(ចិន)៖ ប្រទេសចិន បានរកឃើញបច្ចេកវិទ្យាថ្មីៗមិនធ្លាប់មាន ពីរបីដងរួចទៅហើយ សម្រាប់វិស័យអាកាសចរណ៍ពាណិជ្ជ។ នេះបើយោងតាមការលើកឡើងរបស់វាគ្មិន នៅឯវេទិកាអាកាសចរណ៍ពាណិជ្ជអន្តរជាតិចិន កាលពីពេលថ្មីៗនេះ។
ការអភិវឌ្ឍថ្មីៗចុងក្រោយនេះ រួមមានដូចជាការផលិតយន្តហោះមួយ ដែលអាចប្រើឡើងវិញបាន សម្រាប់ធ្វើជាផ្នែកមួយនៃប្រព័ន្ធដឹកជញ្ជូនទៅលំហរអាកាស។ យន្តហោះនោះមានឈ្មោះថា ថឹងហ្វ័យមួយ ដែលរចនាឡើង ដើម្បីឱ្យហោះហើរដូចជាយន្តហោះ នៅឯព្រលានយន្តហោះទូទៅដែរ ដើម្បីដឹកជញ្ជូនមនុស្ស និងទំនិញ ទៅក្រៅផែនដី។
អ្នកនាង ចូវ ហុង ប្រធានរដ្ឋបាលអវកាសពាណិជ្ជ នៃវិទ្យាស្ថានស្រាវជ្រាវទីបី នៃក្រុមហ៊ុនវិទ្យាសាស្ត្រអវកាស និងឧស្សាហកម្មចិន បាននិយាយថា «ថាមពលដែលរួមបញ្ចូលគ្នា គឺជាបច្ចេកវិទ្យាគន្លឹះរបស់យានអវកាសប្រភេទនេះ ទៅថ្ងៃមុខ។ យើងបានបញ្ចប់ការហោះហើរសាកល្បងនូវយន្តហោះ ថឹងហ្វ័យមួយ ហើយវាគឺជាការធ្វើតេស្តលើកដំបូងហើយ ដែលយើងធ្វើនៅក្នុងប្រទេសចិន ដែលបានទទួលជោគជ័យ លើការបំឡែងម៉ូដនៃល្បាយថាមពល។ ជោគជ័យនេះ ដើរតួនាទីដ៏សំខាន់ ក្នុងការអភិវឌ្ឍទៅថ្ងៃមុខ នៃល្បាយថាមពលសម្រាប់យានអវកាស»។
នៅពេលដែលយានអវកាស ត្រូវបានបង្កើតឡើងរួចរាល់ហើយ គេអាចប្រើវាសម្រាប់ដឹកភ្ញៀវទេសចរទៅក្រៅភព សម្រាប់ដឹកជញ្ជូនអ្នកអវកាស សម្រាប់បាញ់ផ្កាយរណបទៅក្រៅផែនដី និងសម្រាប់ផ្តល់សេវាសង្គ្រោះបន្ទាន់ នៅក្រៅផែនដីផងដែរ។
ការអភិវឌ្ឍផ្សេងៗទៀត រួមមានដូចជា ប្រព័ន្ធអ៊ីនធើណេតប្រចាំអវកាស ដែលមានឈ្មោះថា ហុងយុន ដែលមានផ្កាយរណបតូចៗចំនួន១៥៦គ្រឿង ដែលអាចផ្តល់សេវាអ៊ីនធើណេត ទៅគ្រប់ទីកន្លែង ទូទាំងពិភពលោក។
លោក ចូវ គ័ងប៉ាវ អ្នកគ្រប់គ្រងទូទៅ នៅអគ្គនាយកដ្ឋានវិស្វកម្មអវកាស នៃវិទ្យាស្ថានស្រាវជ្រាវទីពីរ នៃក្រុមហ៊ុនវិទ្យាសាស្ត្រអវកាស និងឧស្សាហកម្មចិន និយាយថា «យើងអាចបង្កើតឧបករណ៍ ទទួលទិន្នន័យពីផ្កាយរណបមួយដែលនៅនឹងកន្លែង ដែលអាចដើរតួជាឧបករណ៍ WiFi បាន។ ដូច្នេះ គេអាចភ្ជាប់អ៊ីនធើណេតពីផ្កាយរណប បានយ៉ាងងាយស្រួល តាមទូរស័ព្ទដៃ។ យើងក៏អាចបង្កើតឧបករណ៍ទទួលទិន្នន័យ ពីផ្កាយរណបដែលអាចផ្លាស់ទីបានដែរ សម្រាប់ដំឡើងនៅលើយន្តហោះ កប៉ាល់ រថភ្លើងល្បឿនលឿនកោះ និងកន្លែងផ្សេងទៀត ដើម្បីឱ្យការផ្តល់សេវាអ៊ីនធើណេត ដែលរហ័សទាន់ចិត្ត អាចក្លាយជាការពិតបាន»។
កំណើននៃតម្រូវការបច្ចេកវិទ្យាអវកាស សម្រាប់ការងារទូរគមនាគមន៍ ការងារត្រួសត្រាយផ្លូវ ឧតុនិយម និងការងារផ្សេងទៀត ក៏កំពុងជំរុញដល់ការបង្កើតទីផ្សារអវកាសពាណិជ្ជផងដែរ។
លោក ចាង ទិ អនុប្រធាន វិទ្យាស្ថានស្រាវជ្រាវទីបួន ក្រុមហ៊ុនវិទ្យាសាស្ត្រអវកាសនិងឧស្សាហកម្មចិន និយាយថា «ក្រោយពីយើងបានបញ្ចប់ការហោះហើរលើកដំបូងនៃរ៉ុកកែត ខៀវចូវ កាលពីឆ្នាំមុនមក យើងបានទទួលការកុម្ម៉ង់ទិញចំនួន៨ហើយ បើគិតមកដល់បច្ចុប្បន្ន ហើយក៏នៅមានគេចាប់អារម្មណ៍ចង់ទិញ ជាង១០ទៀតដែរ។ សមត្ថភាពផលិតរបស់យើង នៅឆ្នាំក្រោយ នឹងអាចផលិតរ៉ុកកែត ខៀវចូវ បាន២០គ្រឿង នៅក្នុង១ឆ្នាំ។ ក្រោយពេលដែលយើងបញ្ចប់ការសាងសង់រោងចក្រ ដំណាក់កាលទី២និងទី៣រួច យើងនឹងអាចផលិតរ៉ុកកែតនេះ បាន៥០គ្រឿងក្នុង១ឆ្នាំ»។
ប្រទេសចិន ក៏កំពុងជំរុញឱ្យវិស័យអវកាសពាណិជ្ជ រីកចម្រើនក្លាយទៅជាឧស្សាហកម្មមួយតែម្តង។
លោក ហូវ សៀវហ្វឹង អ្នកនាំពាក្យ ក្រុមហ៊ុនវិទ្យាសាស្ត្រអវកាសនិងឧស្សាហកម្មចិន និយាយថា «ទីផ្សារវិស័យអវកាស នឹងក្លាយជាទីផ្សារដែលរកចំនូលបានរាប់លានៗដុល្លារ ដូចជាទីផ្សារផ្នែកស្រាវជ្រាវចក្រវាឡ ផ្នែកជីកអាចម៍ផ្កាយ ផ្នែកផលិតនៅក្រៅភព និងផ្នែកទេសចរទៅក្រៅផែនដីជាដើម។ ការអភិវឌ្ឍទៅថ្ងៃមុខ នៃឧស្សាហកម្មនេះ នឹងនាំឱ្យមនុស្សលោក កាន់តែមានជីវភាពធូរធាជាងសព្វថ្ងៃឆ្ងាយណាស់»។
ពីចន្លោះឆ្នាំ២០១២ដល់២០១៧ ឧស្សាហកម្មអវកាសក្នុងពិភពលោក ផលិតសម្ភារៈបានក្នុងតម្លៃសរុប៣៨៣,៥០០លានដុល្លារអាមេរិក កើនឡើង៣៤.២ភាគរយ ដោយកើនឡើងពីចំនួន២៨៥,៧០០លានដុល្លារអាមេរិក៕ (សារព័ត៌មាន CCTV របស់ចិន)