(ចិន)៖ បណ្ឌិត្យសភាព័ត៌មានវិទ្យា និងបច្ចេកវិទ្យាទូរគមនាគមន៍ចិន ដែលស្ថិតនៅក្រោម ក្រសួងឧស្សាហកម្មនិងព័ត៌មានវិទ្យា បានចេញផ្សាយរបាយការណ៍ «សៀវភៅស» កាលពីពេលថ្មីៗនេះ ស្ដីអំពីការអភិវឌ្ឍន៍សមត្ថភាពបញ្ជូនទិន្នន័យ ក្នុងប្រទេសចិន។
របាយការណ៍ បង្ហាញថាកម្រៃសេវាអ៊ីនធើណេត បានចុះថោកយ៉ាងខ្លាំង ក្នុងអំឡុងពេលបីឆ្នាំមកនេះ។
លោក វឹន ឃូរ ប្រធាននាយកដ្ឋានអភិវឌ្ឍព័ត៌មាន និងទូរគមនាគមន៍ នៃក្រសួងឧស្សាហកម្មនិងព័ត៌មានវិទ្យាចិន បានថ្លែងថា «តម្លៃសេវាជាមធ្យមសម្រាប់ប្រើអ៊ីនធើណេត តាមទូរស័ព្ទដៃ និងតាមប្រព័ន្ធអ៊ីនធើណេតល្បឿនលឿន បានចុះថោកជាងមុនដល់ទៅជាង៩០ ភាគរយឯណោះ បើគិតចាប់តាំងពីពេលដែលប្រទេសចិន បានចាប់ផ្តើមធ្វើយុទ្ធនាការមួយ នៅទូទាំងប្រទេសកាលពី៣ឆ្នាំមុន ដើម្បីធ្វើឱ្យការបញ្ជូនទិន្នន័យតាមអ៊ីនធើណេត អាចបញ្ជូនបានកាន់តែលឿន និងដើម្បីកាត់បន្ថយកម្រៃសេវាប្រើអ៊ីនធើណេត»។
យោងតាមស្ថិតិពីសហភាពទូរគមនាគមន៍អន្តរជាតិ ITU ល្បឿនដោនឡូតទិន្នន័យជាមធ្យម នៃប្រព័ន្ធអ៊ីនធើណេតល្បឿនលឿន ក្នុងប្រទេសចិន នាខែកក្កដា បានជាប់ចំណាត់ថ្នាក់លេខ១៩ក្នុងចំណោម ១៣៣ប្រទេសជុំវិញពិភពលោក ហើយល្បឿនដោនឡូតទិន្នន័យតាមទូរស័ព្ទដៃ បានជាប់ចំណាត់ថ្នាក់លេខ៣៧។
អ្នកស្រី លាវ ទ័រ ប្រធាន បណ្ឌិត្យសភាព័ត៌មានវិទ្យានិងទូរគមនាគមន៍ចិន និយាយថា «យោងតាមស្ថិតិពីសហភាពទូរគមនាគមន៍អន្តរជាតិ (ITU) ប្រជាជននៅប្រទេសចិន ចំណាយប្រាក់អស់១.១ភាគរយ នៃប្រាក់ចំនូលក្រោយកាត់ពន្ធរបស់ពួកគេ ទៅលើសេវាអ៊ីនធើណេតតាមទូរស័ព្ទដៃ។ បើនិយាយពីកម្រិតពិភពលោកវិញ កម្រិតនៃការចំណាយលើរឿងដូចគ្នានេះ គឺចាយអស់ដល់ទៅ៦.៨ភាគរយឯណោះ ជាមធ្យម។ ដូច្នេះ បើគិតជារួម ការចំណាយរបស់ប្រជាជនចិន ទៅលើការប្រើអ៊ីនធើណេតក្នុងទូរស័ព្ទដៃ គឺមានកម្រិតទាបនៅឡើយទេ»។
អ្នកស្រី លាវ បានលើកឡើងថា នៅប្រទេសចិន ការងាកមកប្រើខ្សែកាបអុបទិកដើម្បីបញ្ជូនទិន្នន័យ គឺជាជម្រើសដ៏ពេញនិយម។ ប្រហែល៨៧ភាគរយនៃគ្រួសារទាំងអស់ ក្នុងប្រទេសចិន កំពុងប្រើសេវាអ៊ីនធើណេត ដែលបញ្ជូនតាមរយៈខ្សែកាបអុបទិក។ ហើយ៨២ ភាគរយនៃគ្រួសារទាំងនេះ កំពុងប្រើសេវាអ៊ីនធើណេតល្បឿនលឿន។
ប្រទេសចិនបានសម្រេចគោលដៅ អភិវឌ្ឍប្រព័ន្ធទូរគមនាគមន៍ទូទាំងប្រទេសរបស់ខ្លួន បានមុនផែនការកំណត់ដល់ទៅ២ឆ្នាំឯណោះ ដោយសម្រេចបានជោគជ័យ ទាំងបរិមាណនៃចំនួនគ្រួសារ ដែលប្រើអ៊ីនធើណេតល្បឿនលឿន និង បរិមាណនៃអ្នកប្រើអ៊ីនធើណេត 4G។
គោលដៅនេះ គឺមានចែងនៅក្នុងផែនការ៥ឆ្នាំលើកទី១៣ សម្រាប់ការអភិវឌ្ឍផ្នែកសង្គម និងសេដ្ឋកិច្ចថ្នាក់ជាតិរបស់ចិន ដែលត្រូវអនុវត្តចាប់ពីឆ្នាំ២០១៦ ដល់២០២០។
វិសាលភាពនៃការផ្តល់សេវាអ៊ីនធើណេតតាមខ្សែកាប និងកម្រិតនៃការប្រើប្រាស់អ៊ីនធើណេត 4G ក្នុងប្រទេសចិន សុទ្ធតែជាប់ចំណាត់ថ្នាក់កំពូល បើធៀបនឹងប្រទេសឯទៀតក្នុងពិភពលោក។ កត្តានេះបង្ហាញពីការប្ដេជ្ញារបស់ចិន ក្នុងការខិតខំបង្កើតបណ្តាញទំនាក់ទំនងសម្រាប់ឱ្យប្រជាជននិងអាជីវករប្រើប្រាស់ នៅពាសពេញផ្ទៃប្រទេស៕ (សារព័ត៌មាន CCTV របស់ចិន)