(ភ្នំពេញ)៖ លោកឧកញ៉ា ឡាច សំរោង សាកលវិទ្យាធិការនៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា នាយប់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៨នេះ បានដឹកនាំនិស្សិតឥស្សរជនចំនួន ១២រូបទៅទស្សនកិច្ចសិក្សានៅសាកលវិទ្យាល័យជីណាន ស្ថិតនៅក្នុងក្រុងក្វាងចូវ ខេត្តក្វាងទុង នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ និងឈ្វែងយល់ពីការសិក្សាកម្រិតក្រោយឧត្តមសិក្សា។
ថ្លែងពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ លោកឧកញ៉ា ឡាច សំរោង បានថ្លែងអំណរគុណដល់សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន និងសមាគមអតីតនិស្សិតសាកលវិទ្យាល័យជីណាន ដែលបានសហការយ៉ាងល្អប្រសើរជាមួយសាកលវិទ្យាល័យឥន្ទ្រវិជ្ជា ក្នុងការរៀបចំនូវទស្សនកិច្ចសិក្សានេះ ដើម្បីផ្សារភ្ជាប់នឹងទ្រឹស្តីពីឥស្សរជន និងនិស្សិតមួយចំនួនដែលបានសិក្សាកន្លងមក។
លោកឧកញ៉ាបានបញ្ជាក់ថា ទស្សនកិច្ចនេះមានគោលបំណងសំខាន់ចំនួន៤ រួមមាន៖
ទី១៖ ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការលើកកម្ពស់គុណភាពធនធានមនុស្សនៅកម្ពុជា។
ទី២៖ ចូលរួមអបអរសាទរខួប៦០ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា និងចិន ដើម្បីផ្សារភ្ជាប់កាន់តែជិតស្និទ្ធនៃដួងចិត្តរបស់ប្រជាជាតិទាំងពីរ។
ទី៣៖ បង្កើនប្រសិទ្ធភាពនៃការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតរបស់និស្សិតឥស្សរជន។
ទី៤៖ បន្តកិច្ចសហការដ៏រឹងមាំរវាងសាកលវិទ្យាល័យឥន្ទ្រវិជ្ជា និងសាកលវិទ្យាល័យជីណាន លើការបណ្តុះបណ្តាលជំនាញឯកទេសនៅកម្រិតឧត្តមសិក្សា និងក្រោយឧត្តមសិក្សាតាមស្តង់ដារអន្តរជាតិ។
លោកបន្តថា នេះជាលើកទី១ហើយ ដែលឥស្សរជន និងនិស្សិតរបស់សាកលវិទ្យាល័យឥន្ទ្រវិជ្ជា ទៅបំពេញទស្សនកិច្ចនៅប្រទេសចិន បន្ថែមពីលើនិស្សិតចំនួន២០រូបដែលបានទទួលអាហារូបករណ៍ទៅបន្តការសិក្សានៅប្រទេសចិន សម្រាប់ឆ្នាំសិក្សា២០១៨-២០២២៕