(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញចាកចេញពីប្រទេសជប៉ុន ឆ្ពោះទៅកាន់ប្រទេសឥណ្ឌូនេស៊ី ដើម្បីចូលរួមជំនួបប្រជុំថ្នាក់ដឹកនាំអាស៊ាន ចាប់ពីថ្ងៃទី១០-១២ ខែតុលា ឆ្នាំ២០១៨ នៅកោះបាលី តបតាមការអញ្ជើញរបស់លោក ចូកូ វីដូដូ ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ី។ នេះបើតាមការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន តាមរយៈFacebook ផ្លូវការរបស់សម្តេច។
នៅក្នុងកិច្ចជំនួបថ្នាក់ដឹកនាំអាស៊ាននេះ នឹងប្រព្រឹត្តទៅក្រោមមូលបទ «ការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយ ចីរភាព និងភាពជោគជ័យក្នុងការកាត់បន្ថយគម្លាត នៃការអភិវឌ្ឍតាមរយៈសកម្មភាពកិច្ចសហប្រតិបត្តិការតំបន់ និងសកលលោក» ស្របជាមួយនឹងកិច្ចប្រជុំពេញអង្គប្រចាំឆ្នាំ របស់ក្រុមប្រឹក្សាអភិបាលនៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារពិភពលោក (World Bank) ឆ្នាំ២០១៨។
សម្តេចតេជោ ហ៊ុន សែន ត្រូវអមដំណើរដោយ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកទេសរដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម សមាជិកជាន់ខ្ពស់នៃរាជរដ្ឋាភិបាល ព្រមទាំងថ្នាក់ដឹកនាំធុរកិច្ចនៃសភាពាណិជ្ជកម្មកម្ពុជាផងដែរ។ នេះបើមានសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។
ក្នុងឱកាសនៃកម្មវិធីជំនួបថ្នាក់ដឹកនាំអាស៊ាននោះដែរ សម្តេចតេជោ ហ៊ុន សែន នឹងថ្លែងសុន្ទរកថាគន្លឹះ ស្តីពីភាពរឹងមាំនៃសេដ្ឋកិច្ចអាស៊ាន ទីផ្សារដ៏មានសក្តានុពល បដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ ការកសាងសហគមន៍សេដ្ឋកិច្ចអាស៊ាន និងគោលដៅអភិវឌ្ឍន៍សហស្សវត្ស។
ថ្នាក់ដឹកនាំអាស៊ាននឹងប្រើប្រាស់ឱកាសនេះ ដើម្បីផ្លាស់ប្តូរទស្សនៈ និងបង្កើនទំនាក់ទំនងថែមទៀត ជាមួយអគ្គនាយកមូលនិធិរូបិយវត្ថុអន្តរជាតិ ប្រធានធនាគារពិភពលោក និងអគ្គលេខាធិការអង្គការសហប្រជាជាតិ ក្នុងការបង្កើតឡើងនូវកំលាំងសរុបរវាងកិច្ចប្រឹងប្រែងថ្នាក់ជាតិ អាស៊ាន និងស្ថាប័នហិរញ្ញវត្ថុសកល ដើម្បីដោះស្រាយបញ្ហាសំខាន់ៗ ទាក់ទងដល់ការពង្រឹងស្ថិរភាពហិរញ្ញវត្ថុនៅក្នុងតំបន់ និងការបង្កើនល្បឿនការអភិវឌ្ឍសេដ្ឋកិច្ច និងសមាហរណកម្មតំបន់៕