(ប៉ៃលិន)៖ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន រួមដំណើរដោយថ្នាក់ដឹកនាំ មន្រ្តីរាជការ ប្រជាពលរដ្ឋ និងព្រះសង្ឃទាំង២គណៈ មកពីវត្តនានា ទូទាំងខេត្តប៉ៃលិន បាននិមន្ត និងអញ្ជើញចុះសាកសួរសុខទុក្ខ ព្រមទាំងនាំយកអំណោយ គ្រឿងឧបភោគបរិភោគ និងថវិកាទៅឧបត្ថម្ភដល់នាយទាហាន នាយទាហានរង ពលទាហាន នៃកងកម្លាំងទាំង៣ប្រភេទ នៅទីបញ្ជាការវរសេនាតូចលេខ១ ចំណុះឲ្យតំបន់ប្រតិបត្តិការសឹករងខេត្តប៉ៃលិន ស្ថិតក្នុងភូមិបរហ៊ុយត្បូង សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន បន្ទាប់ពីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌបានបញ្ចប់។
លោកវរៈសេនីយ៍ឯក កែម អនុជ មេបញ្ជាការរង និងជានាយសេនាធិការ តំបន់ប្រតិបត្តិការសិករងខេត្តប៉ៃលិន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ ប្រជាពលរដ្ឋ និងព្រះសង្ឃក្នុង ខេត្តប៉ៃលិនទាំងអស់ ដែលតែងតែយកចិត្តទុកដាក់ចុះសាកសួរសុខទុក្ខ និងឧបត្ថម្ភដល់កម្លាំងទាំងអស់ជាញឹកញាប់ ហើយនេះគឺជាការលើកទឹកចិត្តដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ ក្នុងការអនុវត្ត ភារកិច្ចតួនាទីរបស់ខ្លួន ដើម្បី កិច្ចការពារបូរណៈភាពទឹកដី ឲ្យបានរឹងមាំនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងពង្រឹងកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរផងដែរ។
លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ សែន ជានាយករដ្ឋមន្ត្រី បានគិតគូខ្ពស់ដល់កងកម្លាំងប្រដាប់អាវុធ ការពារទឹកដីនៅតាមខ្សែបន្ទាត់ ព្រំដែនជានិច្ច ដោយបានផ្តល់ជាជំរុំជំរក និងជីវភាពរស់នៅប្រចាំថ្ងៃ របស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ឲ្យកាន់តែប្រសើឡើង ជាពិសេសជំរុញការចងសម្ព័ន្ធមេត្រីភាព រវាសមរភូមិមុខ និងសមរភូមិក្រោយ។
ជាក់ស្តែងពេលនេះ ក្រោយពីបញ្ចប់ពិធីបុណ្ឌកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌដែលជាបុណ្យប្រពៃណីជាតិរួចមក ថ្នាក់ដឹកនាំខេត្តគ្រាប់ជាន់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋ ព្រមទាំងព្រះសង្ឃទាំង២គណៈ បានសហការគ្នា ចុះសាកសួរសុខទុក្ខ និងនាំយកសំភារៈ គ្រឿងឧបភោគបរិភោគ ថវិកា មកឧបត្ថម្ភជូនដល់នាយទាហាន នាយទាហានរង និងពលទាហាននាថ្ងៃនេះ គឺបានបង្ហាញឲ្យឃើញពី សកម្មភាពសាមគ្គីភាព និងសិល្បៈចែករំលែករបស់សមរ ភូមិក្រោយផ្សារភ្ជាប់សមរភូមិមុខ។
លោកអភិបាលខេត្ត បានលើកឡើងថា ដើម្បីឆ្លើយតបទៅនឹងការគិតគូខ្ពស់របស់សម្តេចតេជោ សែន និងសម្ព័ន្ធមេត្រីភាពសមរភូមិក្រោយ គឺ នាយ នាយរង និងពលទាហ៊ានទាំងអស់ត្រូវយកចិត្តទុកដាក់ បន្ថែមទៅលើអ្វី ដែលជាកាតព្វកិច្ច របស់កងយោធពលខេមរៈភូមិន្ទ គឺត្រូវខិតខំបង្កើនថែមទៀតនូវការ ការពារនូវបូរណៈភាពទឹកដីរបស់យើង ទោះជាប្រទេសយើង ស្ថិតក្នុងស្ថានភាពសុខសន្តិភាពយ៉ាងណាក៏ដោយ ប៉ុន្តែយើងមិនត្រូវមាន ការទ្វេសប្រហែសក្នុងការការពារបូរណៈភាពទឹកដីរបស់យើងឡើយ។
នៅក្នុងឱកាសនោះផងដែរ លោក ផាន់ ចាន់ធុល ក៏បានផ្តាំផ្ញើដល់កងកម្លាំងប្រដាប់អាវុធ ទាំងអស់ត្រូវយកចិត្តទុកដាក់ពង្រឹងកិច្ចសហការគ្នា ជាមួយសមត្ថកិច្ចពាក់ព័ន្ធ ឲ្យបានជិតស្និទ្ធ ដើម្បីថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងការពារបូរណៈភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជាយើងឱ្យបានគង់វង្ស ជាពិសេសសូមកងកម្លាំងទាំងអស់ថែទាំសុខភាព ព្រោះរដូវនេះមានភ្លៀងច្រើន អាចងាយនឹងកើតជំងឺដម្កាត់ផ្សេងៗ។
សូមបញ្ជាក់ថា អំណោយដែលបានយកទៅឧបត្ថម្ភនាពេលនោះ រួមមាន៖ អង្ករ៣២ការុង មី៤០កេះ ទឹកសុទ្ធ១៦០យួរ ទឹកស៊ីអ៊ីវ និងទឹកត្រី៩០យួ ទឹកក្រូច និងទឹកផ្លែឈើ២៥កេះ ត្រីខ៧កេះ ប្រេងឆា ០៤កញ្ចប់ ទឹកដោះគោ ៤០កំប៉ុង និងនំអន្សមជិត ១តោន ព្រមទាំងឧបត្ថម្ភថវិកាដល់អង្គភាព តំបន់ប្រតិបត្តិការសឹករងខេត្ត ចំនួន ២លានរៀល អង្គភាពប៉ូលីសការពារព្រំដែនលេខ៨២១ ចំនួន១លាន៥០ម៉ឺនរៀល អង្គភាពកងរាជអាវុធហត្ថខេត្ត ចំនួន១លានរៀល ក្នុងនោះកងកម្លាំងទាំង៣ប្រភេទ ចំនួន ២៦៣នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ចំនួន២ម៉ឺនរៀលផងដែរ៕