(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា លោក ស៊ីនហ្សូ អាបេ នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន នឹងអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ នៅកម្ពុជា តាមពេលវេលាសមស្របណាមួយ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨នេះ។
សេចក្តីប្រកាសព័ត៌មានដដែលបញ្ជាក់ថា នៅមុនពេលចាប់ផ្តើមកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុន លើកទី១០ សម្តេចតេជោនាយករដ្ឋមន្រ្តី បានជួបពិភាក្សាទ្វេភាគីជាមួយលោក ស៊ីនហ្សូ អាបេ ដែលនៅក្នុងឱកាសនោះ នាយករដ្ឋមន្រ្តីទាំងពីរ បានធ្វើការកត់សំគាល់ដោយពេញចិត្តយ៉ាងខ្លាំង នូវវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ជាពិសេស បន្ទាប់ពីប្រទេសទាំងពីរ បានលើកកម្ពស់កិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរទៅដល់កម្រិតភាពជាដៃគូយុទ្ធសាស្រ្តនៅឆ្នាំ២០១៣។
សម្តេចតេជោនាយករដ្ឋមន្រ្តី បានអញ្ជើញលោក ស៊ីនហ្សូ អាបេ មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។ ជាការឆ្លើយតប លោកនាយករដ្ឋមន្រ្តី ស៊ីនហ្សូ អាបេ បានទទួលយកការអញ្ជើញនេះ ដោយក្តីរីករាយ និងជម្រាបជូនថា លោកនឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា តាមពេលវេលាសមស្រប៕