(ចិន)៖ រមណីយដ្ឋានវាលខ្សាច់ នាភាគពាយព្យប្រទេសចិន ក្នុងតំបន់ស្វយ័ត ស៊ីនជាំង អួយក័រ (Xinjiang Uygur) បានក្លាយជាទិសដៅទេសចរណ៍ដ៏ពេញនិយម សម្រាប់ជនជាតិចិន។
រមណីយដ្ឋានវាលខ្សាច់ជាតិ មូតិតា (Mutetar) ទំហំ1ម៉ឺន5ពាន់ហិចតា បានប្រារព្ធពិធីបុណ្យទេសចរណ៍ជាលើកដំបូងរបស់ខ្លួន នាអំឡុងបុណ្យសែនព្រះខែកាលពីពេលថ្មីៗនេះ ដែលបានទាក់ទាញភ្ញៀវទេសចររាប់ពាន់នាក់។
នៅក្នុងថ្ងៃនោះដែរ ក៏មានអ្នកបើកបរជិត 1 រយនាក់ មកពីគ្រប់ទិសទីនៃតំបន់ ស៊ីនជាំង (Xinjiang) បានមកចូលរួមប្រណាំងឡានឆ្លងប្រទេស លើវាលខ្សាច់។
លោក លី ហាយ ភ្ញៀវទេសចរម្នាក់ បាននិយាយថា «ខ្ញុំពិតជាមានអារម្មណ៍សប្បាយនិងស្រឡះខ្លួនមែន ពេលមកទីនេះ។ ស្របពេលដែលបុណ្យសែនព្រះខែជិតឈានចូលមកដល់ វាក៏ល្អដែរដែលខ្ញុំនាំកូនៗ មកមើលគេប្រណាំងឡាននិងដើរលេងនៅវាលខ្សាច់ដូច្នេះ»។
រមណីយដ្ឋានវាលខ្សាច់ជាតិ តាវ៉ាឃុន (Dawakun) ដែលនៅក្បែរនោះ ក៏មានភ្ញៀវទេសចរ មកកំសាន្តច្រើនដែរ នៅអំឡុងពេលនោះ។
អ្នកនាង វ៉ាង ជីង អ្នកទេសចរម្នាក់ បាននិយាយថា «នេះជាលើកទីមួយហើយ ដែលខ្ញុំបានមកកម្សាន្តនៅវាលខ្សាច់ តាវ៉ាឃុន នេះ ហើយខ្ញុំពិតជាចូលចិត្តទីនេះមែន។ វាសប្បាយណាស់ដែលខ្ញុំបានមកបោះតង់សម្រាកមួយយប់នៅទីនេះ ហើយខ្ញុំអាចអង្គុយមើលថ្ងៃលិច មើលផ្កាយ និងមើលថ្ងៃរះ»។
វិស័យទេសចរណ៍តាមតំបន់វាលខ្សាច់ ដែលកំពុងមានសន្ទុះខ្លាំងនេះ បានជំរុញដល់ការអភិវឌ្ឍឧស្សាហកម្មដែលពាក់ព័ន្ធ និងបង្កើតការងារសម្រាប់កសិករ ព្រមទាំងអ្នកឃ្វាលអូដ្ឋនៅតាមតំបន់ជិតខាងផងដែរ។
អ្នកឃ្វាលអូដ្ឋបានយកអូដ្ឋនិងសេះរបស់ពួកគេ ទៅដាក់នៅតំបន់វាលខ្សាច់ដែលមានជាតិទឹក នៅឯវាលខ្សាច់ ធូខាយ (Tukai) ដើម្បីទុកឱ្យអ្នកទេសចរជិះកម្សាន្តលេង។
អ្នកភូមិម្នាក់និយាយថា «ឥឡូវនេះ មានមនុស្សច្រើនណាស់មកទីនេះជារៀងរាល់ថ្ងៃ។ ខ្ញុំរកស៊ីបានកាក់កបជាងមុន និងបានទិញសត្វអូដ្ឋថ្មីមួយក្បាល។ ជីវភាពរបស់ខ្ញុំកាន់តែប្រសើរឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ»។
រមណីយដ្ឋានវាលខ្សាច់ ធូខាយ នេះ បានបង្កើតការងារដល់ប្រជាជននៅក្នុងសហគមន៍ជាង៤០នាក់។
លោក វ៉ាង លីនឈាំង អ្នកគ្រប់គ្រងផ្នែកភស្តុភារប្រចាំតំបន់វាលខ្សាច់ Tukai និយាយថា «ការដែលក្រុមអ្នកឃ្វាលសេះនិងក្រុមអ្នកឃ្វាលអូដ្ឋ មកប្រកបរបរនៅទីនេះ មិនត្រឹមតែបានជួយសម្រាល ទុក្ខលំបាកផ្នែកហិរញ្ញវត្ថុរបស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ប៉ុណ្ណោះទេ តែថែមទាំងជួយបង្កើតប្រាក់ចំណូលបន្ថែម សម្រាប់រមណីយដ្ឋាននេះផងដែរ»។
រមណីយដ្ឋានវាលខ្សាច់ ធូខាយ បានទទួលភ្ញៀវទេសចរជាង 66 ពាន់នាក់ នៅចន្លោះខែមករាដល់ខែសីហា ដោយមានកំណើនប្រាក់ចំណូល 34 ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន៕ (សារព័ត៌មាន CCTV របស់ចិន)