ប្រធានសមាគមវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា៖ ក្រោយបោះឆ្នោតតម្លៃដីធ្លីកើនឡើង ពិសេសនៅតំបន់ជាយក្រុង (Video inside)
10-10-2018 14:44
(ភ្នំពេញ)៖ លោកបណ្ឌិត គឹម ហ៊ាង ប្រធានសមាគមវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានបញ្ជាក់អំពីស្ថានភាពវិស័យដីធ្លីនៅកម្ពុជា ក្រោយពេលបោះឆ្នោតថា តម្លៃដីធ្លីនៅតែហក់ឡើងខ្លាំង ពិសេសតំបន់ជាយៗក្រុង។
ថ្លែងក្នុងកិច្ចសម្ភាសន៍ ក្នុងកម្មវិធីភ្ញៀវពិសេសប្រចាំសប្តាហ៍របស់ទូរទស្សន៍ Fresh News លោកបណ្ឌិត គឹម ហ៊ាង បានលើកឡើងថា ចំពោះតម្លៃដីនៅអំឡុងពេលក្រោយការបោះឆ្នោត ឆ្នាំ២០១៨នេះ គឺតំបន់ជាយក្រុងចម្ងាយប្រហែលជាង២០គីឡូម៉ែត្រ នៅជុំវិញក្រុង មានការឡើងខ្លាំង ខណៈដែលតម្លៃដីធ្លីក្នុងក្រុង គឺមានស្ថានភាពថេរ។
លោកថា បន្ទាប់ពីការបោះឆ្នោតកន្លងផុតទៅ វិស័យអចលនវត្ថុហក់លោតតម្លៃខ្លាំងនៅតំបន់ប៉ែកខាងជើង និងខាងលិចជាយក្រុង ស្របជាមួយមានឈ្មួញអភិវឌ្ឍន៍លើដីឡូដិ៍ច្រើន ប៉ុន្ដែសម្រាប់តម្លៃដីក្នុងក្រុងវិញ នៅរក្សាដដែលមិនឡើងខ្លាំង និងហើយមិនចុះ។
លោកបណ្ឌិតបន្ដថា «បន្ទាប់ពីបោះឆ្នោតរួចតម្លៃដីធ្លីចាប់ផ្ដើមឡើងថ្លៃតែម្ដង មុនពេលបោះឆ្នោតខ្ញុំគិតថា បោះឆ្នោតរួចតម្លៃដីធ្លីមិនឡើងថ្លៃខ្លាំងឡើយ ប៉ុន្ដែខុសពីការគិតបន្ទាប់ពីបោះឆ្នោតរួចខ្ទង់ប្រមាណ១ខែប៉ុណ្ណោះ តម្លៃដីធ្លីឡើងច្រើនជាពិសេសតំបន់ជាយក្រុង ហើយបើក្រឡេកមកមើលដីកណ្ដាលក្រុង និងជុំវិញក្រុងទីក្រុងមិនឡើងថ្លៃប៉ុន្មានទេ»៕