(ពោធិ៍សាត់)៖ បុរសម្នាក់ បានអិលជើងធ្លាក់ទឹកជ្រោះ មានកម្ពស់ប្រម៉ាណ១០ម៉ែត្រ បោកក្បាលស្លាប់ ខណៈកំពុងត្រៀមសែលហ្វីថតរូប ក្នុងថ្ងៃភ្ជុំបិណ្ឌ។ ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើលឡើង នៅវេលាម៉ោង ១២៖៣៥នាទី ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៨ ត្រង់ចំណុចទឹកធ្លាក់ធម្មជាតិថ្មដាតូច ស្ថិតក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
លោក ធាង ឡេង អធិការនគរបាលស្រុកវាលវែង បានឲ្យដឹងថា ជនរងគ្រោះត្រូវបានស្គាល់ឈ្មោះ កយ ស្រស់ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។
លោកអធិការ បានឲ្យដឹងទៀតថា មុនពេលកើតហេតុ ជនរងគ្រោះបានផឹកស្រាស្រវឹង ហើយបម្រុះទៅសែលហ្វី នៅចំណុចកើតហេតុខាងលើ ភ្លាមនោះមិនបានសែលហ្វីផង ជនរងគ្រោះ ក៏រអិលជើងធ្លាក់ចូលជ្រោះ ដែលមានជម្រៅរហូតប្រមាណ១០ម៉ែត្រ រួចបោកក្បាលជាមួយថ្មចូលទឹក ក៏បង្កឲ្យមានការភ្ញាក់ផ្អើល នាំគ្នារាវរកជិត១ម៉ោង ទើបប្រទះឃើញស្លាប់យ៉ាងអាណោចអាធមតែម្ដង។
ក្រោយពេលកើតហេតុ អាជ្ញាធរមានសមត្ថកិច្ច បានចុះស្រាវជ្រាវដល់កន្លែងកើតហេតុ រួចបានធ្វើកំណត់ហេតុប្រគល់សាកសព ជូនក្រុមគ្រួសារសាច់ញាតិ ដើម្បីទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕