នាយឧត្តមសេនីយ៍ សៅ សុខា និងអាវុធហត្ថទូទាំងប្រទេស ប្រកាសគាំទ្រជំហរម៉ឺងមាត់របស់សម្តេចតេជោ ក្នុងកិច្ចការរពារអធិបតេយ្យជាតិ និងសន្តិភាព, ត្រៀមពលិកម្មគ្រប់បែបយ៉ាងអនុវត្តតាមបញ្ជា
09-10-2018 20:19
(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមប្រកាសគាំទ្រពេញទំហឹងចំពោះជំហរម៉ឺងម៉ាត់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការការពារអធិបតេយ្យជាតិ ឯករាជ្យជាតិ និងសន្តិភាព ដោយមិនចុះញមជាមួយបរទេសព្រោះតែជំនួយ ឬការគំរាមសម្លុតណាមួយនោះ។
តាមលិខិតគាំទ្ររបស់នាយឧត្តមសេនីយ៍ សៅ សុខា ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៩ ខែតុលានេះ ក៏បានប្រកាសច្រានចោលចំពោះគោលជំហររបស់បុគ្គលមួយចំនួន ដែលមាននិន្នាការផ្ទុយ ដែលព្រមឱនក្បាលរណបជាមួយបរទេស ដើម្បីជំនួយជាលេសលូកដៃកកូរកកាយ ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា ដែលជារដ្ឋអធិបតេយ្យផងដែរ។
នាយឧត្តមសេនីយ៍ សៅ សុខា និងកងរាជអាវុធហត្ថទូទាំងប្រទេស សូមទទួលយកនូវឧបសគ្គ និងរាល់ការលំបាក តែដាច់ខាតមិនឲ្យបាត់បង់ឯករាជ្យ បូរណភាព អធិបតេយ្យជាតិ និងសន្ដិភាព ដោយសារតែជំនួយនោះឡើយ និងត្រៀមខ្លួនធ្វើពលីកម្មគ្រប់បែបយ៉ាងអនុវត្តដាច់ខាតនូវបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលគ្រប់កាលៈទេសៈ៕