(រតនគិរី)៖ ក្នុងឱកាសឆ្លងពិធីបុណ្យភ្ជុំបិណ្ឌ នាថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៨នេះ អ្នកតំណាងរាស្ត្រមណ្ឌលរតនគិរី លោក ប៊ូ ឡាំ និងលោកស្រី បានដឹកនាំមន្ត្រីរាជការមួយចំនួន នាំយកគ្រឿងឧបភោគ-បរិភោគ ចែកជូនពិរុទ្ធជន និងពិនិត្យសុខភាពពួកគេក្នុងពន្ធនាគារភ្នំស្វាយ ជាមួយនឹងការនិមន្តព្រះសង្ឃជយន្តោប្រោសព្រំសុំសេចក្តីសុខ។
លោក អ៊ុក គឹមជន់ ប្រធានពន្ធនាគារភ្នំស្វាយ ខេត្តរតនគិរី បានប្រាប់ភ្នាក់ងារ Fresh News ថា ជារៀងរាល់ឆ្នាំនៅរដូវភ្ជុំបិណ្ឌ លោកតំណាងរាស្ត្រ ប៊ូ ឡាំ តែងតែឈ្លៀតពេលដ៏មានតម្លៃរបស់លោក ដឹកនាំមន្ត្រីរាជការមួយចំនួនមកសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគ-បរិភោគ មកចែកជូនពួកគេជានិច្ច។
លោកប្រធានពន្ធនាគារបានបន្តថា ពិរុទ្ធជនក្នុងពន្ធនាគារភ្នំស្វាយមានចំនួន ៤៥៥នាក់ ក្នុងនោះស្រី ៣៦នាក់។ លោកថា ពិរុទ្ធជនចំនួន ២៥នាក់ ស្នើសុំព្រះរាជទានលើកលែងទោសពីព្រះមហាក្សត្រ ក្នុងឱកាសពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបណ្ដែតប្រទីប នាពេលខាងមុខផងដែរ៕