នាយឧត្តមសេនីយ៍ នេត សាវឿន និងកម្លាំងនគរបាលទូទាំងប្រទេស ប្រកាសគាំទ្រជំហរម៉ឺងមាត់របស់សម្តេចតេជោ ក្នុងកិច្ចការរពារអធិបតេយ្យជាតិ និងសន្តិភាព, ត្រៀមពលិកម្មគ្រប់បែបយ៉ាងអនុវត្តតាមបញ្ជា
10-10-2018 14:15
(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងកងកម្លាំងនគរបាលទូទាំងប្រទេស សូមប្រកាសគាំទ្រពេញទំហឹង ចំពោះជំហរម៉ឺងម៉ាត់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការការពារអធិបតេយ្យជាតិ ឯករាជ្យជាតិ និងសន្តិភាព ដោយមិនចុះញមជាមួយបរទេសព្រោះតែជំនួយ ឬការគំរាមសម្លុតណាមួយនោះ។
តាមលិខិតគាំទ្ររបស់នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១០ ខែតុលានេះ ក៏បានប្រកាសច្រានចោល ចំពោះគោលជំហររបស់បុគ្គលមួយចំនួន ដែលមាននិន្នាការផ្ទុយ ដែលព្រមឱនក្បាលរណបជាមួយបរទេស ដើម្បីជំនួយជាលេសលូកដៃកកូរកកាយ ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា ដែលជារដ្ឋអធិបតេយ្យផងដែរ។
នាយឧត្តមសេនីយ៍ នេត សាវឿន និងកងកម្លាំងនគរបាលទូទាំងប្រទេស សូមទទួលយកនូវឧបសគ្គ និងរាល់ការលំបាក តែដាច់ខាតមិនឲ្យបាត់បង់ឯករាជ្យ បូរណភាព អធិបតេយ្យជាតិ និងសន្ដិភាព ដោយសារតែជំនួយនោះឡើយ និងត្រៀមខ្លួនធ្វើពលីកម្មគ្រប់បែបយ៉ាង អនុវត្តដាច់ខាតនូវបទបញ្ជា របស់ប្រមុខរាជរដ្ឋាភិបាលគ្រប់កាលៈទេសៈ៕