(បាត់ដំបង)៖ ជនសង្ស័យជាមុខសញ្ញាលូកកាបូបលួចលុយគេចំនួន ៤នាក់ នៅក្នុងសាលាឆាន់វត្តភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ត្រូវប្រជាពលរដ្ឋចាប់បាន និងប្រគល់ជូនសមត្ថកិច្ចបញ្ជូនមកស្នងការខេត្ត ដើម្បីចាត់ការបន្តតាមច្បាប់។
លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងនគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា ក្រុមអន្តរាគមន៍បង្ការ បង្ក្រាប នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដឹកនាំដោយលោក ឈឿង គឹមសុង នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានចុះបង្ក្រាបតាមបណ្តឹងរបស់ជនរងគ្រោះពីករណីលួច នាថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៨ នៅក្នុងសាលាឆាន់វត្តភ្នំសំពៅ។
លោកបានបញ្ជាក់ថា ក្រោយទទួលបណ្តឹងពីជនរងគ្រោះហើយ សមត្ថកិច្ចបានចុះឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ភ្លាមៗ ក្នុងនោះឃាត់ខ្លួនបានជនសង្ស័យមានឈ្មោះ ផល អ៉ីម ភេទស្រី, ឈ្មោះ ហង្ស ណារី ភេទស្រី, ឈ្មោះ ពេជ្រ សុភ័ក្រ្ត និងឈ្មោះ ផល ផា។
ចំណែកជនរងគ្រោះមានឈ្មោះ ចេង ប៊ុនរ៉ានី ភេទស្រី អាយុ៣១ឆ្នាំ នៅភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង រីឯសម្ភារៈដែលបាត់បង់នោះ គឺលុយជាង ១,០០០ដុល្លារ។
បច្ចុប្បន្ន ជនសង្ស័យទាំង៤នាក់ ត្រូវបានក្រុមអន្តរាគមន៍បង្ការ បង្ក្រាប ប្រគល់ឲ្យទៅការិយាល័យជំនាញ ដើម្បីចាត់ការតាមនីតិវិធី៕