយពេលសាងសង់រួច វានឹងក្លាយជាបណ្តាញដឹកជញ្ជូនដ៏សំខាន់មួយ សម្រាប់តំបន់ខាងជើងនិងខាងត្បូង នៃប្រទេសចិន។
ស្ពាននេះ ឆ្លងកាត់ផ្នែកដ៏សំខាន់នៃទន្លេលឿង ព្រមទាំងបឹងបួរមួយចំនួនទៀត ដែលជាជម្រកដ៏សំខាន់របស់សត្វបក្សីដែលផ្លាស់ទី។ ដោយសារហេតុផលនេះ អ្នកសាងសង់ស្ពានបានគិតគូរយ៉ាងខ្លាំង ដើម្បីកាត់បន្ថយសំឡេងរំខាន និង ពន្លឺរបស់ស្ពាន ព្រមទាំងកែពណ៌របស់ស្ពានផងដែរ ដើម្បីកាត់បន្ថយការជះឥទ្ធិពលរបស់ស្ពាន ទៅលើសត្វបក្សី។
លោក ស៊ូ ស៊ីងយ័ន វិស្វករក្រុមទី៤ របស់ក្រុមហ៊ុនវិស្វកម្មសំណង់ស្ពានផ្លូវដែកចិន «យើងបានគិតគូរខ្លាំងណាស់ ទៅលើការជ្រើសរើសឧបករណ៍ដែលយើងយកមកសង់ ហើយយើងបានរើសយកឧបករណ៍ដែលបញ្ចេញសំឡេងទាប។ យើងបានបញ្ជូនក្រុមការងាររបស់យើងមួយចំនួន ឱ្យចាត់ចែងផ្តាច់មុខទៅលើការងារតាមដានកម្រិតសំឡេងនៃម៉ាស៊ីនរបស់យើង នៅតាមបណ្តោយផ្លូវដែក ក្នុងគោលដៅកាត់បន្ថយសំលេងរំខាន ដល់សត្វក្ងាននៅទីនេះ»។
សត្វស្លាបដែលផ្លាស់ទីដូចជាក្ងាន ងាយប្រតិកម្មនឹងពន្លឺខ្លាំងណាស់ នៅពេលរាត្រី។ ដូច្នេះ ក្រុមអ្នកសាងសង់ស្ពាន បានជ្រើសរើសអំពូល LED ជាពិសេសតែម្តង សម្រាប់បំភ្លឺការដ្ឋាននាពេលយប់។ ក្រុមហ៊ុនដែលសង់ស្ពាននេះ បានប្តូរពណ៌របស់ស្ពាន ពីពណ៌ទឹកក្រូច ទៅជាពណ៌ផ្ទៃមេឃ ទៅតាមមតិយោបល់របស់អ្នកជំនាញផ្នែកអភិរក្សសត្វស្លាប។
បើយោងតាមមន្ទីរការពារសត្វព្រៃប្រចាំក្រុង សានមឹនសៀរ ចាប់តាំងពីពេលដែលការដ្ឋានសាងសង់បានចាប់ផ្តើមដំណើរការ កាលពីឆ្នាំ២០១៥មក សកម្មភាពរស់នៅជារួមរបស់សត្វក្ងាននៅឧទ្យានដីសើមជាតិ ក្នុងទីក្រុង សានមឹនសៀរ មិនមានអ្វីប្រែប្រួលនោះទេ។ ហើយចំនួនសត្វក្ងានដែលរស់នៅក្បែរការដ្ឋានស្ពាន ក៏ស្ថិតក្នុងចំនួនថេរដដែល គឺប្រហែល៨ពាន់ក្បាល ក្នុង១ឆ្នាំ៕ (សារព័ត៌មាន CCTV របស់ចិន)